ណាតូបា.ញ់ទម្លាក់ដ្រូនមួយគ្រឿង នៅលើដែនអាកាសនៃប្រទេសឡាតវី
ហៀប ស៊ីថេត
7 ម៉ោងមុន

រដ្ឋធានីរីហ្កា៖ កងទ័ពនៃប្រទេសឡាតវី បានអះអាងនៅថ្ងៃចន្ទទី៨ ខែមិថុនានេះថា យន្តហោះចម្បាំងរបស់អង្គការណាតូ បានបាញ់ទម្លាក់ដ្រូនមួយគ្រឿង ដែលបានហោះចូលទៅក្នុងលម្ហអាកាសរបស់ប្រទេសឡាតវី ខណៈហេតុការណ៍នេះជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ ក្នុងចំណោមឧប្បត្តិហេតុសន្តិសុខជាបន្តបន្ទាប់ នៅតាមបណ្តោយតំបន់ព្រំដែនភាគខាងកើតនៃតំបន់អឺរ៉ុប...។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងភ្លាមៗអំពីប្រភពដើមនៃដ្រូនមួយគ្រឿងនេះនៅឡើយទេ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ប្រទេសអ៊ុយក្រែន បានបង្កើនការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយទៅលើប្រទេសរុស្ស៊ី រួមទាំងនៅក្នុងតំបន់សមុទ្ទបាល់ទិកផងដែរ ជាហេតុធ្វើឱ្យដ្រូនយោធាអ៊ុយក្រែនមួយចំនួន ហោះវង្វេងចូលទៅក្នុងដែនអាកាសរបស់ប្រទេសហ្វាំងឡង់ ឡាតវី លីទុយអានី និងអេស្តូនី។ កងទ័ពឡាតវីបានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា៖«យន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្តណាតូ បានបាញ់ទម្លាក់ដ្រូនមួយគ្រឿង ដែលកំពុងហោះចូលមកក្នុងលម្ហអាកាសប្រទេសឡាតវី ដោយជោគជ័យ!»។

ជាក់ស្តែង នៅថ្ងៃចន្ទនេះ អាជ្ញាធរបានចេញសេចក្តីព្រមានដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសឡាតវី ឱ្យស្វែងរកជម្រកនៅក្នុងផ្ទះផ្ទាល់ខ្លួន ដោយសារតែមានការគំរាមកំហែង។ ក្រោយមក កងទ័ពបានបញ្ជាក់ថា ការប្រកាសអាសន្នត្រូវបានបញ្ចប់ទៅវិញ បន្ទាប់ពីដ្រូននោះ ត្រូវបានបាញ់ទម្លាក់។ គួររំឭកថា កាលពីខែមុន យន្តហោះយោធារបស់អង្គការណាតូ ក៏បានបាញ់ទម្លាក់ដ្រូនមួយគ្រឿងដែរ ដែលគេសង្ស័យថា ជារបស់អ៊ុយក្រែន នៅលើដែនអាកាសនៃប្រទេសអេស្តូនី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត