ក្រៅពីយន្តហោះចម្បាំង និងយុទ្ធោបករណ៍ការពារដែនអាកាស តើកម្ពុជាគួរទិញនាវាចម្បាំងការពារដែនសមុទ្ទដែរឬទេ?
ហៀប ស៊ីថេត
មួយថ្ងៃមុន

បទបរិយា៖ ជាការពិតណាស់ ក្នុងបរិបទភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោកកំពុងផុយស្រួយដូចពេលបច្ចុប្បន្ន ការពង្រឹងសមត្ថភាពការពារជាតិកាន់តែទំនើបកាន់តែល្អ។ ល្អក៏នៅត្រង់ថា បើប្រទេសមួយមានខែលការពារជាតិគ្រប់សព្វនោះ បច្ចាមិត្តមិនហ៊ានក្អកគ្រហែមដាក់ឡើយ ប៉ុន្តែបើខែលការពារមានភាពចន្លោះប្រហោង នោះសត្រូវនឹងជ្រៀតចូល ហើយវាយកម្ទេចយើងបានមិនខាន។ ថ្ងៃនេះ SBM News ចង់បង្ហាញលោកអ្នកនាងនូវប្រពន្ធការពារដែនសមុទ្ទដ៏ទំនើប រួមមាន នាវាចម្បាំង និងយុទ្ធោបករណ៍ដ៏មានឥទ្ធិពលពីបណ្តាប្រទេសជឿនលឿនមួយចំនួន...។

ដើម្បីការពារអធិបតេយ្យដែនសមុទ្ទពីការចូលលុកលុយឈ្លានពានរបស់បច្ចាមិត្តខាងក្រៅបាន វាជារឿងចាំបាច់ណាស់ដែលយោធាជើងទឹកកម្ពុជា ត្រូវពង្រីកសមត្ថភាពទាំងការ[ការពារ] និងវាយបកទៅខ្មាំងសត្រូវវិញយ៉ាងមានប្រសិទ្ធភាព។ ប្រសិទ្ធភាពនៅពេលនេះ គឺចង់សំដៅលើការត្រៀមយុទ្ធោបករណ៍ សម្ភារសឹក នាវាចម្បាំងទំនើបៗ ចតបញ្ឈរនៅលម្ហសមុទ្ទក្នុងដែនទឹករបស់យើង ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បច្ចាមិត្តទាំងហ្លាយណា ដែលហ៊ានស្រាវយុថ្កា ធ្វើនាវាចរចូលមកឈ្លានពាន។ ជាក់ស្តែង កន្លងមក យោធាជើងទឹកថៃបានប្រើប្រាស់នាវាចម្បាំងទំនើបៗ វាយប្រហារ សង្គ្រុបលើដែនទឹកកម្ពុជា នៅខេត្តហោះកុង បង្កឱ្យពលរដ្ឋស៊ីវិលភ័យរត់ភៀសសឹកយ៉ាងតក់ក្រហល់ទាំងកណ្តាលរាត្រី។ ដើម្បីបង្កើនសមត្ថភាពខែលការពារដែនសមុទ្ទ ឱ្យកាន់តែរឹងមាំ តើ​​កម្ពុជាគួរទិញនាវាចម្បាំង ឬសម្ភារសឹកអ្វីខ្លះ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ ជាថ្មីម្ដងទៀត...?

នាវាចម្បាំង Corvette Type 056A
នាវាចម្បាំង Corvette Type 056A

SBM News សូមបង្ហាញប្រភេទនាវាចម្បាំង បំពាក់ដោយមីស៊ីលកាចសាហាវ និងមានភាពទំនើប ដែលកម្ពុជាគួរពិចារណក្នុងការបញ្ជាទិញ ដើម្បីការពារខ្លួនពីសំណាក់ចោរឈ្លានពានតាមជើងទឹក។ នាវាចម្បាំងដំបូងគេ ដែលសក្តិសមនឹងកម្ពុជាយកមកប្រើ នោះគឺ នាវាចម្បាំង Corvette Type 056A របស់ប្រទេសចិន។ វាត្រូវបានគេប្រសិទ្ធនាមថា ជា «ឆ្លាមបិសាច» ដែលត្រូវបានរចនាឡើងយ៉ាងពិសេសបំផុតសម្រាប់ប្រតិបត្តិការការពារមាត់សមុទ្ទ និងអាចបាញ់កម្ទេចប្រឆាំងនឹងនាវាមុជទឹកបានផងដែរ។ នាវានេះ មានប្រវែង៩០ម៉ែត្រ ទទឹងជាង១១ម៉ែត្រ អាចផ្ទុកទម្ងន់ប្រហែល១៥០០តោន ជាមួយនឹងសមត្ថភាពអាចបំពាក់អាវុធគ្រប់ប្រភេទ ដូចជាមីស៊ីលប្រឆាំងនាវា YJ-83 ប្រព័ន្ធការពារអាកាសរយៈចម្ងាយជិត និងរ៉ាដាចាប់សញ្ញានាវាមុជទឹកជាដើម។ វាអាចអាចធ្វើដំណើរបាន៤៦គីឡូម៉ែត្រក្នុង១ម៉ោង និងមានតម្លៃ១០០លានដុល្លារក្នុង១គ្រឿង។

នាវាចម្បាំង Houbei Class ប្រភេទ 022
នាវាចម្បាំង Houbei Class ប្រភេទ 022

ចំណែកនាវាចម្បាំងបន្ទាប់នេះ គឺ Houbei Class ប្រភេទ 022។ វាជាឃាតកលាក់មុខក្នុងសមុទ្ទរាក់ ផលិតដោយក្រុមហ៊ុន Hudong-Zhonghua Shipbuilding របស់ចិន។ នាវានេះ មានល្បឿនលឿនដូចផ្លេកបន្ទោរ និងមានរូបរាងប្លែកខុសពីគេ ដោយសារមានរាងជ្រុង ដែលអនុញ្ញាតឱ្យវាមានសមត្ថភាពបំបាំងកាយគេចចេញពីរ៉ាដាសត្រូវបានយ៉ាងងាយស្រួល។ អ្វីដែលគេគ្រប់គ្នាខ្លាចរអារវានោះ គឺថា ជាមួយនឹងសមត្ថភាពផ្ទុកមីស៊ីលប្រឆាំងនាវាដល់ទៅ៨គ្រាប់ និងអាចបាញ់បានចម្ងាយជិត២០០គីឡូម៉ែត្រ សមល្មមដែលកម្ពុជាយកមកប្រើប្រាស់ក្នុងដែនទឹករបស់ខ្លួនដែលមានទំហំតូច ស្រួលវាយលុក និងងាយការពារ ដ្បិតនាវាចម្បាំងរបស់សត្រូវអាចក្លាយជាចំណីរបស់វាបាន ដោយមិនដឹងខ្លួនជាមុន។ ប្រសិនបើកម្ពុជាអាចបញ្ជាទិញវាបានមែននោះ Houbei Class ប្រភេទ 022 នេះ អាចនឹងពួនស្ទាក់ចាប់ចំណីនៅតាមប្រជុំកោះ ករណីចោរឈ្លានពានហ៊ានចូលលុកលុយ។ សូមជម្រាបថា បើយើងបំពាក់អាវុធពេញលេញ វាមានតម្លៃប្រមាណពី៤០ទៅ៥០លានដុល្លារក្នុង១គ្រឿង។

នាវាចម្បាំង  Hamilton-class
នាវាចម្បាំង  Hamilton-class

ងាកចេញពីពេជ្ឈឃាតក្នុងទឹករបស់ចិនទាំង២ យើងក្រឡេកទៅមើលសេះសមុទ្ទចម្បាំង Hamilton-class របស់អាម៉េរិកវិញម្ដង។ Hamilton-class អាចផ្ទុកទម្ងន់ ៣២៥០តោន, ប្រវែង១១៥ម៉ែត្រ, ធ្វើដំណើរបាន៥៤គីឡូម៉ែត្រក្នុងម៉ោង។ វាពិតជាមានភាពធន់ណាស់ ព្រោះវាអាចបណ្តែតខ្លូនលើសមុទ្ទបាន៤៥ថ្ងៃជាប់គ្នា ដោយមិនបាច់ចូលច្រាំង។ វាត្រូវបានរចនាឡើងដើម្បីទប់លំនឹងពេលមានរលកធំៗ ព្យុះបោកបក់ខ្លាំងៗយ៉ាងណា ក៏មិនមែនជាឧបសគ្គសម្រាប់សេះសមុទ្ទចម្បាំងមួយក្បាលនេះដែរ។ ប្រសិនបើកម្ពុជាទិញវាបានមែននោះ យោធាជើងទឹកថៃ នឹងត្រូវពិចារណាមិនក្រោម១០០ដងឡើយ មុនពេលហ៊ានចូលលុកលុយឈ្លានពានដែនទឹកកម្ពុជា។ Hamilton-class វាមានទំហំធំ ប្រតិបត្តិការក្នុងសមុទ្ទយូរ និងអាចចុះចតឧទ្ធម្ភាគចក្របានថែមទៀត វាជាកំពែងការពារដែនទឹកដ៏សំខាន់បំផុតមួយរបស់អាម៉េរិក។ សម្រាប់ Hamilton-class ១គ្រឿង មានសមត្ថភាពចម្បាំងពេញលេញ កម្ពុជាត្រូវត្រៀមថវិកាចំណាយចន្លោះពី៣០ទៅ៥០លានដុល្លារឯណោះ។

នាវាចម្បាំង Karakurt-class
នាវាចម្បាំង Karakurt-class

ចំណែកនាវាចម្បាំងដ៏សក្តិសមមួយទៀត គឺ ខ្យាដំរីពិស Karakurt-class។ វាត្រូវបានផលិតដោយរោងចក្រនាវាល្បីៗជាច្រើននៅរុស្ស៊ី។ វាអាចផ្ទុកទម្ងន់៨០០ ទៅ៨៦០តោន, ល្បឿន៥៦គីឡូម៉ែត្រក្នុង១ម៉ោង ហើយអាចបើកបរបានចម្ងាយ៤៦០០គីឡូម៉ែត្រ និងរស់នៅលើផ្ទៃសមុទ្ទបាន១៥ថ្ងៃ ដោយមិនចាំបាច់ចូលច្រាំង។ Karakurt-class មិនមែនជានាវាចម្បាំងសម្រាប់លម្អដែនសមុទ្ទទេ ប៉ុន្តែវាមានភ្នែកទិព្វ ដោយសារតែវាមានបំពាក់រ៉ាដាទំនើបៗដូចជា៖ Mineral-M និង Pozitiv-M រួមទាំងរ៉ាដាប្រភេទ AESA ជាបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតសម្រាប់ចាប់សញ្ញាគូសត្រូវ។ សមត្ថភាពនេះ អាចឱ្យវាមើលឃើញសត្រូវមុន រួចព្រួសមីស៊ីលទៅកម្ទេចគោលដៅបានមួយរំពេច។ វាបំពាក់បំពង់បាញ់បញ្ឈរចំនួន៨ ដែលអាចផ្ទុកមីស៊ីល Kalibr បាញ់បានដល់ដីគោក ពោលគឺមានសមត្ថភាពបាញ់បានចម្ងាយពី១៥០០ដល់២៥០០គីឡូម៉ែត្រ។ នេះមាន័យថា មីស៊ីល Kalibr អាចហោះចេញពីនាវា Karakurt-class នៅកំពង់ផែសមុទ្ទរាម រួចទៅកម្ទេចរាជធានីបាងកកបានយ៉ាងងាយដូចបកចេក។

Karakurt-class 3D
Karakurt-class 3D

លើសពីនេះ នាវា Karakurt-class ក៏អាចផ្ទុកមីស៊ីល Oniks ផងដែរ ដែលជាមីស៊ីលប្រឆាំងនាវាលឿនជាងសំឡេង។ មិនតែប៉ុណ្ណោះ ខ្យាដំរីពិស Karakurt-class ក៏មានខែលការពារខ្លួន Pantsir-M ផងដែរ ដែលជាប្រព័ន្ធការពារអាកាសដ៏សាហាវបំផុតរបស់រុស្ស៊ី អាចបាញ់កម្ទេចបានទាំងមីស៊ីល និងយន្តហោះសត្រូវក្នុងពេលតែមួយ។ នាវាចម្បាំងនេះមានទំហំតូច ប៉ុន្តែមានកម្លាំងបាញ់បានឆ្ងាយបំផុត។ ដូច្នេះ វាជម្រើសដ៏ឆ្លាតវៃបំផុត សម្រាប់ការចំណាយថវិកាជាតិឱ្យចំគោលដៅ។ យ៉ាងណា វាមានតម្លៃត្រឹមចន្លោះពី៤០ទៅ៥០លានដុល្លារប៉ុណ្ណោះ។ សូមជម្រាបថា ក្រៅពីនាវាចម្បាំង មីស៊ីលការពារឆ្នេរ ក៏ជាជម្រើសដ៏សក្តិសមសម្រាប់កម្ពុជា ជាពិសេស មីស៊ីល YJ-62 និងមីស៊ីល BrahMos

មីស៊ីល BrahMos
មីស៊ីល BrahMos

មីស៊ីល BrahMos គឺជាឃាតកប្រមាញ់នាវាចម្បាំង ដែលផលិតឡើងរួមគ្នាដោយរុស្ស៊ី-ឥណ្ឌា។ វាជាមីស៊ីលតម្រង់ទិសលឿនជាងគេបំផុតក្នុងលោក ពោលគឺលឿនជាងសំឡេងដល់ទៅ៣ដង និយាយឱ្យខ្លីវាអាចហោះបានក្នុងល្បឿន ៣៧០០គីឡូម៉ែត្រក្នុង១ម៉ោង។ វាជាសុបិនដ៏អាក្រក់របស់នាវាចម្បាំង។ ហេតុអ្វីបានជាវាសក្តិសមសម្រាប់កម្ពុជាទិញយកមកការពារខ្លួនផងដែរ..? សក្តិសម..ក៏នៅត្រង់ថា ប្រសិនបើកម្ពុជាមាន BrahMos ហើយដំឡើងនៅលើដីគោកតាមឆ្នេរសមុទ្ទ នោះនាវាចម្បាំងយោធាថៃ មិនហ៊ានប្រលែងលេងជាមួយវាដាច់ខាត ព្រោះថា បច្ចុប្បន្ន គ្មាននាវាចម្បាំងណាមួយរបស់កងទ័ពជើងទឹកថៃ អាចមានប្រព័ន្ធការពារទប់ទល់នឹងមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេងរហូតដល់៣ដងនោះទេ ខណៈនាវាឈ្លានពានរបស់ក្រុមបច្ចាមិត្ត អាចចូលបានត្រឹមក្នុងរង្វង់ចន្លោះពី៣០០ទៅ៥០០គីឡូម៉ែត្រ នោះវា នឹងក្លាយជាចំណីរបស់ឃាតកប្រមាញ់នេះជាក់ជាមិនខាន។ មីស៊ីលនេះ មានតម្លៃប្រហែល៣,៥ទៅ៥លានដុល្លារក្នុងមួយគ្រាប់ ឬប្រហែល២៥០លានដុល្លារសម្រាប់មួយប្រព័ន្ធការពារឆ្នេរ។

មីស៊ីល YJ-62
មីស៊ីល YJ-62

ចុងក្រោយគេ គឺ នាគរាជយាមផ្ទះ YJ-62៖ វាជាប្រព័ន្ធមីស៊ីលការពារឆ្នេររយៈចម្ងាយឆ្ងាយរបស់ប្រទេសចិន។ វាក៏មានសមត្ថភាពមិនធម្មតាដែរ មិនធម្មតា ព្រោះវាអាចផ្ទុកជាតិផ្ទុះខ្លាំងដែលអាចកម្ទេចនាវាចម្បាំង១គ្រឿងឱ្យលិចចូលទៅក្នុងមហាសាគរភ្លាមៗ។ វាមានទម្ងន់៣០០គីឡូក្រាម ខ្លាំងល្មមនឹងធ្វើឱ្យនាវាទម្ងន់៧០០០តោន លិចត្រឹមតែប្រើ ១គ្រាប់ប៉ុណ្ណោះ។ វាមានតម្លៃប្រហែល២លានដុល្លារក្នុងមួយគ្រាប់។ សូមបញ្ជាក់ថា នេះគឺជានាវាចម្បាំង ទាំង៤ប្រភេទ និងមីស៊ីល២ប្រភេទ ក្នុងចំណោមសព្វាវុធផ្សេងៗ សម្រាប់កងទ័ពជើងកម្ពុជា និងមន្ត្រីរាជរដ្ឋាភិបាលពិចារណាទិញ ដើម្បីពង្រឹងកំពែងការពារឆ្នេរ និងដែនសមុទ្ទកម្ពុជា ចេញពីក្រញ៉ាំចោរឈ្លានពានទឹកដី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត