នាគរាជចម្បាំងចិន ត្រៀមសម្ដែងឫទ្ធិលើមេឃប៉ាគីស្ថាន អាចនឹងធ្វើឱ្យខ្លាកំណាចឥណ្ឌាដេកបុកពោះ
ហៀប ស៊ីថេត
08 ឧសភា 2026 03:14 PM

រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ ដោយមានជំនួយយន្តហោះចម្បាំង និងមីស៊ីលរបស់ចិន ប៉ាគីស្ថាន បានប្រឹងប្រែងទប់ទល់នឹងការវាយលុកតាមអាកាសយ៉ាងសន្ធាប់ពីសំណាក់ខ្លាកំណាចឥណ្ឌាអស់១ឆ្នាំមកហើយ ហើយពេលនេះ ប៉ាគីស្ថាន បានបង្ហាញផែនការធ្វើទំនើបកម្មកងទ័ពជើងអាកាសខ្លួនឱ្យកាន់តែខ្លាំងក្លា តាមរយៈការបញ្ជាទិញពីចិនបន្ថែម នូវនាគរាជបំបាំងកាយលើមេឃ ឈ្មោះ Shenyang J-35 (សឹនយ៉ាង ជេ-៣៥)។ ជាមួយគ្នា ប៉ាគីស្ថាន ក៏ដំឡើងសមត្ថភាពទ្រង់ទ្រាយធំដល់នាគតូច JF-17 ដែលផលិតរួមគ្នាជាមួយចិនជាសម្ព័ន្ធមិត្តក្បែររបង។

កងទ័ពអាកាសប៉ាគីស្ថាន បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី៧ ខែឧសភាថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបឋមសម្រាប់ការទិញយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ Shenyang J-35។ យ៉ាងណា ពួកគេមិនបានទម្លាយព័ត៌មានលម្អិតអំពីវិសាលភាពនៃកិច្ចព្រមព្រៀងនេះនៅឡើយទេ។ នេះបង្ហាញថា ប៉ាគីស្ថានអាចនឹងទទួលបានយន្តហោះបំបាំង Shenyang J-35 ឈុតដំបូងនៅដំណាច់ឆ្នាំ២០២៦ បន្ទាប់ពីមានការផ្សាយវីដេអូដោយទូរទស្សន៍ CCTV អំពីយន្តហោះចម្បាំងប្រភេទនេះ កំពុងប្រតិបត្តិការក្នុងការនាំចេញជាលើកដំបូង។ ដូច្នេះ ប៉ាគីស្ថាន គឺជាគោលដៅច្បាស់លាស់បំផុត ក្នុងនាមជាម៉ូយដុំរបស់ចិន។

យោងតាមអ្នកវិភាគ ការនាំយកយន្តហោះចម្បាំងជំនាន់ទី៥របស់ចិនទៅប្រើប្រាស់ក្នុងជួរទ័ពអាកាសប៉ាគីស្ថាន នឹងធ្វើឱ្យអំណាចដែនអាកាសនៅអាស៊ីខាងត្បូងមានការផ្លាស់ប្ដូរ ខណៈបច្ចុប្បន្ន ឥណ្ឌាមានហ្វូងយន្តហោះចម្បាំងជំនាន់ទី៤.៥ យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលទិញពីបារាំងផង និងរុស្ស៊ីផង។ ទោះយ៉ាងណា ឥណ្ឌាកំពុងដើរយឺតជាងប៉ាគីស្ថាន ក្នុងការទទួលបានយន្តហោះចម្បាំងបំបាំងកាយ។ លើសពីនេះ នាគរាជចម្បាំងលើមេឃ J-35 ក៏នឹងជួយបង្កើនសមត្ថភាពរបស់ប៉ាគីស្ថានក្នុងការបង្ហាញឥទ្ធិពលយោធាទៅក្នុងតំបន់ឈូងសមុទ្ទពែក្សផងដែរ ចំពេលមានភាពតានតឹងខ្លាំងនៅមជ្ឈិមបូព៌ា ដោយសារមានការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ កាលពីខែមេសា ប៉ាគីស្ថានបានដាក់ពង្រាយកងយន្តហោះចម្បាំង រួមទាំងប្រភេទ JF-17 ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមសន្ធិសញ្ញាការពារជាតិរួមគ្នា ដែលបានចុះហត្ថលេខាកាលពីខែកញ្ញាឆ្នាំ២០២៥៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត