
រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានប្រកាសនៅថ្ងៃទី២៥ ខែឧសភានេះថា រដ្ឋធានីវ៉ាស៊ីនតោន នឹងផ្តល់ឱកាសគ្រប់បែបយ៉ាងដល់ផ្លូវការទូត ដើម្បីសម្រេចកិច្ចព្រមព្រៀងល្អមួយជាមួយអ៊ីរ៉ង់ ប៉ុន្តែបើមិនជោគជ័យទេ សហរដ្ឋអាម៉េរិកនឹងដោះស្រាយតាមវិធានការផ្សេងវិញ...។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យរក្សាវិធានការបិទខ្ទប់ផ្លូវទឹកលើនាវាអ៊ីរ៉ង់នៅច្រកសមុទ្ទយុទ្ធសាស្ត្រហ័រមូស្សដដែល រហូតទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ បើទោះបីជាភាគីទាំងពីរ បានព្រមព្រៀងលើខ្លឹមសារស្នូលភាគច្រើនហើយក៏ដោយ។ ជាការឆ្លើយតប អ្នកនាំពាក្យសភាអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េហ្សាអ៊ី (Ebrahim Rezaei) បានវាយបកវិញយ៉ាងដាច់អហង្កាថា អ៊ីរ៉ង់នឹងមិនលុតជង្គង់ក្រោមសម្ពាធ ឬការគំរាមកំហែងណាមួយឡើយ ដោយលោកបានសង្កត់ធ្ងន់ថា ក្នុងសមរភូមិយោធា អ៊ីរ៉ង់អនុវត្តយុទ្ធសាស្ត្រឈាមសងដោយឈាម ចំណែកសមរភូមិការទូតវិញ គឺអនុវត្តគោលការណ៍ស្នងនឹងសកម្មភាពរបស់សហរដ្ឋអាម៉េរិកវិញដូចគ្នា។

ភាគីអ៊ីរ៉ង់ ក៏បានឌឺដងបន្ថែមថា បើសហរដ្ឋអាម៉េរិកចង់ឃើញតម្លៃសាំងហក់ឡើងដល់ ៦ដុល្លារក្នុងមួយហ្គាឡុង នោះសហរដ្ឋអាម៉េរិកអាចបន្តការគំរាមកំហែងនេះទៀតចុះ ស្របពេលដែលរដ្ឋធានីតេហេរ៉ង់ កំពុងទាមទារឱ្យសហរដ្ឋអាម៉េរិកដកទណ្ឌកម្មសេដ្ឋកិច្ច និងដោះលែងប្រាក់ចំណូលលក់ប្រេងរាប់សិបពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងធនាគារបរទេសជាការដោះដូរ។ ទោះជាយ៉ាងណា ភាពវិជ្ជមាននៃការចរចានេះ បានរុញច្រានឱ្យតម្លៃប្រេងលើទីផ្សារសកលលោក ដួលស្រុតចុះ៦ភាគរយ មកនៅកម្រិតទាបបំផុត ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ៕



