
ក្រុងកំពង់ចាម៖ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៨មិថុនានេះ ចេញមកក្រើនរំឭកដល់ម្ចាស់យានយន្ត សូមកុំដឹកលើសពីការកំណត់នៃច្បាប់ បើមិនដូច្នេះទេ នឹងត្រូវរងការពិន័យ ដោយអាចខាតទាំងប្រាក់ ក៏ដូចជាពេលវេលាផងដែរ...។

ការដាស់តឿនរបស់មន្រ្តីក្រសួងសាធារណការបែបនេះ ដោយសារកាលពីកន្លងទៅថ្មីៗ អាជ្ញាធរ នៅតែបន្តរកឃើញមានអ្នកដឹកលើសទម្ងន់ ពោលចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ មន្រ្តីក្រសួង បានសហការជាមួយមន្រ្តីនៅស្ថានីយជញ្ជីងកាំពី ស្ថានីយពុកឆ្មា ស្ថានីយព្រែកឯង ស្ថានីយភ្នំប្រុស-ភ្នំស្រី និងអនុស្ថានីយស្ទឹងត្រង់ ផ្លូវជាតិលេខ៧១ C ខេត្តកំពង់ចាម ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រកឃើញចំនួន៧គ្រឿង ដឹកលើសទម្ងន់អនុញ្ញាតចន្លោះពី៥តោនដល់២៤តោន។ ជាមួយគ្នា មន្រ្តីសាធារណការសង្កត់ធ្ងន់ថា នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែងឡើយ។

គួរជ្រាបថា ក្រសួងសាធារណការតែងបញ្ជាក់ថា ការចូលរួមគោរពច្បាប់ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់មិនឱ្យខូចខាតមុនអាយុកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវ៕



