
រាជធានីភ្នំពេញ៖ ឧក្រិដ្ឋជនជនជាតិចិនមួយក្រុមមានគ្នា៤នាក់ ដែលបានរៀបចំផែនការជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់នៅភូមិពង្រ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលអង្គភាពសារព័ត៌មាន SBM News បានចុះផ្សាយកាលពីថ្ងៃសៅរ៍កន្លងទៅ ពេលនេះ មហាជនស្នើឱ្យអាជ្ញាធរជំនាញចុះស្រាវជ្រាវមន្ត្រីច្រកព្រំដែនខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ជាមួយប្រទេសឡាវ ដែលបានទទួលសំណូកប្រាក់១២០០ដុល្លារពីអតីតទណ្ឌិតឧក្រិដ្ឋជនចិននោះ ដើម្បីយកមកផ្តន្ទាទោស...។

យោងតាមរបាយការណ៍ពីមន្ត្រីជំនាញដែលបានបង្ហាញនៅថ្ងៃទី៦មិថុនា ឆ្នាំ២០២៦ ថា ក្នុងចំណោមជនល្មើសទាំង៤នាក់ ដែលរួមមាន៖ ទី១.ឈ្មោះ វ៉េង សេងហ្វេង (WENG SHENG FENG), ទី២.ឈ្មោះ លាវ ឈានវី (LIAO QUAN WEI), ទី៣.ឈ្មោះ សុង ហួយ (SONG SHUAI), និងទី៤.ឈ្មោះ សិន វីជៀន (SHEN WEI JIAN)។ សមត្ថកិច្ចស្រាវជ្រាវរកឃើញថា ឈ្មោះ វ៉េង សេងហ្វេង ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជា ព្រោះជាមុខសញ្ញាចាស់ធ្លាប់ធ្វើទារុណកម្មជំរិតទារប្រាក់ កាលពីកំលុងឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ក្រោយពេលអនុវត្តទោស១៥ខែ ឈ្មោះ វ៉េង សេងហ្វេង ត្រូវបណ្តេញចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសកំណើតវិញ។ លុះដល់អំឡុងដើមខែឧសភា ឆ្នាំ២០២៦ អតីតទណ្ឌិតឧក្រិដ្ឋជនរូបនេះ បានឆ្លងដែនតាមប្រទេសឡាវ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកខេត្តស្ទឹងត្រែង ដោយចំណាយប្រាក់អស់១២០០ ដុល្លារអាម៉េរិក រួចមកសម្ងំស្នាក់នៅក្នុងទីតាំងខាងលើ ដើម្បីរៀបចំគម្រោងការប្រព្រឹត្តបទល្មើសសាជាថ្មីម្ដងទៀត តែត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបាន។

ទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើ មហាជនបានស្នើសុំយ៉ាងទទូចដល់មន្ត្រីជំនាញពាក់ព័ន្ធឱ្យចុះស្រាវជ្រាវវែកមុខរកជនទទួលប្រាក់សំណូក បើកដៃឱ្យអតីតឧក្រិដ្ឋជនចិនចូលមកប្រទេសកម្ពុជាសាជាថ្មី ព្រោះបញ្ហានេះ ពិតជាមានសភាពធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភខ្លាំងបំផុត។ វាជាបញ្ហាពាក់ព័ន្ធនឹងសន្តិសុខជាតិ សុវត្ថិភាពសង្គម និងភាពចន្លោះប្រហោងនៃប្រព័ន្ធគ្រប់គ្រងព្រំដែនរបស់មន្ត្រីពុករលួយដែលបានគប់គិតជាមួយក្រុមឧក្រិដ្ឋជន។ កាន់តែគួរឱ្យបារម្ភបំផុតនោះ យើងមិនអាចដឹងថា ឧក្រិដ្ឋជនដែលមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋសាហាវៗ ដូចជា ការចាប់ជំរិត ការធ្វើទារុណកម្ម និងអាចឈានដល់ការប្រព្រឹត្តអំពើឃាតកម្មផងក៏អាចថាបាន ដ្បិតពួកគេអាចលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា តាមរយៈការសូកប៉ាន់មន្ត្រីខិលខូច ដែលប្រចាំការនៅច្រកព្រំដែនបានយ៉ាងរលូនបែបនេះ។

តាមរយៈការសូកប៉ាន់មន្ត្រីព្រំដែននេះ គឺជាសញ្ញាអាសន្នមួយដែលទាមទារឱ្យមានការចាត់វិធានការភ្លាមៗ ដើម្បីវះកាត់ព្យាបាលមន្ត្រីខិលខូចបន្ទាន់ ព្រោះវាអាចពាក់ព័ន្ធដល់ភាពអសន្តិសុខរបស់ជាតិ។ យ៉ាងណា ជុំវិញការលើកឡើងរបស់មហាជនពាក់ព័ន្ធរឿងរ៉ាវមន្ត្រីច្រកព្រំដែនគប់គិតជាមួយឧក្រិដ្ឋជននេះ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ តាមប្រព័ន្ធតេលេក្រាម នារសៀលថ្ងៃទី០៨មិថុនានេះដែរ ជុំវិញចំណាត់ការស៊ើបអង្កេតទៅលើមន្ត្រីអន្តោប្រវេសន៍ព្រំដែនកម្ពុជា-ឡាវ ប៉ុន្តែពុំទាន់មានការឆ្លើយតប់ពីលោកឡើយ គិតត្រឹមម៉ោងចេញផ្សាយនេះ៕




