រដ្ឋមន្ត្រីបរិស្ថាន បន្តជំរុញការប្រើប្រាស់រថយន្តអគ្គិសនី កាត់បន្ថយផលប៉ះពាល់អាកាសធាតុ
អុន សម្ផស្ស
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានបន្តថ្លែងជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនី (EV) ខណៈលោកចាត់ទុកថា វាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន លើកកម្ពស់ការដឹកជញ្ជូនបៃតង និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា…។

តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ ការប្រើប្រាស់រថយន្តដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថានកម្ពុជា» រវាងក្រសួង និងក្រុមហ៊ុនឯកជនមួយ លោក អ៊ាង សុផល្លែត លើកឡើងថា ការប្រើប្រាស់យានយន្តអគ្គិសនីស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយការបំពុលខ្យល់ពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ និងជំរុញការប្រើប្រាស់ថាមពលបៃតង។ ជាមួយគ្នា លោករដ្ឋមន្ត្រីបន្ថែមថា ការប្រើប្រាស់ EV គឺជាយុទ្ធសាស្ត្រស្នូលមួយក្នុងការអនុវត្តរបាយការណ៍រួមចំណែកជាតិ NDC 3.0 ដោយផ្តោតលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យដឹកជញ្ជូន។

ក្នុងន័យនេះ លោក អ៊ាង សុផល្លែត អំពាវនាវដល់សាធារណជនឱ្យចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ដើម្បីសម្រេចបាននូវគោលដៅ«ភាពស្អាត ភាពបៃតង និងចីរភាព» សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព។ ក្នុងពេលដែល កម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្ម និងការកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីឆ្ពោះទៅរកអព្យាក្រិតកាបូននៅឆ្នាំ២០៥០។ តាមផែនការ កម្ពុជាមានគោលដៅបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានចន្លោះពី៣៥ទៅ៤០ភាគរយ និងម៉ូតូអគ្គិសនីឱ្យបាន៧០ភាគរយ នៅត្រឹមឆ្នាំ២០៥០៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត