ខួប៣៧ឆ្នាំនៃព្រឹត្តិការណ៍ធានអានមិន៖ ប្រធានាធិបតីតៃវ៉ាន់ ជំរុញឱ្យចិនហ៊ានទទួលការពិត និងឈប់ប្រើហិង្សាបំបិទមាត់ពលរដ្ឋ
N
Nary Vann
2 ថ្ងៃមុន

ទីក្រុងតៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te 赖清德 ) បានចេញមុខដាក់សម្ពាធចំៗទៅកាន់រដ្ឋាភិបាលរដ្ឋធានីប៉េកាំង ឱ្យហ៊ានទទួលស្គាល់ការបង្រ្កាបយ៉ាងសាហាវឃោរឃៅទៅលើក្រុមបាតុករ នៅទីលានធានអានមិន (Tian anmen Square) កាលពី៣៧ឆ្នាំមុន...។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធពិធីរំឭកខួបនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៤ ខែមិថុនា ដែលជាប្រធានបទក្តៅសម្រាប់នយោបាយនៅប្រទេសចិន និងកោះតៃវ៉ាន់។ នៅក្នុងការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រធានាធិបតីតៃវ៉ាន់ លោកបានថ្លែងថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រទេសចិនអាចប្រឈមមុខនឹងព្រឹត្តិការណ៍ថ្ងៃទី៤ ខែមិថុនា កាលពី៣៧ឆ្នាំមុន ទទួលស្គាល់ការពិត បន្ធូរបន្ថយការឈឺចាប់ និងបើកទ្វារឆ្ពោះទៅរកការផ្សះផ្សា និងកិច្ចសន្ទនា»លោក ឡៃ ឈីងតេ ក៏បានព្រមានផងដែរ ប្រឆាំងនឹងការជឿជាក់យ៉ាងងងឹតងងុលលើលទ្ធិយោធានិយម ដោយលោកសង្កត់ធ្ងន់ថា រដ្ឋាភិបាល និងសង្គមមានសុខភាពល្អ គួរតែខិតខំគាំទ្រដល់ជីវភាពរស់នៅកាន់តែប្រសើរសម្រាប់ជំនាន់ក្រោយ ជាជាងការប្រើប្រាស់អំពើហិង្សា ការឃ្លាំមើល និងមធ្យោបាយផ្សេងៗ ដើម្បីច្របាច់កសេចក្តីប្រាថ្នា និងលុបបំបាត់មតិយោបល់របស់ពួកគេ។

គួររំឭកថា ព្រឹត្តិការណ៍នៅទីលានកណ្តាលរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី៤មិថុនា ឆ្នាំ១៩៨៩ គឺជាពេលវេលាដែលកងទ័ពចិន បើកការបាញ់ប្រហារដើម្បីបញ្ចប់ការតវ៉ាទាមទារប្រជាធិបតេយ្យ ដឹកនាំដោយក្រុមនិស្សិត។ បច្ចុប្បន្ន ពិធីរំលឹកខួបជាសាធារណៈត្រូវបានធ្វើឡើងតែនៅក្នុងទីក្រុងនានា នៅក្រៅប្រទេសប៉ុណ្ណោះ រួមទាំងទីក្រុងតៃប៉ិ ជាកន្លែងថ្នាក់ដឹកនាំជាន់ខ្ពស់តៃវ៉ាន់ តែងតែប្រើប្រាស់ឱកាសនេះ ដើម្បីរិះគន់ប្រទេសចិន។ គិតមកទល់ពេលនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន មិនទាន់បានឆ្លើយតបភ្លាមៗចំពោះការលើកឡើងរបស់លោក ឡៃ ឈីងតេ នោះទេ ខណៈកន្លងមក ចិនតែងតែចាត់ទុកលោក ឡៃ ជា «បុគ្គលបំបែកខ្លួន» និងបានទាត់ចោលការផ្ដល់ជូនការចរចាជាច្រើនលើកពីសំណាក់រូបលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត