
ក្រុងសៀមរាប៖ ប្រសិនបើយើងទៅកម្សាន្តនៅប៉ែកខាងកើតនៃទីលានជល់ដំរី ក្នុងក្រុងអង្គរធំ ច្បាស់ជាបានឃើញទិដ្ឋភាពដ៏ទាក់ទាញនៃប្រាសាទចំនួន១២ សាងសង់ឡើងពីថ្មបាយក្រៀមពណ៌ក្រហមឆ្អៅ និងលាយថ្មភក់ខ្លះតាមរចនាសម្ព័ន្ធលម្អ។ សំណង់ទាំង១២នេះ គេឯងស្គាល់ជាទូទៅថា «ប្រាសាទសួរព្រ័ត» ឬត្រូវបានអ្នកស្រុកខ្លះហៅថា «ប្រាសាទនាង១២» មានមុខងារសំខាន់២ខុសប្លែកពីប្រាសាទផ្សេងៗ…។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះថា៖«ប្រាសាទសួរព្រ័ត» ជាសំណង់ប្រាសាទមានរចនាបថប្លែកពីគេ និងមានចម្ងល់សង្ស័យជាច្រើនក្នុងរង្វង់អ្នកសិក្សាប្រវត្តិសាស្ត្រ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ទោះបីជាគ្មានសិលាចារឹកណាមួយចារទុកពីឈ្មោះដើម ឬកាលបរិច្ឆេទសាងសង់ច្បាស់លាស់ក៏ដោយ ប៉ុន្តែអាថ៌កម្បាំងនៃប្រាសាទទាំង១២នេះ បានលេចពន្លឺព្រាលៗជាបន្តបន្ទាប់ តាមរយៈការសិក្សាវិភាគតាមកំណត់ត្រាបុរាណ ជាតិពន្ធុវិទ្យា និងការស្រាវជ្រាវបុរាណវិទ្យាសម័យទំនើប។ តាមរយៈការផ្ទៀងផ្ទាត់គ្នារវាងកំណត់ហេតុប្រវត្តិសាស្ត្រ ជំនឿរបស់អ្នកស្រុក និងការសន្និដ្ឋានរបស់អ្នកបុរាណវិទ្យា ប្រាសាទសួរព្រ័តប្រហែលជាមានមុខងារសំខាន់ៗ២ ខុសប្លែកពីប្រាសាទផ្សេងៗ រួមមាន៖ ១.ទំនងជាទីតម្កល់ទេវរូប ឬវត្ថុស័ក្តិសិទ្ធិ ដែលតំណាងឱ្យអំណាចនៃរដ្ឋចំណុះ(សមន្តរដ្ឋ) ឬខេត្ត-ក្រុងចំនួន១២ ក្នុងរង្វង់រាជមណ្ឌលនៃចក្រភពខ្មែរ។

២.ប្រាសាទសួរព្រ័ត ក៏មានមុខងារជា«ទីកាត់សេចក្ដីតាមជំនឿ» ដែលជានីតិវិធីរកយុត្តិធម៌មួយ ក្នុងប្រព័ន្ធតុលាការខ្មែរបុរាណផងដែរ។ នៅក្នុងសៀវភៅកំណត់ហេតុអំពីប្រពៃណីនៃអ្នកស្រុកចេនឡារបស់លោក ជីវ តាក្វាន់ បេសកជនការទូតចិន ដែលបានមកដល់អង្គរក្នុងឆ្នាំ១២៩៦ បានកត់ត្រានូវវិធីសាស្ដ្ររកយុត្តិធម៌ដ៏ចម្លែកមួយនៅទីនេះថា៖ កាលណាមានវិវាទរវាងបុគ្គលពីរនាក់ ហើយចៅក្រមមិនអាចរកខុសត្រូវឃើញ គេនឹងឱ្យគូភាគីទាំងពីរទៅអង្គុយនៅក្នុងតួប្រាសាទ(ក្នុងក្ដី)ម្នាក់មួយ ដោយមានសាច់ញាតិយាមកាមយ៉ាងតឹងរ៉ឹងពីខាងក្រៅ។ បន្ទាប់ពីស្នាក់នៅបាន៣ទៅ៤ថ្ងៃ ប្រសិនបើភាគីណាមួយកើតមានជំងឺតម្កាត់ភ្លាមៗ ដូចជា៖ គ្រុនក្ដៅ ក្អក ឬចេញកមរមាស់ នោះគេជឿថា ទេវតាដាក់ទណ្ឌកម្ម ហើយអ្នកនោះត្រូវចាញ់ក្ដីភ្លាមៗ។

អ្នកស្រុកខ្លះហៅ «ប្រាសាទសួរព្រ័ត» ឬ «ប្រាសាទនាង១២» ដោយផ្សារភ្ជាប់ទៅនឹងរឿងព្រេងខ្មែរដ៏ល្បីល្បាញ គឺរឿងភ្នំនាងកង្រី ឬនាង១២ ដោយយល់ថា ជាកន្លែងដែលយក្ខិនីសន្ធមារ បានយកនាងទាំង១២នាក់មកឃុំឃាំង និងដកយកកែវភ្នែកទុក។ បើតាមអាជ្ញាធរអប្សរា អស់រយៈពេលជាច្រើនសតវត្សរ៍ ប្រាសាទសួរព្រ័តបានរងការខូចខាតយ៉ាងខ្លាំងពីធម្មជាតិ អាយុកាល និងសង្គ្រាម ដោយឆ្លងកាត់ដំណាក់កាលនៃការអភិរក្ស និងជួសជុលជាបន្តបន្ទាប់៕





