
បទបរិយាយ៖ ដោយសារតំបន់អាស៊ីអាគ្នេយ៍ ស្ថិតក្នុងល្បែងអុកចក្រត្រង្គយោធាដ៏មុតស្រួចមួយ ក្នុងចរន្តភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាច ធ្វើឱ្យប្រទេសមួយចំនួនបែងចែកគ្នា ឈោងចាប់បងធំពិភពលោកទាំងនោះយកមកធ្វើជាខ្នងបង្អែក និងដើម្បីបញ្ជាទិញសព្វាវុធដាក់ចូលក្នុងឃ្លាំងរបស់ខ្លួន។ រាជាណាចក្រម៉ាឡេ ក៏ជាប្រទេសមានព្រំប្រទល់ដែនជាប់របងផ្ទះជាមួយថៃ និងមានជម្លោះព្រំដែនគោកជាមួយគ្នាផងដែរ ប៉ុន្តែយោធាថៃបច្ចុប្បន្នមិនហ៊ានឈ្លានពានទឹកដីរាជាណាចក្រម៉ាឡេ ដូចពីអតីតកាលឡើយ។ តើមានហេតុផលអ្វី បានជាយោធាថៃ មិនហ៊ានឈ្លានពានរាជាណាចក្រម៉ាឡេ ដូចមុន? ហើយថា តើម៉ាឡេស៊ីមានសព្វាវុធទំនើបៗអ្វីខ្លះ ទុកសម្រាប់ការពារកំពែងការពារជាតិរបស់ខ្លួន? ថ្ងៃនេះ SBM News នឹងលើកយកឧត្តមភាពវិស័យយោធារបស់រាជាណាចក្រម៉ាឡេ និងកូនសោសម្ងាត់ទុកសម្រាប់បង្ក្រាបមហិច្ឆតាឈ្លានពានរបស់យោធាថៃ មកជម្រាបជូនលោកអ្នកនាងបានជ្រាប...។

ទោះបីប្រទេសថៃ មានរថក្រោះធុនធ្ងន់ VT-4 របស់ចិន និង T-84 Oplot-M របស់អ៊ុយក្រែនក៏ដោយ ប៉ុន្តែយុទ្ធោបករណ៍ផ្នែកទ័ពជើងគោករបស់ម៉ាឡេស៊ី មិនធម្មតាដែ។ មិនធម្មតា! ក៏ព្រោះតែរាជាណាចក្រម៉ាឡេស៊ី ប្រើប្រាស់រថក្រោះ PT-91M Pendekar ដែលជារថក្រោះប្រយុទ្ធធុនធ្ងន់តែមួយគត់ និងមានភាពចម្បងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាជារថក្រោះកូនកាត់២សាសន៍ ដែលត្រូវបានអភិវឌ្ឍកែច្នៃយ៉ាងស៊ីជម្រៅចេញពីរថក្រោះ T-72 របស់អតីតសហភាពសូវៀត ដោយប្រទេសប្រទេសប៉ូឡូញ។ វាអាចប្រយុទ្ធយ៉ាងរហ័សរហួននៅក្នុងតំបន់ព្រៃក្រាស់ និងតំបន់ល្បាប់ភក់។ អ្វីកាន់តែពិសេស រាជាណាចក្រម៉ាឡេស៊ី ក៏មានរថពាសដែកប្រភេទ AV8 Gempita និង ACV-300 Adnan ផលិតដោយខ្លួនឯងផងដែរ។ វាជាឆ្អឹងខ្នងនៃកងរថពាសដែកម៉ាឡេស៊ី ដែលត្រូវបានកែច្នៃតាមបច្ចេកវិទ្យាក្នុងស្រុក។ វាអាចបំពាក់មីស៊ីលប្រឆាំងរថក្រោះដេញតាមកម្ទេចពីចម្ងាយ ហើយវាក៏មានបទពិសោធនៅក្នុងសមរភូមិជាក់ស្តែងដែរ។

បើនិយាយពីសមរភូមិដែនអាកាស កងទ័ពអាកាសរាជវង្សម៉ាឡេ ក៏រឹតតែមិនធម្មតា ដែលយោធាថៃ មិនអាចមើលស្រាលដូចពីអតីតកាលបានឡើយ នោះគឺបិសាចទាព្រលឹងលើមេឃ Su-30MKM Flanker-H វាជាបក្សីស្លាបដែកមានសមត្ថភាពបត់បែនខ្ពស់ ដោយអាចបោកបញ្ឆោតប្រព័ន្ធរ៉ាដា និងផ្ទុកគ្រាប់មីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយ ខណៈ F/A-18D Hornet គឺជាយន្តហោះចម្បាំងម៉ាឡេស៊ីតែមួយគត់ ដែលធ្លាប់ទម្លាក់គ្រាប់បែកពិតប្រាកដនៅក្នុងសមរភូមិជាក់ស្តែង។ ក្រៅពីនេះ ម៉ាឡេស៊ី នៅមានយន្តហោះប្រយុទ្ធវ័យចំណាស់ ដូចជា BAE Hawk 208, យន្តហោះប្រយុទ្ធធុនស្រាលថ្មី FA-50M របស់កូរ៉េខាងត្បូង, យន្តហោះភស្តុភាកម្ម A400M Atlas និង C-130 Hercules ផងដែរ។ ចំណែក ឧទ្ធម្ភាគចក្រ ម៉ាឡេស៊ីប្រើប្រាស់វិញ មាន EC 725 Caracal និង Super Lynx 300 ដែលសុទ្ធតែជាឃាតកនៅលើអាកាសាទាំងអស់ ពួកវាអាចធានាបានថា ផ្ទៃមេឃរបស់ប្រទេសម៉ាឡេស៊ី មិនអាចមានឧទ្ធម្ភាគចក្រចម្បាំងប្រទេសណាមួយ ហោះឆ្លងដែនបំពានច្បាប់ បានតាមអំពើចិត្តឡើយ។

រីឯយន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់ប្រទេសម៉ាឡេស៊ី ក៏មានឥទ្ធិពលគួរឱ្យខ្លាចរអាដែរ ព្រោះយោធាម៉ាឡេស៊ីបានជ្រើសយកប្រភេទ ANKA-S របស់ប្រទេសតួកគី មកបំពេញឃ្លាំងអាវុធរបស់ខ្លួន ដោយដ្រូនប្រភេទ ANKA-S នេះ វាអាចហោះបានក្នុងរយៈកម្ពស់មធ្យម និងធន់បានយូរ ក៏ដូចជាអាចទប់ទល់បាននូវគ្រប់ស្ថានភាពអាកាសធាតុមិនអំណោយផលបានយ៉ាងល្អថែមទៀតផង។ ងាកទៅមើលប្រព័ន្ធការពារដែនអាកាសវិញ រឹតតែធ្វើឱ្យសត្រូវពិចារណាមិនក្រោម១០ដងទេ មុនសម្រេចចិត្តបើកការឈ្លានពានមកលើប្រទេសម៉ាឡេស៊ី។ យោធាម៉ាឡេស៊ី ប្រើប្រាស់ប្រព័ន្ធមីស៊ីល Star streak របស់ចក្រភពអង់គ្លេស វាត្រូវបាននាំផ្លូវដោយកាំរស្មីឡាស៊ែររួចហោះទៅកម្ទេចសត្រូវនៅលើអាកាសបានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ វាជាប្រភេទប្រព័ន្ធការពារដែនអាកាសស្ពាយលើស្មាចល័ត លឿនជាងគេបំផុតក្នុងលោក។ យោធាម៉ាឡេស៊ី ក៏នៅមានខែលការពារដែនអាកាសរយៈចម្ងាយខ្លី Rapier missile មួយប្រភេទទៀតផងដែរ។

Rapier Missile ត្រូវបានបង្កើតឡើងដោយចក្រភពអង់គ្លេស ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងដាក់ឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ១៩៧១ វាជាមីស៊ីលអាចហោះបានល្បឿនលឿនជាងសំឡេងដល់ទៅ២,៥ដង និងអាចកម្ទេចគោលដៅក្នុងចម្ងាយចន្លោះពី៤០០ម៉ែត្រ ទៅ៨គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ចាប់ពី៣រហូតដល់ទៅ៥គីឡូម៉ែត្រ។ ក្រៅពីនេះ យោធារាជាណាចក្រម៉ាឡេស៊ី ក៏នៅមានប្រើប្រព័ន្ធមីស៊ីលការពារអាកាសចល័តលីលើស្មាដ៏ល្បីល្បាញមួយប្រភេទទៀតរបស់អតីតសហភាពសូវៀត នោះគឺ ម្ចុលទម្លុះមេឃ Igla វាត្រូវបានចាប់កំណើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៧០ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ១៩៨១។ វាជាមីស៊ីលប្រឆាំងយន្តហោះធុនតូច ដោយទាហានម្នាក់ អាចស្ពាយលើស្មាដើរចល័តតាមព្រៃភ្នំ ហើយបាញ់តម្រង់ទៅរកយន្តហោះ ឧត្ថម្ភាចក្រ ឬដ្រូនខ្មាំងសត្រូវបានយ៉ាងរហ័ស។

ផ្នែកកងទ័ពជើងទឹកវិញ គឺជាកងកម្លាំងប្រយុទ្ធស្នូលរបស់យោធាម៉ាឡេស៊ី។ ការណ៍ដែលម៉ាឡេស៊ីមានកម្លាំងទ័ពជើងទឹកខ្លាំង មិនមែនជារឿងចៃដន្យឡើយ! មិនចៃដន្យក៏ព្រោះតែទីតាំងភូមិសាស្ត្រប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងចំណុចដ៏រស៊ើប។ ជាក់ស្តែង ប្រទេសម៉ាឡេស៊ី ស្ថិតនៅចំបេះដូងនៃផ្លូវទឹកក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្លូវទឹកដ៏មមាញឹកបំផុតមួយនៅលើផែនដី និងជាចំណុចខណ្ឌចែកសមុទ្ទចិនខាងត្បូង និងច្រកសមុទ្ទម៉ាឡាកា។ ម៉ាឡេស៊ី មាននាវាមុជទឹកថ្នាក់ Scorpène ដើរដោយថាមពលម៉ាស៊ូត-អគ្គិសនីចំនួន២គ្រឿង។ វាគឺជាឃាតកលាក់មុខ ព្រោះវាអាចសម្ងំយ៉ាងស្ងាត់ស្ងៀមនៅក្នុងជម្រៅទឹកជ្រៅ នៃច្រកសមុទ្ទម៉ាឡាកា ឬសមុទ្ទចិនខាងត្បូង។ អ្វីដែលធ្វើឱ្យថៃកាន់តែញញើតម៉ាឡេស៊ីខ្លាំងទៀតនោះ គឺនាវាចម្បាំងមុចទឹកមួយគូនេះ អាចពួនបាញ់ពន្លិចនាវាចម្បាំងធំៗរបស់យោធាថៃ រួមទាំងនាវាផ្ទុកយន្តហោះតូចបំផុតក្នុងលោក HTMS Chakri Naruebet បានផងដែរ។

នៅមិនទាន់អស់ត្រឹមនេះទេ រាជាណាចក្រម៉ាឡេស៊ី ក៏នៅមាននាវាចម្បាំងបំបាំងកាយ Maharaja Lela មួយប្រភេទទៀត វាជានាវាចម្បាំងដ៏ធំ និងទំនើបបំផុតដែលសាងសង់នៅលើទឹកដីនៃប្រទេសម៉ាឡេស៊ីដោយផ្ទាល់។ វាត្រូវបានលែងចូលទៅក្នុងសមុទ្ទឱ្យហែលលើផ្ទៃទឹកកាលពីខែមករា ឆ្នាំ២០២៦ ថ្មីៗនេះ វាមានសមត្ថភាពបញ្ជាការ និងវាយប្រហារលើផ្ទៃទឹកយ៉ាងខ្លាំងក្លា ដែលសត្រូវខ្លាចរអា។ បន្ថែមលើនេះម៉ាឡេស៊ី ក៏បានដាក់ឱ្យប្រើប្រាស់នូវនាវាប្រភេទ Frigate ថ្នាក់ឡេកៀវ (Lekiu) របស់ចក្រអង់គ្លេសស, នាវាល្បាតថ្នាក់កេដាហ៍ (Kedah) របស់អាល្លឺម៉ង់, នាវាល្បាតធុនស្រាលប្រភេទកូវ៉េតតេស (Corvettes) ថ្នាក់ឡាក់សាម៉ាណា (Laksamana) ផលិតដោយអ៊ីតាលី និងនាវាបេសកកម្មតំបន់ឆ្នេរ ថ្នាក់កេរីស (Keris) របស់ប្រទេសចិន។

សម្រាប់កងទ័ពថ្មើរជើងវិញ យោធាម៉ាឡេស៊ីមានបំពាក់ដោយអាវុធស្ដង់ដារលំដាប់ខ្ពស់ ដូចជា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Astros II របស់ប្រេស៊ីល, កាំភ្លើង M4 Carbine ដំឡើងក្នុងស្រុក, កាំភ្លើង Bullpup Steyr AUG, និងកាំភ្លើងយន្តធុនធ្ងន់បុរាណ ប៉ុន្តែវាមានភាពសាហាវ គឺ M2 Browning និង FN MAG។ សម្រាប់កងកម្លាំងពិសេស ឬ Snipper ពួកគេបំពាក់ដោយកាំភ្លើងលបបាញ់ចម្ងាយឆ្ងាយ Barrett .50 Cal និងកាំភ្លើងធំ Carl Gustaf សម្រាប់បាញ់ជញ្ជ្រុំកម្ទេចលេណដ្ឋានសត្រូវ រួមទាំងកាំភ្លើងខ្លី Glock 17 ។ សូមបញ្ជាក់បន្ថែមថា ក្រៅពីសព្វាវុធយុទ្ធោបករណ៍សំខាន់ៗ និងទំនើបៗទាំងនេះ រាជាណាចក្រម៉ាឡេ នៅមានកូនសោសំខាន់មួយទៀតដែលថៃកំពុងព្រួយបារម្ភខ្លាំងបំផុត កុំថាឡើយហ៊ានដល់ទៅឈ្លានពានប្រទេសម៉ាឡេស៊ី នោះគឺក្រុមបំបែករដ្ឋនៅភាគខាងត្បូងប្រទេសថៃ ជាអតីតដែនដីរាជាណាចក្រម៉ាឡេពីអតីតកាល ដែលថៃបានប្លន់យកដូចអតីតដែនដីខ្មែរលើរបស់ប្រទេសកម្ពុជាយើងដែរ។

ទោះយ៉ាងណា បច្ចុប្បន្ន រាជាណាចក្រម៉ាឡេស៊ី ហាក់មិនខុសពីព្រះរាជាណាចក្រកម្ពុជាប៉ុន្មានទេ ប្រទេសទាំងពីរ ត្រូវការសន្តិភាពជាចម្បង និងមិនចង់មានរឿងរ៉ាវវែងឆ្ងាយជាមួយប្រទេសជិតខាងឡើយ ទោះអតីតដែនដីរបស់ខ្លួនត្រូវបានបាត់បង់ពីអតីតកាល តែក៏មិនចង់ទាមទារយកមកវិញ ក្រៅពីរក្សាកេរមរតកដូចតារបស់ខ្លួនដែលបានបន្សល់ឱ្យប៉ុណ្ណោះ។ ម៉ាឡេស៊ី តែងប្រើវិធីការទូតទន់ភ្លន់ ប៉ុន្តែមានកំពែងការពារជាតិរឹងមាំ ជាមួយនឹងបច្ចេកវិទ្យាលំដាប់ខ្ពស់ មិនឱនក្បាលដាក់សត្រូវរបស់ខ្លួនឡើយ។ ដូច្នេះហើយ បានជាយោធាជាថៃ មិនហ៊ានព្រហើនដាក់ម៉ាឡេស៊ីដូចពេលមុនទេ មានពេលខ្លះ ថៃបានទៅអង្វរមេដឹកនាំម៉ាឡេស៊ីឱ្យជួយទប់ស្កាត់ក្រុមបំបែកខ្លួននៅភាគខាងត្បូងប្រទេសថៃថែមទៀតផង។ ពោលគឺបើនិយាយឱ្យចំទៅ ក្នុងចំណោមប្រទេសជិតខាងថៃទាំង៤ មានតែកម្ពុជា និងឡាវទេ ដែលថៃហ៊ានមើលងាយ និងបើកការឈ្លានពាន។ សម្រាប់រាជាណាចក្រម៉ាឡេ ឬប្រទេសភូមាវិញ យោធាថៃ ដេកគិតតាំងពីសក់នៅខ្មៅរហូតដល់សក់ស្កូវ ក៏នៅមិនហ៊ានបើកប្រតិបត្តិការឈ្លានពានដែរ ទាំងដែលថ្មីៗនេះ យោធាភូមាបានបង្ហោះដ្រូនធ្លាក់ចូលក្នុងទឹកដីថៃ បង្កឱ្យប្រជាជន៣នាក់ស្លាប់ ក៏ថៃមិនហ៊ានក្អកគ្រហែមដាក់ភូមាវិញដែរ សមដូចពាក្យចាស់មួយឃ្លាពោលថា៖«បើចង់ឱ្យគេខ្លាច ទាល់តែយើងខ្លាំង!» ពិតជាត្រឹមត្រូវណាស់..៕





