
រាជធានីភ្នំពេញ៖ គិតមកដល់ដើមឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបានអត្រាគ្របដណ្ដប់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទទូទាំងប្រទេស សម្រេចបានជិត៩០ភាគរយហើយ ខណៈឆ្នាំ២០៣០រំពឹងថា នឹងសម្រេចបាន១០០ភាគរយ។ នេះបើតាមការលើកឡើងរបស់លោក នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ…។

ថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបច្ចុប្បន្នភាពគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ កាលពីថ្ងៃទី២១មករា ឆ្នាំ២០២៥ លោក នួន ដាញ៉ិល បានបញ្ជាក់ឱ្យដឹងដូច្នេះថា៖«បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលមកដល់ពេលនេះ អត្រាគ្របដណ្ដប់ទឹកស្អាត និងអនាម័យ នៅតំបន់ជនបទទូទាំងប្រទេស គឺសម្រេចបាន៨៨,៨០ភាគរយ ដែលក្នុងនោះ អត្រាគ្របដណ្ដប់ទឹក៨៦,០៩ភាគរយ និងអត្រាគ្របដណ្ដប់អនាម័យ៩១,៤៧ភាគរយ»។

អនុលោមតាមអនុសាសន៍សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើការប្តេជ្ញាចិត្តថា នៅឆ្នាំ២០៣០ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទឹកស្អាត និងអនាម័យឱ្យបាន១០០ភាគរយ ក្នុងតំបន់ជនបទទូទាំងប្រទេសកម្ពុជា ខណៈមកទល់ពេលនេះ មានរាជធានី/ខេត្ត ចំនួន១៥ហើយ ដែលបានប្រតិបត្តិអនាម័យតាមក្បួនខ្នាតត្រឹមត្រូវ តាមរយៈការបញ្ចប់នៃការបន្ទោបង់ពាសវាលពាសកាលទាំងកម្រិតធម្មតា និងកម្រិតខ្ពស់ (ODF និង ODF PLUS)។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា រយៈពេលជិត១០ឆ្នាំចុងក្រោយនេះ អត្រាកំណើននៃការទទួលបានសេវាអនាម័យមានការកើនឡើងយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ហើយត្រូវបានទទួលស្គាល់ជាសកលថា ជាប្រទេសនាំមុខគេក្នុងការពន្លឿនអត្រាគ្របដណ្ដប់អនាម័យ និងការកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាល ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍនៅលើពិភពលោក។ តែយ៉ាងណា សម្ដេចនៅតែបន្តជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នា ដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើង៕



