អបអរសាទរ គុនខ្មែរពង្រីកខ្លួនដល់តំបន់អាម៉េរិកខាងត្បូង ឈីលីបង្កើតស្ថាប័នគុនខ្មែរកម្រិតអន្តរជាតិលើកដំបូង
អាន ប៊ុនរ័ត្ននៈ
09 មិថុនា 2026 08:30 AM

រាជធានីភ្នំពេញ៖​ កំលុងពេលដឹកនាំកីឡាករគុនខ្មែរទៅផ្សព្វផ្សាយនៅក្រៅប្រទេស លោក ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរប្រចាំប្រទេសកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ បានបញ្ជាក់នៅលើគណនីផ្លូវការរបស់លោកថា ប្រទេសឈីលី បានសម្រេចបង្កើត «Kun Khmer Chile» ជាលើកដំបូងរបស់ខ្លួន ដើម្បីផ្សព្វផ្សាយ និងលើកស្ទួយគុនខ្មែរនៅទីនោះ...។

លោកអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ បានបង្ហាញក្តីសោមនស្សរីករាយ ដោយលោកគូសបញ្ជាក់ថា ការប្រកាសគាំទ្រជាផ្លូវការចំពោះការបង្កើត «Kun Khmer Chile» ដែលជាស្ថាប័នដំបូងនៃការបើកដំណើរការកម្មវិធី "Academias Fundadoras de Kun Khmer Chile 2026" ដែលមានន័យជាខេមរភាសាថា៖"មជ្ឈមណ្ឌលបណ្ដុះបណ្ដាលគុនខ្មែរឈីលី ២០២៦" គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀត ដែលបង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់របស់គុនខ្មែរ នៅលើឆាកអន្តរជាតិ និងជាការពង្រីកវត្តមានរបស់គុនខ្មែរទៅកាន់ទ្វីបអាម៉េរិកខាងត្បូង។

លោក ខូវ ឆាយ សង្កត់ធ្ងន់ថា គុនខ្មែរ គឺជាក្បាច់គុនបុរាណរបស់ប្រជាជាតិខ្មែរ មានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ តាំងពីសម័យអាណាចក្រអង្គរ (Khmer Empire) ហើយត្រូវបានឆ្លាក់បង្ហាញនៅលើជញ្ជាំងប្រាសាទជាច្រើន ដែលជាសក្ខីភាពនៃភាពរុងរឿងនៃអរិយធម៌ខ្មែរ។ សព្វថ្ងៃ គុនខ្មែរកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់កាន់តែទូលំទូលាយពីសហគមន៍កីឡាប្រយុទ្ធ ជុំវិញពិភពលោក។ បន្ថែមលើនេះ តំណាងឱ្យសហព័ន្ធគុនខ្មែរអន្តរជាតិ លោកក៏សូមអំពាវនាវដល់សាលាគុន ក្លិបកីឡាប្រដាល់ អង្គការកីឡាប្រយុទ្ធ និងមជ្ឈមណ្ឌលកីឡាទាំងអស់ នៅប្រទេសឈីលី សូមចូលរួមក្លាយជាសមាជិកស្ថាបនិក នៃចលនាគុនខ្មែរនៅប្រទេសឈីលី ដើម្បីរួមចំណែកក្នុងការកសាងប្រវត្តិសាស្ត្រថ្មី សម្រាប់ក្បាច់គុនបុរាណខ្មែររបស់កម្ពុជា។

ជាមួយគ្នា លោកអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ ចូអេន ម៉ាសេឡូ ហ្កាលឡាដូ ស៊ីលវ៉ា (Juan Marcelo Gallardo Silva) ដែលត្រូវបានតែងតាំងជាអ្នកតំណាងគុនខ្មែរផ្លូវការ នៅប្រទេសឈីលី ព្រមទាំងថ្លែងអំណរគុណដល់ លោក រីក ស៊ីន (Rick Shin) ប្រធាន Kombat Global និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្កើតស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងគុនខ្មែរ និងបណ្តាប្រទេសនៅអាម៉េរិកខាងត្បូង។ លោក ខូវ ឆាយ បន្តថា វាជាស្មារតីនៃការគោរព ប្រពៃណី វិន័យ កិត្តិយស និងមិត្តភាព។ សហព័ន្ធគុនខ្មែរអន្តរជាតិ ជឿជាក់ថា គុនខ្មែរនឹងបន្តរីកសាយភាយ ហើយក្លាយជាក្បាច់គុនមួយ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅលើពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត