ពលរដ្ឋកេនយ៉ាផ្ទុះកំហឹង ធ្វើបាតុកម្មប្រឆាំងនឹងគម្រោងបង្កើតមជ្ឈមណ្ឌលចត្តាឡីស័កជំងឺអេបូឡា ឱ្យជនជាតិអាម៉េរិក
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីណៃរ៉ូប៊ី៖ ប្រជាពលរដ្ឋកេនយ៉ារាប់រយនាក់ បាននាំគ្នាចេញមកធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងណានយុគិ Nanyuki ភាគកណ្ដាលប្រទេសកេនយ៉ា កាលពីថ្ងៃទី១មិថុនា ប្រឆាំងយ៉ាងដាច់អហង្កាចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលចត្តាឡីស័ក សម្រាប់អ្នកសង្ស័យផ្ទុកមេរោគអេបូឡា ដែលជាជនជាតិអាម៉េរិក នៅក្នុងមូលដ្ឋានទ័ពអាកាសដ៏ធំមួយរបស់ប្រទេស...។

បាតុកម្មនេះ បានផ្ទុះឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលកេនយ៉ា បានចេញដីកាបញ្ជាឱ្យផ្អាកគម្រោងនេះជាបណ្ដោះអាសន្ន។ ក្រុមបាតុករ បានប្រមូលផ្ដុំគ្នាបិទផ្លូវឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាសឡៃគិពៀរ (Laikipia) ដោយមានការផ្លុំកញ្ចែ ស្រែកតវ៉ា និងដុតកង់រថយន្តបង្កជាផ្សែងហុយទ្រលោម ធ្វើឱ្យកងកម្លាំងប៉ូលិស និងយោធា ត្រូវបង្កើនវត្តមានដើម្បីយាមកាមយ៉ាងតឹងរ៉ឹង។ ពលរដ្ឋកេនយ៉ា បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ព្រោះបច្ចុប្បន្ន ប្រទេសកេនយ៉ាមិនទាន់មានការឆ្លងមេរោគអេបូឡា សូម្បីតែមួយករណីឡើយ ខណៈវីរុសនេះកំពុងរាតត្បាតសម្លាប់មនុស្សអស់ជាង២០០នាក់នៅក្នុងប្រទេសជិតខាងដូចជា សធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា។

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានបង្ហើបថា គម្រោងនេះគឺជាការសាងសង់អគារដែលមានគ្រែព្យាបាលចំនួន៥០ ដើម្បីទទួលបម្រើដល់ពលរដ្ឋអាម៉េរិកណា ដែលបានប៉ះពាល់ជាមួយមេរោគនេះ ប៉ុន្តែមិនទាន់ចេញរោគសញ្ញា ដោយខាងរដ្ឋធានីវ៉ាស៊ីនតោន នឹងជួយឧបត្ថម្ភទឹកប្រាក់ចំនួន១៣,៥លានដុល្លារ សម្រាប់ការត្រៀមលក្ខណៈបង្ការអេបូឡារបស់កេនយ៉ា។ តែទោះជាយ៉ាងណា ក្រុមអ្នកប្ដឹងផ្ដល់បានវាយបកថា កិច្ចព្រមព្រៀងនេះ ខ្វះតម្លាភាព និងអាចបង្កគ្រោះថ្នាក់ដ៏ធំធេងដល់សុខភាពសាធារណៈ ព្រោះប្រព័ន្ធសុខាភិបាលរបស់កេនយ៉ាបច្ចុប្បន្ន មានភាពទន់ខ្សោយខ្លាំងណាស់ មិនអាចរែកពុនមេរោគដ៏កាចសាហាវនេះបានទេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកេនយ៉ា លោក អាឌេន ឌុអាលេ (Aden Duale) បានព្យាយាមចេញមុខសម្រាលសភាពការណ៍ថា មជ្ឈមណ្ឌលនេះ បង្កើតឡើងសម្រាប់ «មនុស្សគ្រប់គ្នា» មិនមែនសម្រាប់តែជនជាតិអាម៉េរិកនោះទេ។ យ៉ាងនេះក្ដី គេនៅតែសង្កេតឃើញមានយន្តហោះយោធាហោះចូល និងចេញពីមូលដ្ឋានទ័ពនោះជាបន្តបន្ទាប់ ដែលបង្ហាញថា ការត្រៀមលក្ខណៈនៅតែបន្តធ្វើ ទោះបីជាមានដីកាហាមឃាត់ពីតុលាការក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត