
រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋលេខាធិការស្តីទីនៃកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក លោក ហ៊ុង កៅ (Hung Cao) បានប្រកាសថា សហរដ្ឋអាម៉េរិក បានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ននូវការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដើម្បីធានាថា វ៉ាស៊ីនតោនមានគ្រាប់រំសេវ និងយុទ្ធភណ្ឌគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលមានឈ្មោះថា «Epic Fury»...។

នៅក្នុងសវនាការរបស់សភាជាតិ លោក ហ៊ុង កៅ បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នសហរដ្ឋអាម៉េរិកមានគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងដៃក៏ដោយ ប៉ុន្តែការផ្អាកកិច្ចសន្យាទិញអាវុធតម្លៃ១៤ពាន់លានដុល្លាររបស់តៃវ៉ាន់នេះ គឺដើម្បីធ្វើឱ្យប្រាកដប្រជាថា កងទ័ពសហរដ្ឋអាម៉េរិក មានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការទាំងស្រុង ហើយការលក់អាវុធទៅឱ្យបរទេស នឹងត្រូវបន្តឡើងវិញនៅពេលណាដែលរដ្ឋាភិបាលយល់ថាចាំបាច់។ ការថ្លែងសារដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឱ្យមានការចោទសួរ និងក្ដីបារម្ភយ៉ាងខ្លាំង អំពីកម្រិតនៃការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការគាំទ្រ និងការពារកោះតៃវ៉ាន់ ចំពេលដែលប្រទេសចិនតែងតែទាមទារថា កោះប្រជាធិបតេយ្យមួយនេះ ជាទឹកដីរបស់ខ្លួន។

មុនពេលធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នាពេលថ្មីៗនេះ លោក ត្រាំ ធ្លាប់បានបង្ហើបថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពីរឿងលក់អាវុធឱ្យកោះតៃវ៉ាន់ ដែលទង្វើនេះបានដើរផ្ទុយស្រឡះពីគោលជំហរមុនៗរបស់រដ្ឋធានីវ៉ាស៊ីនតោន ដែលតែងតែប្រកាសដាច់អហង្កាថា នឹងមិនពិគ្រោះយោបល់ជាមួយរដ្ឋធានីប៉េកាំងជាដាច់ខាតលើរឿងកោះតៃវ៉ាន់។ ទោះជាយ៉ាងណា ក្រោយបញ្ចប់ជំនួប លោក ត្រាំ បានប្រាប់ថា លោកមិនទាន់បានផ្តល់ការសន្យាណាមួយទៅកាន់លោក ស៊ី ជីនពីង ឡើយ ហើយលោកនឹងធ្វើការសម្រេចចិត្តចុងក្រោយលើរឿងលក់អាវុធឱ្យកោះតៃវ៉ាន់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ភ្លាមៗបន្ទាប់ពីមានការប្រកាសពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក ខាងភាគីតៃវ៉ាន់ បានចេញមុខមកបន្ធូរបន្ថយសភាពការណ៍ ដោយអ្នកស្រី ការ៉ែន គូ (Karen Kuo) អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងនៅថ្ងៃនេះថា មកទល់ពេលនេះ តៃវ៉ាន់មិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយដែលបង្ហាញថា សហរដ្ឋអាម៉េរិកមានបំណងកែប្រែ ឬលុបចោលកិច្ចព្រមព្រៀងលក់អាវុធនេះឡើយ។ តាមច្បាប់របស់សហរដ្ឋអាម៉េរិក បើទោះបីជារដ្ឋធានីវ៉ាស៊ីនតោនទទួលស្គាល់ជាផ្លូវការ តែរដ្ឋាភិបាលរដ្ឋធានីប៉េកាំងក៏ដោយ ប៉ុន្តែរដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិក បានតម្រូវឱ្យរដ្ឋាភិបាលត្រូវតែផ្តល់អាវុធការពារខ្លួនដល់កោះតៃវ៉ាន់ជាដាច់ខាត។ ការផ្អាកការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាម៉េរិកនៅពេលនេះ ចំពេលដែលចិនកំពុងតែបង្កើនសម្ពាធយោធាយ៉ាងខ្លាំងនៅជុំវិញកោះតៃវ៉ាន់ និងបានប្តេជ្ញាចិត្តថា នឹងវាយយកកោះនេះមកវិញ ទោះបីជាត្រូវប្រើប្រាស់កម្លាំងបាយក៏ដោយ អាចនឹងធ្វើឱ្យតុល្យភាពយោធានៅតំបន់ច្រកសមុទ្ទតៃវ៉ាន់ មានការប្រែប្រួលខ្លាំង៕


