
រដ្ឋធានីហ្សាការតា៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើដងផ្លូវជាតិក្នុងខេត្តសូម៉ាត្រាខាងត្បូង នៃប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកប្រេង បណ្ដាលឱ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់១៦នាក់បានបាត់បង់ជីវិតក្នុងអណ្ដាតភ្លើង និង៤នាក់ទៀតបានរងរបួសធ្ងន់ស្រាល។

ជនរងគ្រោះដែលស្លាប់ រួមមាន អ្នកបើករថយន្តក្រុង អ្នកបើករថយន្តដឹកប្រេង និងជំនួយការ ហើយក្រៅពីនេះ គឺជាអ្នកដំណើរ។ ពួកគេ ត្រូវភ្លើងឆេះខ្លោចនៅក្នុងរថយន្ត ដោយសារចេញមិនទាន់។ តាមការស៊ើបអង្កេតបឋមរបស់មន្ត្រីជំនាញ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តក្រុងដែលកំពុងធ្វើដំណើរបោះពួយទៅកាន់ទីក្រុង Jambi (ចាំប៊ី) ហាក់ដូចជាមានបញ្ហាបច្ចេកទេសដោយមានអណ្តាតភ្លើងចេញពីម៉ាស៊ីន។ ភ្លាមៗនោះ អ្នកបើកបរបានព្យាយាមបត់គេចទៅខាងស្ដាំដៃ ដើម្បីបង្ការគ្រោះថ្នាក់ធំ ប៉ុន្តែជាអកុសល មានរថយន្តដឹកប្រេងមួយគ្រឿងកំពុងបើកក្នុងល្បឿនលឿនមកពីទិសដៅផ្ទុយគ្នា ក៏បុកគ្នាពេញទំហឹង បង្កជាអគ្គិភ័យឆាបឆេះឡើងភ្លាមៗតែម្ដង។ កម្លាំងសង្គ្រោះ និងពន្លត់អគ្គិភ័យបានចំណាយពេលយ៉ាងយូរដើម្បីគ្រប់គ្រងស្ថានការណ៍ និងទាញសាកសពដែលជាប់គាំងនៅក្នុងគំនរចេញមកក្រៅ។

បច្ចុប្បន្ន អ្នករស់រានមានជីវិតទាំង៤នាក់ កំពុងត្រូវបានជួយសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលអាជ្ញាធរកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះបន្ថែមទៀត។ គួររំលឹកផងដែរថា គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ តែងតែកើតមានជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារតែសុវត្ថិភាពនៃការបើកបរនៅមានកម្រិត និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់ល្អប្រសើរ។ កាលពីសប្តាហ៍មុន សោកនាដកម្មស្រដៀងគ្នានេះក៏បានកើតឡើង ដោយរថភ្លើងបុកគ្នា នៅក្បែររដ្ឋធានីហ្សាការតា បណ្ដាលឱ្យមនុស្ស១៦នាក់ស្លាប់បាត់បង់ជីវិត៕




