នឹកស្មានមិនដល់! ប៉ាគីស្ថាន ជួយសង្គ្រោះនាវាសត្រូវសួពូជឥណ្ឌា ក្នុងសមុទ្ទអារ៉ាប់
ហៀប ស៊ីថេត
06 ឧសភា 2026 02:50 PM

មជ្ឈិមបូព៌ា៖ កងទ័ពជើងទឹករបស់ប៉ាគីស្ថាន បានឆ្លើយតបទៅនឹងការហៅទូរសព្ទសុំជំនួយបន្ទាន់ពីនាវាឥណ្ឌាមួយគ្រឿង ដែលបានជាប់គាំងនៅក្នុងសមុទ្ទអារ៉ាប់ បន្ទាប់ពីជួបប្រទះបញ្ហាបច្ចេកទេសធ្ងន់ធ្ងរ ទន្ទឹមនឹងប្រទេសក្បែរខាងទាំង២ គឺជាសត្រូវសួពូជ ច្បាំងគ្នាស៊ីសាច់ហុតឈាមទៅវិញទៅមកអស់ជាច្រើនសតវត្សរ៍មកហើយ។ នេះបើយោងតាមការអះអាងរបស់យោធាប៉ាគីស្ថាន។

យោធាប៉ាគីស្ថាន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាដែលរងគ្រោះមានឈ្មោះថា អិមវី ហ្គោតាម (MV Gautam) ដែលមាននាវិកសរុបចំនួន៧នាក់ ដោយក្នុងនោះមាន ជនជាតិឥណ្ឌា៦នាក់ និងជនជាតិឥណ្ឌូណេស៊ីម្នាក់។ នាវានេះបានខូចម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលធ្វើដំណើរពីប្រទេសអូម៉ង់ ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា បណ្ដាលឱ្យនាវារសាត់អណ្តែតជាប់គាំងនៅកណ្តាលលម្ហសមុទ្ទគ្មានកោះគ្មានត្រើយ។

កងទ័ពជើងទឹកប៉ាគីស្ថាន បានបញ្ជូននាវាចម្បាំងមួយគ្រឿងឈ្មោះកាស្មៀ (Kashmir) ទៅកាន់ទីតាំងកើតហេតុភ្លាមៗ។ ក្រុមអ្នកសង្គ្រោះបានផ្តល់នូវស្បៀងអាហារ ការពិនិត្យព្យាបាលផ្នែកវេជ្ជសាស្ត្រ និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីគាំទ្រនាវា និងធានាសុវត្ថិភាពដល់នាវិកទាំងអស់។ គេនៅចាំបានថា កាលពីខែមុន កងទ័ពជើងទឹកប៉ាគីស្ថាន ក៏បានជួយសង្គ្រោះ និងជម្លៀសនាវិកចំនួន១៨នាក់ ចេញពីនាវាពាណិជ្ជកម្មមួយគ្រឿងទៀត ដែលបានជួបគ្រោះអាសន្ននៅតំបន់សមុទ្ទអារ៉ាប់ភាគខាងជើងផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត