ឥណ្ឌូណេស៊ី-ជប៉ុន ចាប់ដៃគ្នាពង្រឹងខែលការពារជាតិ ក្រោយរាជធានីតូក្យូបើកចំហទីផ្សារអាវុធ
ហៀប ស៊ីថេត
04 ឧសភា 2026 03:34 PM

រដ្ឋធានីហ្សាការតា៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូណេស៊ី និងជប៉ុន បានជួបចាប់ដៃគ្នានៅរដ្ឋធានីហ្សាការតា នៅថ្ងៃចន្ទទី៤ ខែឧសភា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ក្នុងបំណងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ចំពេលពិភពលោកបច្ចុប្បន្នស្ថិតក្នុងភាពមិនប្រាកដប្រជា។

លោក ស្យាហ្វ្រី ស្យាមស៊ូឌីន (ឆ្វេង) និងលោក ស៊ីនជីរ៉ូ កូអ៊ីហ្សូមី
លោក ស្យាហ្វ្រី ស្យាមស៊ូឌីន (ឆ្វេង) និងលោក ស៊ីនជីរ៉ូ កូអ៊ីហ្សូមី

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ស្យាហ្វ្រី ស្យាមស៊ូឌីន (Sjafrie Sjamsoeddin) បានលើកឡើងថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្សូមី (Shinjiro Koizumi)។ ក្រសួងការពារជាតិជប៉ុន បានអះអាងថា លោក កូអ៊ីហ្សូមី មានបំណងពង្រឹងការផ្លាស់ប្ដូរក្នុងវិស័យបរិក្ខារការពារជាតិ និងបច្ចេកវិទ្យាយោធា។ គេនៅចាំបានថា កាលពីខែមុន រាជធានីតូក្យូ បានសម្រាលការរឹតត្បិតលើការនាំចេញអាវុធ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនអាចលក់អាវុធទៅឱ្យប្រទេសចំនួន១៧ ដែលមានកិច្ចព្រមព្រៀងការពារជាតិជាមួយជប៉ុន ក្នុងនោះរួមមានឥណ្ឌូណេស៊ីផងដែរ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បាននិងកំពុងជំរុញឱ្យមានការធ្វើទំនើបកម្មបរិក្ខាសឹកយោធាដ៏ចំណាស់របស់ប្រទេស ចាប់តាំងពីលោកកាន់អំណាចក្នុងឆ្នាំ២០២៤។ ទោះបីជាឥណ្ឌូណេស៊ីប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសសេរី និងសកម្ម (មិនចូលបក្សសម្ព័ន្ធ)ក៏ដោយ ក៏កាលពីឆ្នាំមុន រដ្ឋធានីហ្សាការតាបានចូលរួមក្នុងក្រុមប្រ៊ីក(BRICS) ដែលមានរុស្ស៊ី និងចិនជាសមាជិក។ លោក ប្រាបូវ៉ូ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងបានចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព (ឬBoard of Peace) របស់លោក ត្រាំ ផងដែរ។ សូមជម្រាបថា ឥណ្ឌូណេស៊ីមានទីតាំងយុទ្ធសាស្ត្រស្ថិតនៅច្រកសមុទ្ទម៉ាឡាកា ដែលជាផ្លូវទឹកដ៏មមាញឹកបំផុតរបស់ពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង។ គួរបញ្ជាក់ថា បរិមាណប្រេងដ៏ច្រើនលើសលប់ដែលឆ្ពោះទៅកាន់ប្រទេសចិន ត្រូវធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទដ៏រសើបមួយនេះ៕

លោក ប្រាបូវ៉ូ ស៊ូបៀនតូ
លោក ប្រាបូវ៉ូ ស៊ូបៀនតូ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត