
រដ្ឋធានីវ៉ាស៊ីនតោន៖ ស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ា កម្រើកឡើងសាជាថ្មីទៀតហើយ បន្ទាប់ពីកងទ័ពអាម៉េរិក បានបើកការវាយប្រហារផ្លូវអាកាសលើទីតាំងមីស៊ីល និងទូករាយមីនរបស់អ៊ីរ៉ង់ជាច្រើន នៅថ្ងៃទី២៦ ខែឧសភានេះ ខណៈសកម្មភាពយោធានេះ បានធ្វើឡើងចំពេលក្រុមអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ ទើបតែបានធ្វើដំណើរទៅដល់រដ្ឋធានីដូហា ប្រទេសកាតា ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាមួយអាម៉េរិក...។

ទីបញ្ជាការកណ្តាលអាម៉េរិកអះអាងយ៉ាងដូច្នេះថា ៖«កងកម្លាំងអាម៉េរិកបានបើកការវាយប្រហារការពារខ្លួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់នាថ្ងៃនេះ ដើម្បីការពារកងទ័ពរបស់យើងពីការគំរាមកំហែងនានាដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់។ គោលដៅនៃការវាយប្រហាររួមមានទីតាំងបង្ហោះមីស៊ីល និងទូកដែលព្យាយាមដាក់ពង្រាយមីន»។ តើពាក្យថា ដើម្បីការពារខ្លួននេះ គឺជាហេតុផលពិតមែន ឬគ្រាន់តែជាលេស?

ការវាយប្រហារនេះ បានអង្រួនកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយ និងធ្វើឱ្យតម្លៃប្រេងឆៅហក់ភ្លាមៗនៅក្នុងទីផ្សារអាស៊ី។ មែនទែនទៅ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទាមទារដាច់ខាតឱ្យអ៊ីរ៉ង់ប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ទាំងអស់ឱ្យអាម៉េរិក ឬបំផ្លាញចោលភ្លាមៗក្រោមការឃ្លាំមើលពីអន្តរជាតិ។ ក្រៅពីនេះ លោក ត្រាំ ចង់បង្ខំឱ្យបណ្តាប្រទេសអារ៉ាប់ធំៗ រួមមាន៖ អារ៉ាប៊ីសាអូឌីត កាតា អេហ្ស៊ីប និងតួកគី ត្រូវតែចុះហត្ថលេខាបង្កើតទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់។ ការសម្រេចចិត្តដ៏ផុយស្រួយរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថា កំពុងតែគំរាមកំហែងដល់សន្តិសុខជាតិរបស់បណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្ទកាន់តែខ្លាំងជាងមុន។

ជាមួយគ្នា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យយោធាបង្កើនល្បឿនវាយលុកកាន់តែខ្លាំងនៅក្នុងប្រទេសលីបង់ ដើម្បីកម្ទេចក្រុមហេសបូឡាហ៍ នៅប្រទេសលីបង់ ព្រមទាំងប្រកាសថា កិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរទាំងស្រុងជាមុនសិន។ ទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បង្ហាញក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងអាចនឹងលេចចេញជារូបរាង៕



