
រាជធានីភ្នំពេញ៖ ក្នុង«ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមនៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល» លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានជំរុញលើកទឹកចិត្តដល់សហគ្រិនសូមនាំគ្នាទាញយកប្រយោជន៍ ពីបច្ចេកវិទ្យាឌីជីថលឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការឱ្យដឹងពីក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី៤មីនា ឆ្នាំ២០២៦...។

លោក ជា វ៉ាន់ដេត បានថ្លែងនៅចំពោះមុខសហគ្រិនជាសិក្ខាកាមជាង៤០០នាក់ មកពីជិត២៥០សហគ្រាស ថា សហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលកំពុងអភិវឌ្ឍខ្លួនយ៉ាងស្វាហាប់ ក្នុងការជំរុញផលិតផលក្នុងស្រុក ជំនួសឱ្យការនាំចូល។ ដូច្នេះ ពេលនេះសហគ្រិនត្រូវទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពផលិតកម្ម ដែលជាផ្នែកសំខាន់នៃការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ ប្រកបដោយបរិយាបន្ន។ ចំពោះការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ក្រសួងប្រៃសណីយ៍នៅតែបន្តជំរុញ និងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់អាជីវកម្មក្នុងស្រុក តាមរយៈគម្រោង ថ្នាលសម្រាប់ប្រតិបត្តិការអាជីវកម្ម។

លោករដ្ឋមន្រ្តីអះអាងថា ក្រសួងនឹងជំរុញការអភិវឌ្ឍជំនាញតាមរយៈការបណ្ដុះបណ្ដាលដោយវាគ្មិនក្នុងស្រុក និងវាគ្មិនល្បីៗមកពីក្រៅប្រទេស ជាពិសេសបញ្ចូលចំណេះដឹងស្ដីពីបញ្ញាសិប្បនិម្មិត (AI) និងរៀបចំសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center) ដើម្បីផ្តល់ជាទីកន្លែងធ្វើការរួម, បន្ទប់បណ្ដុះបណ្ដាល និងបណ្តាញទំនាក់ទំនងសម្រាប់សហគ្រិន។ លោក ជា វ៉ាន់ដេត ក៏បានលើកទឹកចិត្តដល់ធុរកិច្ចជន និងសហគ្រិនទាំងអស់ ក្នុងការរកឱកាសពង្រីកអាជីវកម្មតាមរយ: «សួនឌីជីថលកម្ពុជា» ដែលជាការបោះជំហានដ៏សំខាន់ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់បំប្លែងអាជីវកម្មបែបប្រពៃណីឱ្យទៅជាអាជីវកម្មវៃឆ្លាត ដើម្បីរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕







