
រាជធានីភ្នំពេញ៖ ចៀសវាងមានផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទគ្រប់រាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈចុះពិនិត្យផ្លូវ និងសំណង់សិល្បការ្យ នៅតាមតំបន់ងាយរងគ្រោះ ដើម្បីអាចដោះស្រាយបានពេលវេលា។ នេះជាការណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣០ឧសភា ឆ្នាំ២០២៥…។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់លោក-លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ត្រូវបុរេសកម្ម និងត្រៀមលក្ខណៈចុះត្រួតពិនិត្យផ្លូវជនបទ និងសំណង់សិល្បការ្យ នៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់។ ក្រោយចុះពិនិត្យរួច គ្រប់មន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ត្រូវរាយការណ៍ជាបន្ទាន់អំពីស្ថានភាពជាក់ស្តែង មកកាន់អង្គភាពថ្នាក់កណ្តាល នៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យលទ្ធភាពក្នុងការធ្វើអន្តរាគមន៍ និងចាត់វិធានការបច្ចេកទេសឱ្យបានទាន់ពេលវេលា ដោយផ្អែកលើស្មារតីប្ដេជ្ញាកាត់បន្ថយជាអតិបរមានូវការប៉ះពាល់ និងការលំបាករបស់ប្រជាជនរស់នៅតំបន់ជនបទ។

សូមជម្រាបថា ការណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ឧសភាកន្លងទៅ។ សម្ដេចបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រួមទាំងក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ នៅក្នុងរដូវវស្សានាពេលខាងមុខ ដែលអាចនាំឱ្យកើតមានជំនន់ទឹកភ្លៀងបណ្ដាលឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យនៅក្នុងតំបន់ជនបទ។ ត្រូវកំណត់ទីទួលសុវត្ថិភាព, ត្រៀមកម្លាំង, មធ្យោបាយ, និងសម្ភារដើម្បីអន្តរាគមន៍។

ដោយឡែក ក្រសួងធនធានទឹក ត្រូវតាមដានកម្ពស់ទឹកជាប្រចាំ ចំណែក ក្រសួងកសិកម្ម ត្រូវត្រៀមពូជស្រូវដើម្បីចែកជូនប្រជាកសិករក្នុងការស្ដាដំណាំស្រូវឡើងវិញ ក្នុងករណីមានការខូចខាត។ សូមរំឭកថា កាលពីឆ្នាំ២០២៤ ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន២២ ហើយបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសជិត៣០នាក់ ប៉ះពាល់ដល់ប្រជាពលរដ្ឋជិត៦ម៉ឺនគ្រួសារ ខណៈសន្ទូងជាង៥ម៉ឺនហិកតា និងដំណាំរួមផ្សំជាង៦ពាន់ហិតាត្រូវបានខូចខាត។ លើសពីនេះ ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ក៏បានបង្កផលប៉ះពាល់ដល់ផ្លូវកៅស៊ូ និងបេតុងប្រមាណជាង១១ម៉ឺនម៉ែត្រ, ផ្លូវលំជនបទ ប្រមាណ៧៣ម៉ឺនម៉ែត្រ, ស្ពាន៤២កន្លែង, ទំនប់ជាង៤ម៉ឺនម៉ែត្រ, និងបាក់ច្រាំងទន្លេជាង១ម៉ឺន៤ពាន់ម៉ែត្រ៕




