កម្ពុជា-ចក្រភពអង់គ្លេស បេ្តជ្ញារួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
S
Sreyleak Yith
មួយម៉ោងមុន

រដ្ឋធានីហាណូយ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី សេម៉ា ម៉ាហូត្រា អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស កាលពីថ្ងៃទី៩មិថុនា បានជួបពិភាក្សាគ្នាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ រវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន…។

ជំនួបពិភាក្សានេះ ក្នុងឱកាសសម្តេចធិបតី និងលោកស្រី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកិច្ចសហការជាមួយបណ្តាប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា វិធានការនេះ នឹងត្រូវបន្តអនុវត្តជាប្រចាំ រហូតដល់មានការបោសសម្អាតក្រុមឧក្រិដ្ឋជនអស់ពីកម្ពុជា។ សម្ដេចធិបតី ក៏បានកោតសរសើរចំពោះការរួមចំណែក ដ៏មានតម្លៃរបស់ចក្រភពអង់គ្លេស ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាមួយគ្នា លោកស្រីអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបោសសម្អាតក្រុមឧក្រិដ្ឋជន។ លោកស្រីសម្ដែងនូវការពេញចិត្តចំពោះ ភាពជាដៃគូដ៏ជិតស្និទ្ធរវាងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ របស់ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេស ក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការចូលរួមចំណែកក្នុងការទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើនពីចក្រភពអង់គ្លេស មកកាន់កម្ពុជា។​បន្ថែមពីនេះ លោកស្រីអនុរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការធ្វើពិពិធកម្មទំនាក់ទំនងរបស់​អង់គ្លេស​ តាមរយៈការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពង្រីកការតភ្ជាប់ ចែករំលែកបទពិសោធល្អៗរបស់ចក្រភពអង់គ្លេស ជាមួយប្រទេស​នៅក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត