អាជ្ញាធរខេត្តព្រះសីហនុ ឆ្មក់បង្ក្រាបឃ្លាំងបង្កប់បទល្មើសអនឡាញស្កេម ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៤០នាក់
ហាក់ អ៊ីឌី
09 មិថុនា 2026 03:00 PM

ក្រុងព្រះសីហនុ៖ ទីតាំងឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី០៨មិថុនាម្សិលមិញ ត្រូវបានអាជ្ញាធរ បើកការឆ្មក់បង្ក្រាបក្រោយសង្ស័យថា បានលបលួចបង្កប់បទល្មើសអនឡាញស្កេម...។

យុទ្ធនាការនេះ ធ្វើឡើងដោយកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបករណីលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្កេម) បន្ទាប់ពីអាជ្ញាធរបើកការស៊ើបអង្កេត ស្រាវជ្រាវ​ យ៉ាងយកចិត្តទុកដាក់អស់ជាច្រើនថ្ងៃ។ ជាមួយគ្នា អាជ្ញាធរបានឃាត់ខ្លួនជនបរទេសប្រុសស្រី បានចំនួន៤០នាក់ រួមមាន៖ ជនជាតិចិន៣៦នាក់ និង៤នាក់ទៀតជនជាតិខ្មែរផងដែរ។  

ក្រោយពីក្រសោបបានជនល្មើសទាំងនោះ កម្លាំងជំនាញបានបន្តដកហូតវត្ថុតាងរួមមាន កុំព្យូទ័រសរុបចំនួន៥៨គ្រឿង ទូរសព្ទដៃចំនួន១២១គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនបន្ថែមទៀត។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត