ខួប២ឆ្នាំនៃការកាន់អំណាច៖ ប្រធានាធិបតីតៃវ៉ាន់ ប្ដេជ្ញាការពារសេរីភាព ទោះបីអាម៉េរិកបន្ធូរដៃគាំទ្រ
N
Nary Vann
12 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានថ្លែងសារយ៉ាងម៉ឺងម៉ាត់ចេញពីវិមានប្រធានាធិបតីក្នុងទីក្រុងតៃប៉ិ កាលពីថ្ងៃទី២០ ខែឧសភានេះ ចំឱកាសប្រារព្ធខួបពីរឆ្នាំនៃការឡើងកាន់តំណែងរបស់លោក ដោយបញ្ជាក់ថា អនាគតកោះតៃវ៉ាន់ មិនអាចត្រូវកំណត់ដោយកម្លាំងខាងក្រៅណាមួយឡើយ ហើយកោះប្រជាធិបតេយ្យមួយនេះ ក៏នឹងមិនបោះបង់ចោលសេរីភាពរបស់ខ្លួនជាដាច់ខាត។

 លោក ឡៃ ឈីងតេ
 លោក ឡៃ ឈីងតេ

លោកបានសង្កត់ធ្ងន់ថា៖«ប្រជាធិបតេយ្យមិនមែនជាកាដូដែលធ្លាក់ពីលើមេឃនោះទេ។ អនាគតរបស់តៃវ៉ាន់ មិនអាចត្រូវគេយកធ្វើជាចំណាប់ខ្មាំងដោយសារការភ័យខ្លាច ការបែកបាក់ ឬផលប្រយោជន៍រយៈពេលខ្លីនោះនោះដែរ ប៉ុន្តែវាត្រូវតែសម្រេចរួមគ្នា ដោយប្រជាពលរដ្ឋតៃវ៉ាន់ទាំង២៣លាននាក់»។ ការប្រកាសជំហររឹងរូសរបស់មេដឹកនាំតៃវ៉ាន់នាពេលនេះ ធ្វើឡើងចំពេលដែលលោកកំពុងប្រឈមមុខនឹងសម្ពាធជុំទិស មិនត្រឹមតែពីប្រទេសចិន ដែលចាត់ទុកលោកជាជនបំបែករដ្ឋនោះទេ ប៉ុន្តែថែមទាំងពីសហរដ្ឋអាម៉េរិក ដែលជាខ្នងបង្អែកដ៏សំខាន់បំផុតរបស់ខ្លួនផងដែរ។ កាលពីសប្តាហ៍មុន ក្រោយបញ្ចប់ជំនួបកំពូលជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកមិនទាន់សម្រេចចិត្តថា តើគួរតែបន្តលក់អាវុធឱ្យតៃវ៉ាន់ទៀត ឬយ៉ាងណានោះទេ? ដោយលោកចាត់ទុកការលក់អាវុធនេះ ជា«កូនអុកសម្រាប់ចរចាដ៏ល្អមួយ» ជាមួយចិន ហើយលោកក៏មិនចង់ឃើញតៃវ៉ាន់ប្រកាសឯករាជ្យភ្លាមៗ ដោយអាងមានសហរដ្ឋអាម៉េរិកនៅពីក្រោយនោះដែរ។

ឆ្លើយតបនឹងការព្រួយបារម្ភទាំងនេះ លោក ឡៃ ឈីងតេ បានបញ្ជាក់បន្ថែមថា ការរក្សាសន្តិភាព ស្ថិរភាព និងការរារាំងមិនឱ្យកម្លាំងខាងក្រៅមកផ្លាស់ប្ដូរស្ថានភាពដើមនៅច្រកសមុទ្ទតៃវ៉ាន់ គឺជាគោលដៅយុទ្ធសាស្ត្រចម្បងរបស់តៃវ៉ាន់។ លោកបានរំលឹកឡើងវិញថា តៃវ៉ាន់តែងតែបើកចំហ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា និងផ្លាស់ប្ដូរទំនាក់ទំនងជាមួយចិនដោយតម្លាភាព និងមានសេចក្តីថ្លៃថ្នូរស្មើភាពគ្នា ប៉ុន្តែតៃវ៉ាន់ដាច់ខាតបដិសេធរាល់ការប៉ុនប៉ងទាំងឡាយណា ដែលយកពាក្យ «សន្តិភាព» មកបិទបាំង ដើម្បីបង្ខំឱ្យតៃវ៉ាន់ចុះចូលជាមួយចិនវិញនោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត