
ចំណេះដឹងទូទៅ៖ សង្គ្រាមសម័យទំនើបកំពុងវិវឌ្ឍទៅមុខក្នុងល្បឿនមួយដ៏គួរឱ្យភ័យខ្លាចបំផុត។ ភ័យខ្លាចក៏ព្រោះតែអាវុធដែលកំពុងវាយលុកលើសមរភូមិ នាឆ្នាំ២០២៦នេះ មានអនុភាពបំផ្លិចបំផ្លាញខ្លាំងជាងអ្វីៗទាំងអស់ ដែលមនុស្សជាតិធ្លាប់បានឃើញនៅក្នុងប្រវត្តិសាស្ត្រ។ ថ្ងៃនេះ SBM News នឹងរៀបរាប់លម្អិតនូវកំពូលអាវុ.ធទំនើបៗបំផុតទាំង១០លើភពផែនដី ជូនលោកអ្នកទាំងអស់គ្នាបានជ្រាប...។

លំដាប់ទី១០៖ នាវាចម្បាំង Type 26 Frigate របស់ចក្រភពអង់គ្លេស។ វាមានរហស្សនាមថា «ព្រានប្រមាញ់លើផ្ទៃទឹក»។ នាវាចម្បាំង Type 26 មិនមែនជានាវាអណ្តែតលើផ្ទៃទឹកធម្មតានោះទេ ប៉ុន្តែវាជាឃាតករដ៏សាហាវដែលគេគ្រប់គ្នាខ្លាចរអា។ វាមានទម្ងន់៨០០០តោន។ វិស្វករបានប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីកាត់បន្ថយរំញ័រពីតួនាវា និងម៉ាស៊ីន។ ទោះបីវាមានប្រវែងដល់ទៅ១៥០ម៉ែត្រក៏ដោយ ប៉ុន្តែនៅក្នុងប្រព័ន្ធស្កែនរបស់សត្រូវ វាបង្ហាញរូបរាងតូចដូចជាកូនត្រីមួយក្បាលប៉ុណ្ណោះ។ វាអាចធ្វើដំណើរក្នុងល្បឿនលឿនជាង៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានរចនាឡើងជាពិសេស ដើម្បីធ្វើអង្គរក្សការពារនាវាផ្ទុកយន្តហោះ និងតាមប្រមាញ់រាល់ការគំរាមកំហែងទាំងហ្លាយណា ដែលលាក់ខ្លួនក្រោមរលកសមុទ្ទ តាមរយៈប្រព័ន្ធរ៉ាដាឆ្លាតវៃ និងមីស៊ីលការពារជាច្រើនប្រភេទ។

លំដាប់ទី៩៖ ដ្រូនឆ្លាតវៃ MQ-28 Ghost Bat របស់អូស្ត្រាលី។ វាមានរហស្សនាមថា «ប្រចៀវខ្មោច»។ MQ-28 Ghost Bat មិនមែនជាដ្រូនបញ្ជាធម្មតានោះទេ ប៉ុន្តែវាត្រូវបានប្រើប្រាស់ដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត (ឬAI) ដើម្បីហោះហើរ និងប្រយុទ្ធទន្ទឹមគ្នា ជាមួយយន្តហោះចម្បាំងមានមនុស្សបើក។ វាមានប្រវែង១១ម៉ែត្រ និងមានសមត្ថភាពហោះហើរបានចម្ងាយជាង៣៧០០គីឡូម៉ែត្រ។ ជាទូទៅ វាកម្រហោះហើរតែឯងណាស់ ព្រោះដ្រូនប្រភេទនេះត្រូវការគ្នា ដើម្បីហោះហើរព័ទ្ធជុំវិញយន្តហោះចម្បាំង ដើម្បីទៅស៊ើបការណ៍សត្រូវនៅខាងមុខ ឬបើកការវាយប្រហារដោយផ្ទាល់។ វាត្រូវបានរចនាឡើងឱ្យមានតម្លៃសមរម្យ ដែលអាចជំនួសវិញបាន ក្នុងករណីត្រូវរងការបាញ់កម្ទេចពីសត្រូវ។ ចំណុចពិសេសរបស់វា គឺអាចអនុញ្ញាតឱ្យកងទ័ពផ្លាស់ប្ដូរប្រព័ន្ធសេនស័រ និងអាវុធបានយ៉ាងរហ័ស ក្នុងរយៈពេលប៉ុន្មាននាទី។

លំដាប់ទី៨៖ រថក្រោះ Leopard 2A8 របស់អាល្លឺម៉ង់។ វាមានរហស្ស «ខ្លារខិនពាសដែក»។ ខ្លារខិនមួយក្បាលនេះ គឺជាកំណែទម្រង់ចុងក្រោយបំផុតនៃត្រកូលខ្សែស្រឡាយរថក្រោះដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ ដែលរួមបញ្ចូលគ្នានូវល្បឿនដូចរថយន្តស្ព័រ និងកម្លាំងបំផ្លិចបំផ្លាញខ្លាំងមហិមា។ វាមានទម្ងន់ដល់ទៅ៦៧តោន ប៉ុន្តែអាចរត់បានល្បឿន៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថក្រោះនេះមានរ៉ាដាតូចៗសម្រាប់ចាប់សញ្ញាមីស៊ីល ដែលបាញ់សំដៅមកយាយី ឬគំរាមកំហែងវា។ ប្រសិនបើមានគ្រោះថ្នាក់ខិតជិតមកដល់ ប្រព័ន្ធនឹងបំផ្ទុះកម្ទេចមីស៊ីលសត្រូវចោលភ្លាមៗ មុនពេលវាប៉ះតួរថក្រោះ។ វាត្រូវបានបំពាក់ដោយកាំភ្លើងធំលំដាប់ Smoothbore ទំហំ១២០មិលីម៉ែត្រ ដែលអាចបាញ់ប្រហារគោលដៅបានយ៉ាងត្រឹមត្រូវឥតខ្ចោះ ពីចម្ងាយរហូតដល់៤០០០ម៉ែត្រ ឬស្មើ៤គីឡូម៉ែត្រ។

លំដាប់ទី៧៖ ប្រព័ន្ធមីស៊ីលការពារអាកាស S-500 Prometheus របស់រុស្ស៊ី។ វាមិនមែនគ្រាន់តែជាបណ្តុំមីស៊ីលប្រឆាំងយន្តហោះចម្បាំងធម្មតាទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជា «ពីងពាងអាកាស»។ វាត្រូវបានរចនាឡើង ដើម្បីកម្ទេចគោលដៅដែលមានកម្ពស់ខ្ពស់ខ្លាំងរហូតដល់២០០គីឡូម៉ែត្រ ពោលគឺជិតដល់គន្លងអវកាស។ វាអាចតាមដាន និងវាយប្រហារគោលដៅចំនួន១០ក្នុងពេលដំណាលគ្នា។ ប្រព័ន្ធនេះ ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីស្ទាក់ចាប់មីស៊ីលដែលលឿនបំផុតនៅលើលោក រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ។ ប្រព័ន្ធរ៉ាដារបស់វាមានភាពរស់រវើកខ្លាំង រហូតអាចស្វែងរកយន្តហោះបំបាំងកាយ បានពីចម្ងាយរាប់រយគីឡូម៉ែត្រ។

លំដាប់ទី៦៖ ដ្រូនស៊ើបការណ៍ RQ-4 Global Hawk របស់សហរដ្ឋអាម៉េរិក។ វាគឺជា«ភ្នែកទិព្វនៅលើមេឃ ដែលមិនចេះធ្មេច»។ RQ-4 Global Hawk គឺជាដ្រូនស៊ើបការណ៍កម្រិតខ្ពស់ ដែលមានស្លាបធំជាងយន្តហោះពាណិជ្ជកម្មទៅទៀត ប៉ុន្តែមិនមានមនុស្សបើកបរឡើយ។ វាមិនផ្ទុកគ្រាប់បែក ឬមីស៊ីលនោះទេ ប៉ុន្តែវាផ្ទុកនូវអ្វីដែលមានតម្លៃជាងនេះ នោះគឺព័ត៌មានសម្ងាត់។ វាអាចហោះហើរនៅកម្ពស់១៨គីឡូម៉ែត្រ ក្នុងរយៈពេលជាង៣០ម៉ោងដោយមិនឈប់សម្រាក ពោលគឺវាអាចហោះហើរបានកន្លះជុំនៃពិភពលោកទាំងមូល។ វាត្រូវបានបំពាក់ដោយកាមេរ៉ាកម្រិតច្បាស់ខ្លាំង និងរ៉ាដាដែលអាចមើលទម្លុះពពក និងជ្រែកផ្សែងអ័ព្ទ ប្រៀបបាននឹងភ្នែកទិព្វរបស់ទេវរៈអឺឡាង ឬយ៉ាងជៀន។ វាអាចគូរផែនទីភូមិសាស្ត្រទាំងមូល ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយបង្ហាញគ្រប់រថយន្ត ជំរំ និងទាហាននៅលើដី ដើម្បីផ្តល់រូបភាពយុទ្ធសាស្ត្រទាំងស្រុងដល់មេបញ្ជាការ។

លំដាប់ទី៥៖ នាវាផ្ទុកយន្តហោះ Gerald R. Ford-class របស់សហរដ្ឋអាម៉េរិក។ វាគឺជា«ទីក្រុងនុយក្លេអែរអណ្តែតទឹក»។ វាជាមហាកំពែងដែកថែបមានទម្ងន់ ១០ម៉ឺនតោន។ វាមានប្រវែង៣៣៣ម៉ែត្រ ដែលមានកម្ពស់ស្មើអគារ២៥ជាន់ និងដើរដោយថាមពលរ៉េអាក់ទ័រនុយក្លេអែរចំនួន២ ដែលអាចឱ្យនាវានេះរត់បាន២៥ឆ្នាំដោយមិនបាច់ចាក់ប្រេង។ វាអាចផ្ទុកយន្តហោះបានជាង៧៥គ្រឿង និងមាននាវិក ៤៥០០នាក់។ វាត្រូវបានបំពាក់បច្ចេកវិទ្យាបាញ់បង្ហោះប្រើប្រាស់កម្លាំងអេឡិចត្រូម៉ាញេទិកជំនួសឱ្យចំហាយទឹក។ តម្លៃនៃការសាងសង់នៃនាវានេះ មានប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិកក្នុងមួយគ្រឿង។

លំដាប់ទី៤៖ យន្តហោះចម្បាំង F-35 Lightning II របស់សហរដ្ឋអាម៉េរិក ឬ«ផ្លេកបន្ទោរជ្រែកអាកាសា»។ F-35 Lightning II គឺជាកម្មវិធីយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ ដែលមានតម្លៃថ្លៃ និងទំនើបបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ គ្រាន់តែមួកអ្នកបើកមានតម្លៃ៤០ម៉ឺនដុល្លារ ដោយមួកនេះអនុញ្ញាតឱ្យអ្នកបើកបរអាចមើលធ្លុះកម្រាលយន្តហោះបាន។ នៅពេលសម្លឹងចុះក្រោម កាមេរ៉ានៅខាងក្រៅយន្តហោះ នឹងបង្ហាញរូបភាពអ្វីៗដែលនៅខាងក្រោមភ្លាមៗ ហាក់ដូចជាតួយន្តហោះធ្វើពីកញ្ចក់ថ្លា។ ភាពខ្លាំងពិតប្រាកដរបស់ F-35 គឺសមត្ថភាពចែករំលែកព័ត៌មាន។ ប្រសិនបើ F-35 មួយគ្រឿងឃើញសត្រូវ នោះរាល់យន្តហោះ និងនាវាចម្បាំងផ្សេងទៀតនៅក្នុងតំបន់នឹងឃើញគោលដៅនោះក្នុងពេលដំណាលគ្នា បង្កើតបានជាបណ្តាញព័ត៌មានរួមដ៏មានឥទ្ធិពល។ វាមាន៣ទម្រង់ រួមមាន៖ ទម្រង់ធម្មតាសម្រាប់ទ័ពអាកាស, ទម្រង់ចុះចតលើនាវាផ្ទុកយន្តហោះសម្រាប់ទ័ពជើងទឹក និងទម្រង់ចុះចតត្រង់ ដូចឧទ្ធម្ភាគចក្រ សម្រាប់កងម៉ារីន។

លំដាប់ទី៣៖ មិនមែនជា B-2 Spirit ទេ ប៉ុន្តែវាគឺជាយន្តហោះទម្លាក់គ្រាប់បែក B-21 Raider របស់សហរដ្ឋអាម៉េរិក។ វាមានរហស្សនាមថា «ស្តេចបិសាចរាត្រី»។ B-21 Raider គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រថ្មីចុងក្រោយបង្អស់របស់សហរដ្ឋអាម៉េរិក ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។ រូបរាងរបស់វាមានទម្រង់ជាស្លាបដូចសត្វខ្លែង ប៉ុន្តែគ្មានកន្ទុយ និងមានផ្ទៃរលោង ធ្វើឱ្យរ៉ាដាចាប់សញ្ញាវាពិបាកបំផុត។ ពិបាកក៏ព្រោះតែនៅលើអេក្រង់រ៉ាដា វាមានទំហំស្មើនឹងសត្វបក្សីមួយក្បាលប៉ុណ្ណោះ។ វាត្រូវបានរចនាឡើងដើម្បីហោះហើរជ្រែកចូលជ្រៅទៅក្នុងទឹកដីសត្រូវ បំផ្លិចបំផ្លាញប្រព័ន្ធការពារដែនអាកាសទំនើបៗ និងទម្លាក់គ្រាប់បែកធម្មតា ឬក៏គ្រាប់បែកនុយក្លេអែរ ដោយភាពជាក់លាក់ខ្ពស់បំផុត។

លំដាប់ទី២៖ យានហោះលឿនជាងសំឡេង Avangard របស់រុស្ស៊ី។ វាមានរហស្សនាម «ផ្កាយដុះកន្ទុយ»។ Avangard គឺជាយានដែលមានល្បឿនលឿនបំផុត ដែលបង្កើតឡើងដោយដៃមនុស្ស។ បន្ទាប់ពីបង្ហោះឡើងទៅដល់ទីអាកាសដោយរ៉ុក្កែត វានឹងផ្តាច់ខ្លួនហើយហោះសំដៅមកផែនដីវិញក្នុងល្បឿន២៧០០០គីឡូម៉ែត្រក្នុងមួយម៉ោង ឬលឿនជាងសំឡេង២៧ដង។ ក្នុងល្បឿនកម្រិតនេះ ខ្យល់នៅជុំវិញយាននឹងប្រែជាកម្ទេចភ្លើង និងបញ្ចេញពន្លឺដូចជាផ្កាយដុះកន្ទុយ។ វាខុសពីមីស៊ីលធម្មតា! ខុសនៅត្រង់ថា វាហោះជាទម្រង់ធ្នូគន្លងថេរ និងផ្លាស់ប្ដូរទិសដៅបានទោះបីជាកំពុងហោះក្នុងល្បឿនលឿនក៏ដោយ។ នេះជាសុបិនអាក្រក់របស់ប្រព័ន្ធការពារមីស៊ីល ព្រោះវាស្ទើរតែមិនអាចស្ទាក់ចាប់បានឡើយ។ សូមជម្រាបថា វាអាចផ្ទុកក្បាលគ្រាប់នុយក្លេអែរ និងកម្ទេចគោលដៅនៅពាក់កណ្តាលពិភពលោកក្នុងរយៈពេលត្រឹមតែ១៥នាទី។

លំដាប់ទី១៖ មីស៊ីលអន្តរទ្វីប RS-28 Sarmat ឬ Satan 2 របស់រុស្ស៊ី។ និយាយឱ្យខ្លីវាជា «អាវុធប្រល័យលោក»។ វាឈរនៅលំដាប់ថ្នាក់លេខ១ ដែលធ្វើឱ្យមេដឹកនាំពិភពលោកភ្នែកនៅកញ្ចឹង-ក ដេកមិនលក់ បក់មិនល្ហើយ។ វាមានប្រវែង ៣៥ម៉ែត្រ និងទម្ងន់ជាង២០០តោន។ មីស៊ីលយក្សមួយដើមនេះ អាចផ្ទុកក្បាលគ្រាប់នុយក្លេអែរដាច់ដោយឡែកពីគ្នារហូតដល់ទៅ១៥គ្រាប់ក្នុងពេលតែមួយ ដែលនេះមានន័យថា មីស៊ីលតែមួយដើមអាចបំបែកខ្លួនទៅកម្ទេចគោលដៅផ្សេងៗគ្នា និងអាចបំផ្លាញប្រទេសមួយទាំងមូលបានភ្លាមៗ។ វាអាចបាញ់ចម្ងាយរហូតដល់ ១៨០០០គីឡូម៉ែត្រ ពោលគឺអាចហោះវាងតាមប៉ូលខាងជើង ឬប៉ូលខាងត្បូងដើម្បីទៅកម្ទេចគោលដៅ ដែលធ្វើឱ្យសត្រូវមិនអាចទស្សន៍ទាយទិសដៅបាន។ វាក៏ត្រូវបានរចនាឡើង ដើម្បីផ្ទុកយានល្បឿនលឿន Avangard ផងដែរ ដែលធ្វើឱ្យវាក្លាយជាអាវុធចុងក្រោយដែលអាចទម្លុះរាល់ប្រព័ន្ធការពារមីស៊ីលទាំងអស់ នៅលើលោកនាពេលបច្ចុប្បន្ន និងអនាគត៕



