
រាជធានីភ្នំពេញ៖ នៅទីបំផុត ក្រុមគោព្រៃជម្រើសជាតិបុរស-នារីកម្ពុជា ទាំងឈុតតូច ឈុតធំ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួនបានហើយ ដោយក្រុមគោព្រៃឈុតធំ ចំណាយពេលដល់ទៅ៦៩ឆ្នាំ ទើបអាចយកឈ្នះក្រុមជម្រើសជាតិចិនហុងកុងបាន ខណៈក្រុមគោព្រៃឈុតតូចដណ្តើមឱកាសឡើងទៅលេងវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ាន ឆ្នាំ២០២៦ (ASEAN U19 BOY'S CHAMPIONSHIP 2026)បានដោយជោគជ័យ។ រីឯក្រុមគោព្រៃនារីកម្ពុជា ក៏មិនធម្មតាដែរ ដោយឡើង៣កម្រិតនៅចំណាត់ថ្នាក់ក្នុងតារាង FIFA World’s Ranking បន្ទាប់ពីលេងស្មើជាមួយម្ចាស់ផ្ទះ និងឈ្នះក្រុមនារីសិង្ហបុរី៥-០ នៃព្រឹត្តិការណ៍ FIFA Friendly Day...។

ក្រុមគោព្រៃឈុតធំ បានបំបាក់ក្រុមចិនហុងកុងដោយលទ្ធផល ២-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ២គ្រាប់របស់ក្រុមកម្ពុជា រកបានដោយកីឡាករជប៉ុនចូលសញ្ជាតិខ្មែរ យូឌៃ អូកាវ៉ា ទាត់បញ្ចូលទីគ្រាប់ទី១ នៅនាទី ៤៥+១' និងគ្រាប់ជ័យជម្នះរកបានដោយ កីឡាករ សៀង ចន្ធា ទាត់បញ្ចូលទីគ្រាប់ទី២ នៅនាទី ៥០' ធ្វើឱ្យការរង់ចាំរបស់កម្ពុជាអស់រយៈពេល៦៩ឆ្នាំ ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។ កាន់តែរំភើបបំផុតនោះ គឺក្រុមគោព្រៃជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា បានទម្លាក់ក្រុមខ្លាំងវៀតណាម ម៉ាឡេស៊ី ឱ្យហាលអាវត្រឡប់ទៅផ្ទះវិញ ក្រោយលេងស្មើជាមួយក្រុមកង់គូរូអូស្ត្រាលី ២-២ នៅកីឡដ្ឋាន Madya 1 Stadium ប្រទេសឥណ្ឌូណេស៊ី ក្នុងរាត្រីតែមួយដូចគ្នា។ តាមរយៈលទ្ធផលនេះ ក្រុមគោព្រៃជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវទៅជួបក្រុមដំរីសឹកជម្រើសជាតិអាយុក្រោម១៩ឆ្នាំថៃ នៅវគ្គ៤ក្រុមចុងក្រោយ ដែលជាការចង់បានរបស់ក្រុមអ្នកគាំទ្របាល់ទាត់កម្ពុជា។

នៅមិនទាន់ចប់កំណត់ត្រាល្អត្រឹមនេះទេ ក្រុមបាល់ទាត់គោព្រៃនារីកម្ពុជា ក៏បានបំបែកកំណត់ត្រាពិសេសក្នុងថ្ងៃតែមួយឱ្យសហព័ន្ធបាល់ទាត់កម្ពុជាដែរ នោះគឺ២ប្រកួតនៅលើទឹកដីប្រទេសឥណ្ឌូណេស៊ី នាកីឡដ្ឋាន ARCAMANIK ក្រុមបាល់ទាត់គោព្រៃនារីកម្ពុជា បានស៊ុតបញ្ចូលទីក្រុមបាល់ទាត់នារីសិង្ហបុរី ដោយលទ្ធផល ៥-០ និងបន្តលេងស្មើជាមួយក្រុមម្ចាស់ផ្ទះ ដោយលទ្ធផល ១-១ ឡើងចំណាត់ថ្នាក់៣កម្រិតនៅតារាង FIFA World’s Women Ranking ចំនួន៣ចំណាត់ថ្នាក់ ស្ថិតនៅលេខរៀងទី១១៤ពិភពលោក។ សម្រាប់ក្រុមគោព្រៃជម្រើសជាតិផ្នែកបុរសរបស់កម្ពុជាទាំងពីរក្រុម គឺក្រុមឈុតធំ លេង២ប្រកួត ដោយរក្សាការ Clean Sheet មិនឱ្យដៃគូទាត់បញ្ចូលទីបានឡើយ ដោយយកឈ្នះក្រុមប៊ូតាន ៤ទល់នឹង០ និងបន្តឈ្នះលើក្រុមចិនហុងកុង ២ទល់នឹង០ទៀត កាលពីយប់ម្សិលមិញ។ ចំណែកក្រុមគោព្រៃឈុតតូច ឈ្នះក្រុមហ្វីលីពីន ៣ទល់នឹង០ និងស្មើក្រុមអូស្ត្រាលី ២ទល់នឹង២៕







