
ក្រុងសំរោង៖ បន្ទាប់ពីមានការរិះគន់លើបណ្ដាញសង្គម ជុំវិញការលេចធ្លាយវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពប៉ូលិសមួយក្រុម ផឹកស៊ីស្រវឹងជោគជាំ វាយគ្នានៅក្នុងអធិការដ្ឋាននគរបាលស្រុកចុងកាល ខេត្តឧត្តរមានជ័យ ផ្អើលប្រជាពលរដ្ឋទាំងយប់...។

តាមរយៈវីដេឃ្លីបប្រមាណ៣០វិនាទី ដែលអង្គភាពសារព័ត៌មាន SBM News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហាញពីសកម្មភាពមនុស្សមួយក្រុម ដែលសុទ្ធសឹងជាមន្ត្រីនគរបាល ដោយមានមន្ត្រីខ្លះត្រូវបានគេស្គាល់ថា មានតួនាទីជាអធិការរងស្រុកថែមទៀតផង ប៉ុន្តែបែរជានាំគ្នាផឹកស៊ីនៅក្នុងបរិវេណអង្គភាពដល់យប់ជ្រៅ ហើយទាស់ទែងខ្វែងសម្ដីគ្នា រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាទាំងកណ្ដាលអាធ្រាត្រតែម្ដង។

រូបភាពទាំងនេះ បាននិងកំពុងទទួលរងការរិះគន់យ៉ាងចាស់ដៃពីមជ្ឈដ្ឋានមហាជន នោះក៏ព្រោះតែមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចុងកាលទាំងនោះ ប្រើប្រាស់គ្រឿងស្រវឹង ឈានដល់ការវាយតប់គ្នាផ្អើលកន្លែងធ្វើការ ដែលជាទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរទៅនឹងវិន័យកងកម្លាំងនគរបាលជាតិ។ អង្គភាពសារព័ត៌មាន SBM News បានព្យាយមសុំការបំភ្លឺបន្ថែមពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ តាមប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃដដែលនេះ ដោយលោកបញ្ជាក់ខ្លីថា ពាក់ព័ន្ធដំណឹងខាងលើ លោកទទួលបានព័ត៌មានហើយ និងកំពុងចាត់តាំងមន្ត្រីចុះស្រាវជ្រាវករណីនេះផងដែរ៕



