
រដ្ឋធានីព្យុងយ៉ាង៖ ជំនួបផ្ទាល់មុខ និងការចាប់ដៃគ្នារវាងលោក ស៊ី និងលោក គីម បានកើតឡើងហើយ នៅរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។ ជំនួបជាប្រវត្តិសាស្រ្តរវាងបុរសទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែ កំពុងទាក់ទាញភ្នែក និងចំណាប់អារម្មណ៍របស់ពិភពលោក។ គេចង់ដឹងណាស់ថា លោកទាំងពីរ និយាយគ្នា និងរួមគ្នាធ្វើអ្វីខ្លះ?

«ចិន នឹងផ្តល់ការគាំទ្រឥតងាករេ និងបន្តធ្វើការជាមួយកូរ៉េខាងជើង ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខរបស់កូរ៉េខាងជើង» នេះជាពាក្យដ៏សំខាន់មួយឃ្លារបស់លោក ស៊ី ជីនពីង ប្រធានាធិបតីមហាយក្សចិន ជូនទៅលោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង។ លោក គីម ជូនលោក ស៊ី មួយម៉ាត់វិញ «កូរ៉េខាងជើង បន្តគាំទ្រគោលនយោបាយចិនតែមួយ ដែលក្តោបរួមទាំងកោះតៃវ៉ាន់ផងដែរ»។

គោលនយោបាយចិនតែមួយ គឺសំដៅថា មានចិនតែមួយ មិនមានទឹកដីមួយណារបស់ចិន ត្រូវបានកាត់ផ្តាច់ឡើយ។ មកដល់ពេលនេះ ចិន នៅតែសូធ្យជាប់មាត់ឱ្យពិភពលោកឮថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយចិន មិនព្រមបោះបង់ឆន្ទៈក្នុងការចាប់ទាញកោះតៃវ៉ាន់ឱ្យចូលមកក្នុងការគ្រប់គ្រងរបស់ចិនវិញនោះទេ។

សារព័ត៌មានអន្តរជាតិ ចុះផ្សាយដូចគ្នាថា មេដឹកនាំកំពូលចិន និងកូរ៉េខាងជើង ឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិលើផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការដឹកជញ្ជូន និងសហគមន៍យុទ្ធសាស្រ្តរួម។ លោក ស៊ី ចាត់ទុកទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង ថាកំពុងស្ថិតនៅចំណុចប្រវត្តិសាស្រ្តថ្មីមួយ ហើយលោក ថែមទាំងចង់ឱ្យទំនាក់ទំនងប្រទេសជាសម្ព័ន្ធមិត្តទាំងពីរនេះ ឈានដល់ចំណុចកំពូលថ្មីមួយទៀតផងដែរ។

លោក ស៊ី នឹងមានវត្តមានលើទឹកដីកូរ៉េខាងជើង២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ កាលពីឆ្នាំ២០១៩ ប្រធានាធិបតីចិនរូបនេះ បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងម្តងរួចមកហើយ។ ចំណែកលោក គីម វិញ ទើបនឹងបានទៅបំពេញទស្សនកិច្ចនៅចិនសាជាថ្មី នៅចុងឆ្នាំ២០២៥ ខណៈនៅមុនឆ្នាំ២០២៥ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានទៅចិនអស់៤-៥ដងរួចមកហើយ៕



