តៃវ៉ាន់បើកសមយុទ្ធយោធាថ្មី ហាត់សមធ្វើស.ង្គ្រា.មជាមួយចិន
ហៀប ស៊ីថេត
09 មិថុនា 2026 03:30 PM

ក្រុងតៃប៉ិ៖ នៅថ្ងៃអង្គារទី៩មិថុនានេះ កងទ័ពតៃវ៉ាន់បានធ្វើសមយុទ្ធយោធាសាកល្បងកម្ទេចកងទ័ពចិន ដែលលបលួចចូលឈ្លានពានកូនកោះអ្នកមានមួយនេះ នៅក្នុងសមយុទ្ធតាមបណ្តោយឆ្នេរ តាមរយៈការបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំដូចភ្លៀងរលឹមដើម្បីទប់ស្កាត់ការវាយលុករុលចូលតាមផ្លូវទឹក ដែលក្រុងតៃប៉ិដឹងថា នេះជាសេណារីយ៉ូក្នុងផែនការប្រយុទ្ធជាក់ស្តែង ដែលរៀបចំដំឡើងដោយកងទ័ពរំដោះប្រជាជនចិន...។

មែនទែនទៅ មេដឹកនាំចិនតែងចាត់ទុកកោះតៃវ៉ាន់ជាសាច់ជាប់ខ្លួនមួយដុំរបស់ចិន និងមិនដែលគិតបោះបង់ចោលការប្រើប្រាស់កម្លាំងបាយ ដើម្បីគ្រប់គ្រងកោះនេះមកវិញនោះឡើយ ខណៈយន្តហោះចម្បាំង នាវាចម្បាំងរបស់ចិន បានបើកប្រតិបត្តិការហោះឆ្វែលស្ទើរតែរាល់ថ្ងៃ នៅជុំវិញកូនកោះមួយនេះ។ តំបន់ឆ្នេរ និងវាលភក់ល្បាប់នៅឆ្នេរភាគខាងលិចរបស់តៃវ៉ាន់ ត្រូវបានគេមើលឃើញថា ជាទីតាំងដ៏ផុយស្រួយបំផុត សម្រាប់ការប៉ុនប៉ងចុះចតរបស់កងទ័ពចិន ប្រសិនបើមានការឈ្លានពានណាមួយកើតឡើង។ សមយុទ្ធនេះ ត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នាចេញពីទីតាំង៨ផ្សេងគ្នា លាតសន្ធឹងតាមបណ្តោយឆ្នេរប្រវែង២០គីឡូម៉ែត្រ ជុំវិញទីក្រុងតៃចុង(Taichung) ភាគកណ្តាលនៃកោះតៃវ៉ាន់។ បច្ចុប្បន្ន រដ្ឋាភិបាលតៃវ៉ាន់កំពុងធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន ដោយបំពាក់អាវុធបន្ថែមថ្មីៗ និងបានផ្លាស់ប្ដូរការហ្វឹកហ្វឺនរបស់ខ្លួនឱ្យកាន់តែមានភាពបត់បែន ស្រដៀងទៅនឹងស្ថានការណ៍ប្រយុទ្ធគ្នា ក្នុងសមរភូមិពិតប្រាកដ។

មេបញ្ជាការកងកាំភ្លើងធំ លោក អ៊ុង យីមីង (Ong Yih-ming) បានប្រាប់អ្នកយកព័ត៌មានថា៖«អ្វីដែលខុសប្លែកគ្នានៃការហ្វឹកហ្វឺនលើកនេះ បើធៀបទៅនឹងអតីតកាល គឺយើងលែងបាញ់កាំភ្លើងធំធុនធ្ងន់ក្នុងទម្រង់ថេរ និងដដែលៗដូចមុនទៀតហើយ។ ពេលវេលាយុទ្ធសាស្ត្រនៅពេលនេះ គឺផ្អែកលើលក្ខខណ្ឌប្រយុទ្ធជាក់ស្តែង។ ដូច្នេះ ខ្ញុំជឿជាក់ថា ការហ្វឹកហ្វឺននេះ បានបង្កើតកម្រិតលំបាកខ្លាំង គួរឱ្យកត់សម្គាល់សម្រាប់កងទ័ពរបស់យើង»។ សមយុទ្ធនេះ បានប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតដំឡើងលើរថយន្តដឹកទំនិញប្រភេទ Thunderbolt-2000 ផលិតអភិវឌ្ឍក្នុងស្រុក, កាំភ្លើងធំ Paladin ផលិតនៅអាម៉េរិក, មីស៊ីលប្រឆាំងរថក្រោះ, និងកាំភ្លើងត្បាល់ដើម្បីបង្កើតជា«តំបន់សម្លាប់ ឬ Kill zone)» សម្រាប់ទប់ស្កាត់ការវាយលុកឡើងគោករបស់សត្រូវ។

លោក អ៊ុង យីមីង
លោក អ៊ុង យីមីង

កងទ័ពតៃវ៉ាន់ បានបញ្ជាក់ថា នេះជាលើកទីមួយហើយក្នុងរយៈពេល៧ឆ្នាំ ដែលប្រព័ន្ធរ៉ុក្កែត Thunderbolt-2000 ត្រូវបានយកមកបាញ់គ្រាប់ពិតនៅក្នុងតំបន់ប្រតិបត្តិការផ្ទាល់ ដែលប្រព័ន្ធអាវុធនេះ ត្រូវបានបង្កើតឡើងសម្រាប់សមត្ថភាពវាយកម្ទេចរយៈចម្ងាយឆ្ងាយ និងមានភាពចល័តខ្ពស់។ លោក ឡៅ ណេងឆេង (Liao Neng-cheng) មេបញ្ជាការកងរ៉ុក្កែត បានសង្កត់ធ្ងន់ថា៖«ភាពខុសគ្នានៅពេលនេះគឺថា កាលពីមុន យើងច្រើនតែចូលទៅកាន់ទីតាំងមួយសប្តាហ៍មុន ដើម្បីបំពេញការរៀបចំបាញ់។ ប៉ុន្តែលើកនេះ យើងបានទៅដល់ទីតាំងត្រឹមតែមួយថ្ងៃមុនប៉ុណ្ណោះ និងបានរៀបចំទីតាំងដែលពាក់ព័ន្ធភ្លាមៗ។ ដូច្នេះ ពេលវេលារៀបចំរបស់យើង គឺមានភាពប្រញាប់ប្រញាល់ខ្លាំង»។ យ៉ាងណា ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត