
រដ្ឋធានីហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បានអះអាងថ្ងៃចន្ទទី១៨ ខែឧសភានេះថា ប្រទេសដែលធំជាងគេស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងបន្តកសាង និងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា ខណៈរដ្ឋាភិបាលបានប្រគល់គ្រឿងយុទ្ធោបករណ៍ជាច្រើន រួមទាំងយន្តហោះចម្បាំងប្រភេទ Rafale ផលិតដោយប្រទេសបារាំងចំនួន៦គ្រឿង ទៅឱ្យកងទ័ពបន្ថែមទៀត...។

បើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតី លោក ប្រាបូវ៉ូ បានត្រួតពិនិត្យមើលគ្រឿងបរិក្ខារការពារជាតិ ដែលទើបនឹងទទួលបានថ្មីៗ រួមមាន៖ យន្តហោះប្រភេទ Dassault Falcon 8x ចំនួន៤គ្រឿង និងយន្តហោះដឹកជញ្ជូនប្រភេទ Airbus A400M Atlas ចំនួន១គ្រឿង។ លោក ប្រាបូវ៉ូ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«យើងត្រូវតែបន្តកែលម្អសមត្ថភាពការពារជាតិរបស់យើង ដើម្បីទប់ស្កាត់ [ការគំរាមកំហែង]។ យើងគ្មានផលប្រយោជន៍អ្វីផ្សេង ក្រៅពីការការពារទឹកដីរបស់យើងនោះទេ»។ លោកបន្ថែមថា៖«យើងសង្កេតឃើញថា ស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ហើយយើងទទួលស្គាល់ថា វិស័យការពារជាតិ គឺជាលក្ខខណ្ឌចម្បងសម្រាប់ស្ថិរភាព»។ គួររំលឹកថា រដ្ឋធានីហ្សាការតា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៨,១ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោក ប្រាបូវ៉ូ ដែលកាលនោះលោកនៅជាលោករដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីបញ្ជាទិញយន្តហោះចម្បាំង Rafale របស់បារាំងសរុបចំនួន៤២គ្រឿង។

ជាមួយគ្នានេះ លោក រីកូ រីកាដូ ស៊ីរ៉េត (Rico Ricardo Sirait) អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ឥណ្ឌូណេស៊ី បានទទួលយន្តហោះចម្បាំង Rafale ជើងដំបូងចំនួន៣គ្រឿងរួចរាល់ហើយ កាលពីខែមករា ហើយឥឡូវនេះ ទទួលបាន៣គ្រឿងបន្ថែមទៀតសម្រាប់កងទ័ព។ លោកបានបន្តថា យន្តហោះចម្បាំងទាំងនេះ នឹងជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ឥណ្ឌូណេស៊ី ហើយការធ្វើទំនើបកម្មគ្រឿងយុទ្ធោបករណ៍ការពារជាតិ ក៏ជាការវិនិយោគដើម្បីការពារអធិបតេយ្យភាពជាតិផងដែរ។

លោកបានសង្កត់ធ្ងន់ថា៖«រដ្ឋាភិបាលយល់ឃើញថា ការពង្រឹងគ្រឿងបរិក្ខារការពារជាតិ មិនមែនគ្រាន់តែជាការទិញយកយន្តហោះចម្បាំងនោះទេ ប៉ុន្តែវាគឺជាការវិនិយោគជាយុទ្ធសាស្ត្រក្នុងគោលបំណងការពារអធិបតេយ្យភាព កិត្តិយសជាតិ និងការត្រៀមខ្លួនជាស្រេចសម្រាប់ការពារជាតិ»។ គេនៅចាំបានថា កាលពីខែមុន លោក ប្រាបូវ៉ូ ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ផងដែរ ដោយមេដឹកនាំទាំង២ បានជជែកគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រួមទាំងតាមរយៈលទ្ធកម្មគ្រឿងបរិក្ខារការពារជាតិ និងការងាកមកពង្រឹងឧស្សាហកម្មការពារជាតិផងដែរ៕



