
រាជធានីភ្នំពេញ៖ ជំនួបសងសឹកដ៏ក្ដៅគគុករវាងក្រុមជម្រើសជាតិគោព្រៃឈុតធំកម្ពុជា ជួបក្រុមជម្រើសហុងកុងនៃប្រទេសចិន បានមកដល់ហើយ នៅវេលាម៉ោង១៩:០០នាទីយប់ថ្ងៃទី០៩មិថុនានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្រុមជម្រើសជាតិគោព្រៃឈុតធំកម្ពុជា មិនដែលស្គាល់ពាក្យជ័យជម្នះសូម្បីតែម្ដង ក្នុងជំនួប១១ប្រកួតផ្លូវការកន្លងមក...។

សូមបញ្ជាក់ថា ក្នុងចំណោមប្រវត្តិជួបគ្នាទាំង១១ប្រកួត ក្រុមជម្រើសជាតិគោព្រៃឈុតធំកម្ពុជា មិនដែលលេងឈ្នះក្រុមជម្រើសជាតិចិនហុងកុងម្តងឡើយ ពោលគឺស្មើ៣ដង និងចាញ់៨ដង។ ដូច្នេះ សង្ឃឹមថា នៅរាត្រីនេះ ក្រុមជម្រើសជាតិគោព្រៃឈុតធំកម្ពុជា នឹងបំបែកកំណត់ត្រារបស់ខ្លួនបានមិនខាន ព្រោះក្រុមគោព្រៃឈុតធំកម្ពុជា ទើបតែយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន ដោយលទ្ធផល ៤-០ កាលពីយប់ថ្ងៃទី៤មិថុនាកន្លងទៅថ្មីៗនេះដែរ។ ទោះយ៉ាងណា ដើម្បីចូលរួមលើកទឹកចិត្តដល់កីឡាករជម្រើសជាតិយើងទាំងអស់គ្នា សូមអ្នកគាំទ្រអញ្ជើញទៅទស្សនាផ្ទាល់ ដើម្បីជាការផ្ដល់កម្លាំងចិត្តឱ្យក្រុមគោព្រៃកម្ពុជា បង្កើតប្រវត្តិសាស្ត្រថ្មីឱ្យខ្លួនឯង។

សូមជម្រាបថា សំបុត្រចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិចិនហុងកុង (Hong Kong, China) មានដាក់លក់ហើយ នៅស្តង់ផ្ទាល់ឥឡូវនេះរហូតដល់ម៉ោង១៩:០០នាទីយប់ និងមានលក់នៅលើអនឡាញតាមរយៈ តេលេក្រាម Mini App របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ៖ នេះជាតំណរភ្ជាប់ https://ffcambodia_bot.t.me/home។ តស់បងប្អូនសាកល្បងទស្សទាយន៍ល៎មើលថា តើរាត្រីនេះ ក្រុមគោព្រៃកម្ពុជាយើង អាចស៊ុតបាល់បញ្ចូលទីក្រុមជម្រើសជាតិចិនហុងកុង បានប៉ុន្មានគ្រាប់ដែរ...?



