
ក្រុងសៀមរាប៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) បានរៀបចំកិច្ចប្រជុំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ កិច្ចពិភាក្សា ផ្តោតសំខាន់លើការពិភាក្សាបច្ចេកទេសពាក់ព័ន្ធនឹងការជួសជុល ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់បេតិកភណ្ឌពិភពលោកសំខាន់ៗរបស់កម្ពុជា...។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា កិច្ចប្រជុំបច្ចេកទេសលើកទី៤២ ដឹកនាំដោយសហប្រធានពីភាគីជប៉ុន លោក ណាហ្កាស៊ី កេនស៊ូកិ (NAGASE Kensuke) អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំកម្ពុជា និងភាគីបារាំង លោក ព្យែរ៉េ វីនសេន (Pierre VINCENT) ទទួលបន្ទុកបេសកកម្ម និងវប្បធម៌នៃស្ថានទូតបារាំងប្រចាំកម្ពុជា។ ពិធីបើកកិច្ចប្រជុំមានវត្តមាន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា រួមទាំងអ្នកជំនាញជាតិ-អន្តរជាតិ ដើម្បីពិនិត្យរបាយការណ៍អភិរក្ស និងដំណើរការជួសជុលប្រាសាទបុរាណ ព្រមទាំងផ្តល់អនុសាសន៍បច្ចេកទេសបន្ថែម។ ក្រៅពីនេះ កិច្ចប្រជុំ ក៏ផ្តោតលើការអភិរក្សថ្មប្រាសាទ ការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋាន ការគ្រប់គ្រងបរិស្ថាន និងព្រៃឈើប្រកបដោយនិរន្តរភាព ព្រមទាំងការបន្តគាំទ្រការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យអភិរក្ស និងបច្ចេកទេសផ្សេងៗ៕






