
រាជធានីភ្នំពេញ៖ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្ដល់ទិន្នន័យ និងព័ត៌មានជាក់លាក់អំពីស្ថានភាពអ៊ីនធើណេតរបស់អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យដំណើរការកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធើណេត “MPTC Speed Test” នាថ្ងៃទី១៧ កុម្ភៈ ២០២២។

បើតាមក្រសួងប្រៃយណីយ៍ កម្មវិធី MPTC Speed Test នេះបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធើណេតប្រចាំថ្ងៃ។ ក្នុងករណីលទ្ធផលបង្ហាញថា គុណភាពសេវាអ៊ីនធើណេតមានភាពមិនប្រក្រតី ឬមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចយកលទ្ធផលនោះ ជាភស្តុតាង សម្រាប់រាយការណ៍មកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីម៉ែល qos@trc.gov.kh ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។ សាធារណជនអាចទាញយកកម្មវិធីនេះមកប្រើប្រាស់ដោយឥតគិតថ្លៃ ដោយវាយពាក្យ«MPTC Speed Test» លើ App Store និង Play Store៕



