អូស្ត្រាលីផ្តល់ថវិកាជាង១លានដុល្លារ គាំទ្រការបោសសម្អាតមីន និងស្តារសហគមន៍ព្រំដែនកម្ពុជា
អុន សម្ផស្ស
09 មិថុនា 2026 02:04 PM

រាជធានីភ្នំពេញ៖ ប្រទេសអូស្ត្រាលី បានផ្តល់ថវិកាប្រមាណជាង១លាន៥ម៉ឺនដុល្លារអាម៉េរិក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងសកម្មភាពបោសសម្អាតមីន តាមសហគមន៍ព្រំដែនប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ដោយជម្លោះថៃឈ្លានពាន។ ទាំងស្ថានទូតអូស្ត្រាលី​ និងអាជ្ញាធរមីនកម្ពុជា សុទ្ធតែបានប្រកាសព័ត៌មាននេះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦...។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានរវាង លោក ដេរិក យីព (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោក អេនរីកុ ហ្គេវ៉េកលៀ (Enrico Gaveglia) អ្នក​តំណាង​អង្គការ​ UNDP ប្រចាំ​កម្ពុជា ត្រូវធ្វើឡើងកាលពីថ្ងៃទី៨មិថុនា ដោយមាន លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអាជ្ញាធរមីនកម្ពុជា ធ្វើជាសាក្សី។ តាមរយៈ«គម្រោងបោសសម្អាត ដើម្បីលទ្ធផលដំណាក់កាលទី V (CfR-V)» ដែលអនុវត្តរួម​គ្នា​ដោយអាជ្ញាធរមីន​ និង​អង្គការ​ UNDP នឹងផ្តោតលើខេត្តចំនួន៤ រួមមាន៖ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ​ ​ជា​ខេត្ត​រង​ផល​ប៉ះពាល់ខ្លាំង​ដោយ​សារ​ជម្លោះតាម​ព្រំដែន​កម្ពុជា​-ថៃ​។ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបញ្ជាក់ថា៖«ជំនួយនេះ នឹងជួយសហគមន៍តំបន់ព្រំដែន[កម្ពុជា-ថៃ] ដែលបានផ្លាស់ទីលំនៅដោយសារជម្លោះ ឱ្យអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចសង្គមក្នុងតំបន់»

តាមកិច្ចព្រមព្រៀង ថវិកា១,៥លានដុល្លារអូស្ត្រាលីស្មើនឹងជាង១លាន៥ម៉ឺនដុល្លារអាម៉េរិក ដែលផ្តល់ដោយអូស្ត្រាលីនាពេលនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការបោសសម្អាតមីន ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅ និងការស្តារសេដ្ឋកិច្ចសង្គមនៅតំបន់រងផលប៉ះពាល់។ លោក លី ធុជ លើកឡើងថា សកម្មភាពមីន គឺជាកិច្ចការមនុស្សធម៌ និងអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩២មក ថវិកាជាង១ពាន់លានដុល្លារ ត្រូវបានវិនិយោគក្នុងការបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម ការជួយជនរងគ្រោះ និងការការពារសហគមន៍។ ក្នុងនោះប្រមាណ ៧០ភាគរយ ជាជំនួយពីសហគមន៍អន្តរជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជាបន្តបង្កើនការវិនិយោគជាតិលើវិស័យនេះ។

ជាមួយគ្នា លោកទេសរដ្ឋមន្ត្រីលើកឡើងថា អូស្ត្រាលី គឺជាដៃគូដ៏ជឿទុកចិត្តមួយរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយបានគាំទ្រគម្រោង CfR តាំងពីឆ្នាំ២០០៦។ មកដល់បច្ចុប្បន្ន អូស្ត្រាលី បានផ្តល់ថវិកាសរុប ៤៥,៣១លានដុល្លារអូស្ត្រាលី ដល់គម្រោងនេះ។ កម្ពុជា សម្ដែងការដឹកគុណដល់ UNDP ដែលបានសហការជាមួយអាជ្ញាធរមីន អស់រយៈពេលជិត២០ឆ្នាំហើយតាមរយៈគម្រោង CfR កន្លងមក ផ្ទៃដីប្រមាណ៤២៧គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនប្រជាពលរដ្ឋកម្ពុជាដែលស្មើនឹង ១៣,៥ភាគរយ នៃលទ្ធផលបោសសម្អាតទូទាំងប្រទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត