មិនមែនរុស្ស៊ី-អ៊ុយក្រែន ហើយក៏មិនមែនជម្លោះអាម៉េរិក-អ៊ីរ៉ង់ដែរ! កូនកោះតៃវ៉ាន់អាចជាចំណុចប្រសព្វនៃការផ្ទុះស.ង្គ្រា.មលោកលើកទី៣?
ហៀប ស៊ីថេត
13 ម៉ោងមុន

វិបាត់សកល៖ ជម្លោះរវាងសហរដ្ឋអាម៉េរិក និងចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ អាចនឹងប្រឈមហានិភ័យនៃការឈានទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខណៈកងទ័ពប្រទេសទាំង២ ទំនងជានឹងបើកប្រតិបត្តិការទ្រង់ទ្រាយធំ ក្នុងការវាយប្រហារលើមជ្ឈមណ្ឌលបញ្ជាការ និងប្រព័ន្ធទំនាក់ទំនងរបស់គូប្រជែង។ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវការពារជាតិឈានមុខនៃរាជធានីឡុងដ៍បានធ្វើការវិភាគ...។

នៅក្នុងការវាយតម្លៃជាយុទ្ធសាស្ត្រមួយដែលបានចេញផ្សាយ មុនពេលកិច្ចប្រជុំការពារជាតិប្រចាំឆ្នាំដ៏ធំបំផុតរបស់អាស៊ី សាំងគ្រីឡា ដែលនឹងចាប់ផ្តើមនៅក្នុងប្រទេសសិង្ហបុរី នាចុងសប្តាហ៍នេះ វិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ (IISS) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បញ្ជាក់ថា ពិភពលោកកំពុងស្ថិតនៅលើគែមនៃការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរសាជាថ្មី ដោយមានតំបន់អាស៊ីប៉ាស៊ីហ្វិកជាស្នូល។ របាយការណ៍វាយតម្លៃរបស់ IISS បានគូសបញ្ជាក់ថា៖«បណ្តារដ្ឋនៅក្នុងតំបន់ និងរដ្ឋដែលមានផលប្រយោជន៍យុទ្ធសាស្ត្រ កំពុងតែពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ កំពុងស្វះស្វែងរកសមត្ថភាពវាយប្រហារដោយអាវុធធម្មតា ក្នុងរយៈចម្ងាយឆ្ងាយ ដែលកត្តាទាំង២នេះ សុទ្ធតែដាក់សម្ពាធដល់ស្ថិរភាពយុទ្ធសាស្ត្រ»។ បញ្ហាកោះតៃវ៉ាន់ រួមជាមួយជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់ និងភាពមិនប្រាកដប្រជានៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះតំបន់នេះ ត្រូវបានគេរំពឹងថា នឹងលេចធ្លោខ្លាំងនៅក្នុងកិច្ចសន្ទនាសាំងគ្រីឡា របស់វិទ្យាស្ថាន IISS។

ព្រឹត្តិការណ៍នេះ ធ្វើឡើងបន្ទាប់ពីជំនួបកំពូលរវាង លោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ នៅរដ្ឋធានីប៉េកាំង​ កាលពីដើមខែឧសភាកន្លងទៅ បានបង្កឱ្យទីក្រុងតៃប៉ិមានការព្រួយបារម្ភជាខ្លាំង អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការជួយកោះនេះ ដើម្បីការពារខ្លួនពីក្រញ៉ាំនាគរាជ។ តាមពិតទៅ រដ្ឋធានីប៉េកាំង មិនដែលបោះបង់ចោលគំនិតប្រើប្រាស់កម្លាំងបាយ ដើម្បីដណ្តើមគ្រប់គ្រងកោះតៃវ៉ាន់នោះទេ ប៉ុន្តែក៏បានលើកឡើងដែរថា ខ្លួនចង់បានការបង្រួបបង្រួមដោយសន្តិវិធី។ ចំណែក ឯរដ្ឋាភិបាលតៃវ៉ាន់វិញ បានបដិសេធការទាមទារអធិបតេយ្យភាពរបស់រដ្ឋធានីប៉េកាំង។ របាយការណ៍វាយតម្លៃកម្រាស់១៥៦ទំព័ររបស់ IISS បានពិនិត្យលើការវិវត្តគោលលទ្ធិយោធានៅទូទាំងតំបន់ ក៏ដូចជារបៀបដែលជម្លោះលើកោះតៃវ៉ាន់ អាចនឹងកើតឡើង។ ទោះបីជាកងកម្លាំងសហរដ្ឋអាម៉េរិក និងចិន មានគោលដៅខុសគ្នាក្នុងសេណារីយ៉ូតៃវ៉ាន់ (ដោយភាគីចិនចង់រារាំងអាម៉េរិក និងសម្ព័ន្ធមិត្តមិនឱ្យចូលក្បែរ ខណៈអាម៉េរិកចង់ពង្រឹងភាពធន់របស់តៃវ៉ាន់) ភាគីទាំង២ ត្រូវបានគេរំពឹងថា នឹងបើកប្រតិបត្តិការដ៏ធំសម្បើមលើគ្រប់ដែនយោធា។

របាយការណ៍នោះ បានសរសេរយ៉ាងក្បោះក្បាយថា៖«ជម្លោះជាមួយចិន នឹងប្រឈមហានិភ័យនៃការវិវឌ្ឍទៅមុខ ជាពិសេស គឺឈានដល់កម្រិតនុយក្លេអ៊ែរ ដោយសារសារសំខាន់ជាយុទ្ធសាស្ត្រនៃកោះតៃវ៉ាន់ សម្រាប់រដ្ឋធានីប៉េកាំង។ បច្ចុប្បន្នមានភស្តុតាងជាសាធារណៈតិចតួចណាស់ ដែលបង្ហាញថា កងទ័ពទាំង២យល់ដឹងពីរបាំងការពារចាំបាច់ ដើម្បីបង្ការ ឬវិធាននៃការប្រយុទ្ធដែលនឹងកម្រិតមិនឱ្យភាគីទាំងសងខាងវាយប្រហារលើប្រព័ន្ធបញ្ជាការ គ្រប់គ្រង គមនាគមន៍ កុំព្យូទ័រ ស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការស៊ើបការណ៍សម្ងាត់របស់គ្នា ទៅវិញទៅមកនោះទេ។ ដូច្នេះ លទ្ធភាពនៃការឈានទៅរកសង្គ្រាមនុយក្លេអ៊ែរ នឹងបន្តលេចឡើងយ៉ាងធំធេងនៅក្នុងជម្លោះកម្រិតធំរវាងអាម៉េរិក និងចិន»។ បើទោះបីជាឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក និងរុស្ស៊ី នៅមានទំហំធំជាងចិនឆ្ងាយក៏ដោយ ប៉ុន្តែមន្ត្រីសហរដ្ឋអាម៉េរិក និងអ្នកវិភាគការត្រួតពិនិត្យអាវុធ បានអះអាងថា ប្រទេសចិនកំពុងពង្រីក និងកែលម្អសមត្ថភាពអាវុធបរិមាណូររបស់ខ្លួនលឿនជាងមហាអំណាចនុយក្លេអ៊ែរដទៃទៀត។

យ៉ាងណា របាយការណ៍របស់មន្ទីរបញ្ចកោណ ចេញផ្សាយកាលពីខែធ្នូ បានបង្ហាញថា ប្រទេសចិន កំពុងស្ថិតនៅលើគន្លងនៃការផលិតក្បាលគ្រាប់នុយក្លេអ៊ែរឱ្យបានចំនួន ១០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០។ ជាចុងក្រោយ សហព័ន្ធអ្នកវិទ្យាសាស្រ្តអាម៉េរិក (FAS) បានប៉ាន់ប្រមាណថា បច្ចុប្បន្ន ប្រទេសរុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរសកម្មចំនួន៤៤០០គ្រាប់ សហរដ្ឋអាម៉េរិកមាន៣៧០០គ្រាប់ ខណៈចិនមានចំនួន ៦២០គ្រាប់

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត