
អន្តរសកល៖ បច្ចុប្បន្ន ភាពខ្លាំងនៃកម្លាំងបាយលើមហាសាគរដ៏ធំល្វឹងល្វើយ មិនមែនវាស់វែងត្រឹមតែចំនួននាវាដែលកំពុងអណ្តែតលើទឹកនោះទេ ប៉ុន្តែវាជាសមរភូមិនៃបច្ចេកវិទ្យា កម្លាំងវាយប្រហារឆ្លងទ្វីប និងឥទ្ធិពលភូមិសាស្ត្រនយោបាយ។ ដូច្នេះ តើប្រទេសណា ជាអធិរាជចម្បាំងដែនទឹកធំបំផុតនៅលើពិភពលោក..?

ការពិត..ប្រកែកមិនបាន សហរដ្ឋអាម៉េរិក បន្តក្តោបក្តាប់តំណែងលេខ១ ជាមួយកម្រិតពិន្ទុវាយតម្លៃ (TVR) ចំនួន៣២៣,៩ និងមាននាវាសរុបចំនួន២៣២គ្រឿង។ កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាដ៏ទំនើបៗ វិសាលភាពគ្របដណ្ដប់ទូទាំងសកលលោក និងបទពិសោធប្រតិបត្តិការ ដែលគ្មាននរណាអាចប្រៀបផ្ទឹមបាន។ តាមពីក្រោយយ៉ាងប្រកៀកនោះគឺ ប្រទេសចិន ទទួលបានកម្រិតពិន្ទុវាយតម្លៃ៣១៩,៨។ ដ្បិតថាទទួលបានលេខ២ ប៉ុន្តែកងទ័ពជើងទឹកប្រជាជនចិន មានមោទកភាពចំពោះចំនួននាវាច្រើនជាងគេបំផុតលើលោក គឺមានរហូតដល់៤០៥គ្រឿង។ នេះឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកកងទ័ពជើងទឹកយ៉ាងឆាប់រហ័សបំផុតរបស់ស្តេចនាគរាជចិន។ ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសរុស្ស៊ី។ រុស្ស៊ីនៅតែរក្សាវត្តមានយ៉ាងរឹងមាំជាមួយនឹងកម្រិតពិន្ទុវាយតម្លៃ២៤២,៣ ខណៈមហាអំណាចនុយក្លេអ៊ែរមួយនេះ មាននាវាចំនួន២៨៣គ្រឿង។

ក្រៅពីកំពូលមហាអំណាចទាំង៣ ក៏មានមហាអំណាចតំបន់មួយចំនួនដែលកំពុងពង្រឹងកងកម្លាំងជើងទឹកយ៉ាងខ្លាំងក្លាផងដែរ ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររៀងៗខ្លួន។ ជាក់ស្តែង បងធំអាស៊ាន ឥណ្ឌូណេស៊ី មានភាពលេចធ្លោជាងគេក្នុងតំបន់ជាមួយនឹងកម្រិតពិន្ទុវាយតម្លៃ១៣៧,៣ និងមាននាវាចំនួន២៤៥គ្រឿង។ នេះបង្ហាញពីតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងនាមជាបងធំរបស់ប្លុក។ ទន្ទឹមនឹងនេះ កូរ៉េខាងត្បូង និងជប៉ុន នៅតែបន្តរក្សាកងនាវាដែលមានបច្ចេកវិទ្យាកម្រិតខ្ពស់ ដោយផ្តោតលើការធ្វើទំនើបកម្ម និងសន្តិសុខក្នុងតំបន់ ដោយកូរ៉េខាងត្បូង មាននាវាចំនួន១៤៧គ្រឿង ខណៈជប៉ុនមានចំនួន១០៧គ្រឿង។ ចំណែក ស្តេចតោឥណ្ឌា ក៏កំពុងបន្តពង្រីកវត្តមានកងទ័ពជើងទឹករបស់ខ្លួនផងដែរ ដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើលោកមួយនេះ មាននាវាជើងទឹកសរុបចំនួន១០០គ្រឿង។

ក្រឡេកទៅមើលចំណាត់ថ្នាក់បន្ទាប់ៗទៀត មហាអំណាចជើងទឹកបែបប្រពៃណីរបស់អឺរ៉ុប ដូចជាបារាំង មាននាវា៧០គ្រឿង និងចក្រភពអង់គ្លេស មាននាវា៥០គ្រឿង នៅតែរក្សាឥទ្ធិពលអំណាចដែនទឹករបស់ខ្លួនក្នុងតំបន់បានដដែល។ បើទោះបីជាមានទំហំកងនាវាតូចជាងមុនក៏ដោយ ប៉ុន្តែពួកគេពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ និងសម្ព័ន្ធភាពយុទ្ធសាស្ត្រទូទាំងតំបន់។ ទិន្នន័យនេះ បានរំលេចឱ្យឃើញពីការប្រែប្រួលនៃទិដ្ឋភាពដែនសមុទ្ទយ៉ាងលឿនដូចផ្លេកបន្ទោរ។ គួរបញ្ជាក់ថា ពិភពលោកកំពុងស្ថិតក្នុងសម័យកាលនៃការរត់ប្រណាំងប្រជែងសព្វាវុធជើងទឹកថ្មីៗ ទំនើបៗ និងកាន់តែគ្រោះថ្នាក់។ មានមតិជាច្រើនបានចោទសួរថា នៅថ្ងៃអនាគត ចិនអាចនឹងដណ្តើមតំណែងលេខ១ ពីសហរដ្ឋអាម៉េរិកបានដែរឬទេ?...៕




