កម្ពុជាស្នើ UNDP ជួយគាំទ្រគម្រោងអភិវឌ្ឍភូមិគំរូធន់នឹងអាកាសធាតុ នៅខេត្តតំបន់ឆ្នេរ
S
Soriya Sou
6 ម៉ោងមុន


រាជធានីភ្នំពេញ៖​ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើដល់លោក អេនរីកូ ហ្កេវ៉េលៀរ Enrico Gaveglia ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ជួយគាំទ្រលើគម្រោងអភិវឌ្ឍភូមិគំរូដែលធន់នឹងអាកាសធាតុនៅខេត្តតាមតំបន់ឆ្នេរ…។

ថ្លែងក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន បានជម្រាប លោក អេនរីកូ ហ្កេវ៉េលៀរ ពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ កន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តនូវយុទ្ធសាស្ត្រចំនួន៥ ដែលបានកំណត់ក្នុងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ«កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព»។ តាងនាមរាជរដ្ឋាភិបាល លោក ឆាយ ឫទ្ធិសែន បានស្នើសុំដល់ UNDP ជួយគាំទ្រលើគម្រោង«អភិវឌ្ឍភូមិគំរូដែលធន់នឹងអាកាសធាតុនៅតាមខេត្តនៅតំបន់ឆ្នេររបស់មូលនិធិសកល(GEF)»។

ជាការឆ្លើយតប លោក អេនរីកូ ហ្កេវ៉េលៀរ បានលើកឡើងពីតួនាទីរបស់ UNDP ក្នុងការកៀរគរមូលនិធិពីបណ្តាដៃគូនានាសម្រាប់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ។ ប្រធានអង្គការ UNDP ប្រចាំកម្ពុជា បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្តល់ការគាំទ្រលើបច្ចេកទេសក្នុងការទទួលបានគម្រោង ដើម្បីជួយឱ្យជនបទនៅកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ លោក ឆាយ ឫទ្ធិសែន បង្ហាញក្ដីរីករាយ និងអរគុណចំពោះតំណាង UNDP ដែលប្តេជ្ញាចិត្តចូលរួមជំរុញការអភិវឌ្ឍនៅតំបន់ជនបទឱ្យមានសន្ទុះកាន់តែលឿន និងប្រែក្លាយតំបន់ជនបទនៅកម្ពុជា ជាជនបទប្រកបដោយភាពស៊ីវីល័យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត