
រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវឱ្យនិស្សិតដែលមានចំណាប់អារម្មណ៍ ហើយមិនទាន់បានចុះឈ្មោះដាក់ពាក្យប្រឡងយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស សូមរួសរាន់ចុះឈ្មោះ…។

ក្រសួងប្រៃសណីយ៍ បានឱ្យដឹងនៅថ្ងៃទី១០មិថុនានេះថា នៅសល់ពេល១ថ្ងៃទៀតប៉ុណ្ណោះ កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន២៥នាក់ ទៅសិក្សានៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នឹងត្រូវផុតកំណត់ហើយ។ ដូច្នេះ បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ ហើយមិនទាន់ចុះឈ្មោះដាក់ពាក្យប្រឡង សូមបំពេញបែបបទពាក្យស្នើសុំតាមរយៈ QR Code ឬតាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/satellite នេះ។

ចំពោះលក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រផ្នែកមេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ វិស្វកម្មសុស្វវែ ឬជំនាញពាក់ព័ន្ធ មានសមត្ថភាពភាសាអង់គ្លេស IELTS ចាប់ពី៥.៥ឡើងទៅ និងមានឯកសារចាំបាច់ដូចជា៖ ប្រតិបត្តិពិន្ទុ និងប្រវត្តិរូបសង្ខេប ព្រមទាំងមានសុខភាពល្អ។ និស្សិតដែលជាប់ជ័យលាភី នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ ការរ៉ាប់រងថ្លៃសិក្សា១០០ភាគរយ សំបុត្រយន្តហោះទៅ-មក ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ថ្លៃស្នាក់នៅ និងហូបចុក ការធានារ៉ាប់រងសុខភាព និងអាទិភាពក្នុងការជ្រើសរើសបម្រើការងារនៅក្រសួងប្រៃសណីយ៍ ឬក្រុមហ៊ុនបច្ចេកវិទ្យាបន្ទាប់ពីបញ្ចប់ការសិក្សា។ ក្រសួងប្រៃសណីយ៍ ឱ្យដឹងបន្តថា ការផ្ដល់អាហារូបករណ៍នេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធជំនាញផ្កាយរណប និងលំហអាកាស៕



