ត្រាំ បង្ហើប អ៊ីរ៉ង់ព្រមស៊ីញ៉េបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ តែអាម៉េរិកមិនប្រញាប់ចរចាទេ
N
Nary Vann
8 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា លោកទទួលបានការធានាពីភាគីអ៊ីរ៉ង់ នឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។ ការប្រកាសនេះ ធ្វើឡើងស្របពេលមានសេចក្តីរាយការណ៍ថា លោក ត្រាំ បានសម្រេចបដិសេធកិច្ចព្រមព្រៀងចាស់ ហើយផ្ញើគម្រោងផែនការសន្តិភាពថ្មីមួយទៅកាន់រដ្ឋធានីតេហេរ៉ង់ ជាមួយនឹងលក្ខខណ្ឌកាន់តែមាំ និងតឹងរ៉ឹងជាងមុន ដែលកត្តានេះអាចធ្វើឱ្យកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និងការបើកច្រកសមុទ្ទយុទ្ធសាស្ត្រហ័រមូស្សឡើងវិញ ត្រូវអូសបន្លាយពេលយូរទៅមុខទៀត...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោក ត្រាំ បានបញ្ជាក់នៅក្នុងបទសម្ភាសថា៖«ការធានាតែមួយគត់ ដែលខ្ញុំត្រូវតែទទួលបាន គឺដាច់ខាតមិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ។ ពួកគេ (អ៊ីរ៉ង់) បានយល់ព្រមលើចំណុចនេះ ហើយវាជារឿងដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់!»។ ទោះជាយ៉ាងណា លោក ត្រាំ បានប្តូរឥរិយាបថពីការចង់បានកិច្ចព្រមព្រៀងបន្ទាន់ មកជាជំហរធូរស្រាលវិញ ដោយនិយាយថា៖«ខ្ញុំមិនប្រញាប់ឡើយ យើងកំពុងដើរយឺតៗ ប៉ុន្តែច្បាស់លាស់ ដើម្បីទទួលបានអ្វីដែលយើងចង់បាន។ ហើយបើមិនបានតាមការចង់បានទេ យើងនឹងបញ្ចប់វាតាមវិធីផ្សេង (សំដៅលើការប្រើកម្លាំងបាយយោធា)»

ផ្ទុយទៅវិញ ភាគីអ៊ីរ៉ង់ ហាក់បីដូចជាមិនទាន់ឯកភាពទាំងស្រុង ទៅនឹងការអះអាងរបស់លោក ត្រាំ នោះទេ ដោយសារតែមហិច្ឆតា និងលក្ខខណ្ឌរបស់ភាគីទាំងពីរ សុទ្ធតែនៅឆ្ងាយពីគ្នាខ្លាំងណាស់។ អ៊ីរ៉ង់ទាមទារឱ្យសហរដ្ឋអាម៉េរិកដោះលែងប្រាក់ចំណូល ដែលបង្កកទុកចំនួន១២ពាន់លានដុល្លារជាមុនសិន ទើបព្រមចូលតុចរចាផ្លូវការ ហើយថែមទាំងបានទាត់ចោលការលើកឡើងរបស់លោក ត្រាំ ដែលថានឹងបំផ្លាញសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់របស់ខ្លួន ដោយចាត់ទុកថា ជាការនិយាយគ្មានមូលដ្ឋាន។ លើសពីនេះ រដ្ឋធានីតេហេរ៉ង់ បានដាច់ខាតបង្ខំឱ្យបញ្ចូលប្រទេសលីបង់ទៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់នេះផងដែរ ចំពេលដែលកងទ័ពអ៊ីស្រាអែលកំពុងបន្តវាយប្រហារតាមអាកាសយ៉ាងចាស់ដៃទៅលើក្រុមហេស្សបូឡា នៅក្នុងទឹកដីលីបង់បច្ចុប្បន្ន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត