ក្រសួង២ចាប់ដៃគ្នាជំរុញអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ តាមសហគមន៍ជនបទ និងគោលដៅទេសចរណ៍
S
Soriya Sou
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ…។

មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងចម្បងចំនួន៣ រួមមាន៖ ១.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគូភាគី ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវគមនាគមន៍ជនបទប្រកបដោយភាពធន់, ការជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, ការជំរុញការងារអភិវឌ្ឍសហគមន៍ជនបទ និងភូមិគំរូ, ព្រមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ។ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ នឹងរួមគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតាមសហគមន៍ជនបទ ព្រមទាំងតំបន់គោលដៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង»

២.ក្រសួងទាំងទាំងពីរ នឹងបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងភ្ញៀវទេសចរ សំដៅធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ៣.ក្រសួងទាំង២ជាសេនាធិការាជរដ្ឋាភិបាល នឹងផ្លាស់ប្ដូរព្រមទាំងចែករំលែកបទពិសោធ បច្ចេកទេស ព្រមទាំងព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទ និងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍតាមបែបសហថាមពល ដោយព្យាយាមប្រើប្រាស់ធនធានដែលមានស្រាប់ ឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត