
រដ្ឋធានីព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានប្រកាសជាផ្លូវការនៅថ្ងៃទី៥មិថុនានេះថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ខាងមុខ ស្របពេលរដ្ឋធានីប៉េកាំងកំពុងស្វែងរកការរឹតចំណងមិត្តភាព និងពង្រឹងសម្ព័ន្ធភាពជាមួយកូរ៉េខាងជើងឡើងវិញ...។

ព្រឹត្តិការណ៍ការទូតដ៏មានសារសំខាន់នេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក ស៊ី ជីនពីង ទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជិត៧ឆ្នាំមកនេះ។ គួររំលឹកថា លោក ស៊ី បានធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាងចុងក្រោយបង្អស់ កាលពីថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០១៩ ដែលកាលណោះជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក គិតចាប់តាំងពីបានឡើងកាន់អំណាច កាលពីចុងឆ្នាំ២០១២ ហើយលោកក៏បានបើកកិច្ចប្រជុំកំពូលទ្វារភាគីជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ផងដែរ។ ដោយឡែក ជំនួបចុងក្រោយរវាងមេដឹកនាំទាំងពីរ បានធ្វើឡើងកាលពីខែកញ្ញាកន្លងទៅ ក្នុងឱកាសលោក គីម បានធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីចូលរួមពិធីរំលឹកខួបលើកទី៨០ នៃថ្ងៃជ័យជម្នះរបស់ប្រទេសចិន។ នៅក្នុងព្រឹត្តិការណ៍នោះ លោក គីម និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចូលរួមទស្សនាពិធីដង្ហែក្បួនយោធាដ៏ធំសម្បើម អមសងខាងលោក ស៊ី ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច។

យុទ្ធសាស្ត្រការទូតរបស់រដ្ឋធានីប៉េកាំងនៅពេលនេះ ធ្វើឡើងដើម្បីទាញកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញាផ្លូវការតែមួយគត់របស់ខ្លួន ឱ្យត្រឡប់មកស្ថិតក្រោមរង្វង់ឥទ្ធិពលរបស់ខ្លួនវិញ។ ចំណាត់ការនេះ កើតឡើងបន្ទាប់ពីទំនាក់ទំនងទ្វារភាគីត្រូវបានកកស្ទះដោយសារវិបត្តិកូវីដ-១៩ ហើយអ្វីដែលសំខាន់នោះ គឺបច្ចុប្បន្នមេដឹកនាំកូរ៉េខាងជើង បានងាកទៅពង្រឹង និងពង្រីកទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយរដ្ឋធានីម៉ូស្គូ តាមរយៈការបញ្ជូនកងទ័ព និងអាវុធយុទ្ធភណ្ឌជាច្រើន ដើម្បីគាំទ្រដល់ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន៕



