ជប៉ុន-ហ្វីលីពីនចាប់ដៃគ្នាយ៉ាងណែន ត្រៀមផ្ទេរនាវាចម្បាំងពង្រឹងសន្តិសុខសមុទ្ទ ទប់ឥទ្ធិពលចិន
N
Nary Vann
7 ម៉ោងមុន

រាជធានីតូក្យូ៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស​ ជូនៀ (Ferdinand Marcos Jr.) បានថ្លែងការណ៍នៅចំពោះមុខសភាជាតិជប៉ុន កាលពីថ្ងៃទី២៨ ខែឧសភា ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅរាជធានីតូក្យូ ដោយបានប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយជប៉ុន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ទ ដើម្បីធានាថា ដែនសមុទ្ទក្នុងតំបន់នៅតែបើកចំហ មានសុវត្ថិភាព និងគ្រប់គ្រងដោយច្បាប់អន្តរជាតិ មិនមែនគ្រប់គ្រងដោយការប្រើកម្លាំងបាយឡើយ...។

លោក ហ្វឺឌីណាន់ ម៉ាកូស​ ជូនៀ​ និងលោកស្រី សាណា តាកៃឈី
លោក ហ្វឺឌីណាន់ ម៉ាកូស​ ជូនៀ​ និងលោកស្រី សាណា តាកៃឈី

ការខិតជិតគ្នាកាន់តែខ្លាំងរវាងប្រទេសទាំងពីរ ធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុន-ហ្វីលីពីន បានជួបប្រទះនូវវិបត្តិដូចគ្នា គឺការរងសម្ពាធ និងការរំលោភបំពានដែនសមុទ្ទពីសំណាក់ប្រទេសចិន។ បច្ចុប្បន្ន ជប៉ុន និងចិន កំពុងមានជម្លោះទឹកដី និងសេដ្ឋកិច្ចនៅសមុទ្ទចិនខាងកើត ខណៈហ្វីលីពីន និងចិន តែងតែប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅសមុទ្ទចិនខាងត្បូង។ ដើម្បីជួយហ្វីលីពីនទប់ទល់ឥទ្ធិពលចិន រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ហ្ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) បានប្រកាសផែនការជំរុញការផ្ទេរនាវាពិឃាតថ្នាក់អាប៊ូគូម៉ា (Abukuma-class destroyers) ទៅឱ្យកងទ័ពជើងទឹកហ្វីលីពីន ឱ្យបានឆាប់រហ័ស ក្រោយពេលរាជធានីតូក្យូសម្រេចកែប្រែច្បាប់រឹតត្បិត ការនាំចេញអាវុធដ៏តឹងរ៉ឹងរបស់ខ្លួន ដែលបានអនុវត្តអស់ជាច្រើនទសវត្សរ៍មកហើយ។

ក្រៅពីការត្រៀមផ្ទេរនាវាចម្បាំង ជប៉ុនក៏បានផ្គត់ផ្គង់នាវាការពារឆ្នេរ និងប្រព័ន្ធរ៉ាដាទំនើបៗទៅឱ្យហ្វីលីពីនរួចហើយដែរ។ ជាងនេះទៅទៀត ប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទ្វេភាគី ដែលអនុញ្ញាតឱ្យកងទ័ពនៃប្រទេសទាំងពីរអាចចល័ត និងធ្វើសមយុទ្ធនៅលើទឹកដីគ្នាទៅវិញទៅមកបាន ដែលនេះជាហេតុធ្វើឱ្យកងទ័ពជប៉ុន បានចូលរួមជាលើកដំបូងបង្អស់នៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំ រវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន កាលពីដើមឆ្នាំ២០២៦។ នៅល្ងាចថ្ងៃដដែលនោះ លោក ម៉ាកូស ក៏បានជួបពិភាក្សាការងារបន្តជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) ដើម្បីបន្តពង្រឹងផែនការធ្វើទំនើបកម្មកងទ័ពហ្វីលីពីនផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត