
រាជធានីបាងកក៖ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី៣ ខែមិថុនាថា ប្រទេសថៃបានត្រៀមលក្ខណៈពេញលេញ១០០ភាគរយ ក្នុងការចូលរួមក្នុងដំណើរការសម្របសម្រួលក្រោមការគាំទ្រពីអង្គការសហប្រជាជាតិ (UN) ដែលផ្តួចផ្តើមឡើងដោយប្រទេសកម្ពុជា ជុំវិញវិវាទដែនសមុទ្ទត្រួតស៊ីគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។

បើថៃធ្វើតាមសម្តីមែន ការដោះស្រាយបញ្ហាដែនសមុទ្ទជាមួយកម្ពុជា នឹងប្រព្រឹត្តតាមសន្តិវិធីក្រោមយន្តការអង្គការសហប្រជាជាតិ។ តែខ្លាចតែថៃក្រឡាស់សម្តី ប្តូរគោលជំហរ ព្រោះកន្លងមក គេតែងឃើញថៃផ្លាស់ប្តូរចុះឡើងៗបែបនេះ។ ជាក់ស្តែង ថៃលុបកិច្ចព្រមព្រៀងសម្រាប់ដោះស្រាយបញ្ហាដែនសមុទ្ទជាមួយកម្ពុជា ឬហៅថា MoU ២០០១ ដោយគ្មានជូនដំណឹងដល់កម្ពុជា ហើយក្រោយមក កម្ពុជាក៏ជ្រើសរើសយកដំណោះស្រាយតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ទ ឬ UNCLOSE តែថៃបែរជាបង្ហាញជំហរថា ចង់ចរចាទ្វេភាគីជាមួយកម្ពុជាទៅវិញ។ តើចរចាយ៉ាងម៉េច បើថៃខ្លួនឯងលុប MoU ២០០១ ចោលបាត់ទៅហើយនោះ? ក្រោយឃើញកម្ពុជា មិនអើពើចំពោះការចរចាទ្វេភាគី និងសម្រេចចិត្តម៉ឺងម៉ាត់ ដើរឆ្ពោះទៅរកអង្គការសហប្រជាជាតិ ថៃទំនងជាដឹងច្បាស់ថា មិនដឹងធ្វើម៉េច ក៏ប្រកាសព្រមចូលខ្លួនដោះស្រាយតាមយន្តការអង្គការសហប្រជាជាតិដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺលោក សីហស័ក្តិ បានសម្តែងការមិនពេញចិត្ត ដោយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តរបស់កម្ពុជាក្នុងការទៅរកយន្តការ UNCLOS នេះ អាចនឹងក្លាយជាឧបសគ្គរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងទ្វេភាគី។ រដ្ឋមន្ត្រីការបរទេសថៃ បង្ហាញការមិនពេញចិត្តនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា ថៃមិនចង់ទៅដោះស្រាយតាមយន្តការ UNCLOS ប៉ុន្មានឡើយ មិនដឹងធ្វើយ៉ាងម៉េច។

ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តបើកដំណើរការដោះស្រាយដោយប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។ តំបន់ជម្លោះដែនសមុទ្ទដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍នេះ ត្រូវបានគេប៉ាន់ប្រមាណថា មានផ្ទុកប្រភពថាមពលប្រេងកាត និងឧស្ម័នធម្មជាតិនៅក្រោមបាតសមុទ្ទ យ៉ាងមហាសាលដែលមានតម្លៃរហូតដល់ទៅប្រហែល៣០០ពាន់លានដុល្លារអាម៉េរិកឯណោះ។ គួរបញ្ជាក់ថា ចំណាត់ការខាងផ្លូវច្បាប់អន្តរជាតិរបស់កម្ពុជា បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលថៃ បានសម្រេចចិត្តលុបចោល MOU ២០០១ ដោយឯកតោភាគី និងមិនបានគិតពីផលអវិជ្ជមាន។ MOU ២០០១ គឺជាក្របខ័ណ្ឌការងារចាស់ដែលបង្កើតឡើងដើម្បីស្វែងរកការរុករកប្រេងរួមគ្នា៕





