
រដ្ឋធានីម៉ានីល៖ មេដឹកនាំកំពូលប្រទេសវៀតណាម លោក តូ ឡឹម (Tô Lâm) នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសប្រធានអាស៊ាន ដើមសប្តាហ៍ក្រោយ ខណៈប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) កំពុងស្វែងរកការឈានទៅពង្រឹងបន្ថែមទៀត នូវសម្ព័ន្ធភាពក្នុងតំបន់ និងភាពជាដៃគូសន្តិសុខរបស់ប្រទេសខ្លួន...។

មន្ត្រីការិយាល័យលោក ម៉ាកូស បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ម៉ាកូស នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ដ និងជាប្រធានាធិបតីវៀតណាម សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សន្តិសុខ និងសន្តិសុខដែនសមុទ្ទ។ ក្រោមការដឹកនាំរបស់លោក ម៉ាកូស ប្រទេសហ្វីលីពីន បានខិតខំកសាង និងពង្រីកបណ្តាញភាពជាដៃគូសន្តិសុខរបស់ខ្លួន ដើម្បីទប់ទល់ឥទ្ធិពលប្រទេសចិន ដែលកំពុងបង្ហាញការទាមទារកាន់តែខ្លាំងឡើងៗលើសមុទ្ទចិនខាងត្បូង ខណៈហ្វីលីពីនទើបតែបានធ្វើសមយុទ្ធការពារជាតិ ពហុភាគីដ៏ធំបំផុតមិនធ្លាប់មាន។

ទោះបីជាហ្វីលីពីន និងវៀតណាម មានការទាមទារត្រួតគ្នានៅលើដែនកោះ និងភូមិសាស្ត្រមួយចំនួន នៅក្នុងសមុទ្ទចិនខាងត្បូងក៏ដោយ ប៉ុន្តែជម្លោះរវាងប្រទេសទាំង២ គឺកម្រនឹងកើតមានឡើងណាស់។ ទាំងវៀតណាម និងហ្វីលីពីន សុទ្ធតែបានជាប់គាំងនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃជាមួយរដ្ឋធានីប៉េកាំង ដែលបានទាមទារអធិបតេយ្យភាពលើផ្ទៃសមុទ្ទចិនខាងត្បូង ស្ទើរតែទាំងមូល។ គួររំលឹកថា ឆ្មាំការពារឆ្នេរសមុទ្ទនៃប្រទេសវៀតណាម និងហ្វីលីពីន បានធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងបង្អស់ កាលពីឆ្នាំ២០២៤កន្លងទៅ៕




