មន្ត្រីក្រសួងសាធារណការ រកឃើញរថយន្តដឹកលើសកម្រិតកំណត់ក្នុង១គ្រឿង២៣តោន
S
Sreyleak Yith
06 កក្កដា 2025 09:00 AM

ក្រុងខេរមភូមិន្ទ៖ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅ២ទីតាំងលើផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង រកឃើញរថយន្ត៣គ្រឿងផ្ទុកលើសទម្ងន់អនុញ្ញាតចន្លោះពី២០ទៅ២៣តោន។ នេះបើជាតាមការបញ្ជាក់ពីមន្ត្រីសាធារណការ កាលពីថ្ងៃទី៥កក្កដាម្សិលមិញ​..។

មន្ត្រីសាធារណការ គូសបញ្ជាក់ថា ២ទីតាំងដែលមន្ត្រីចុះត្រួតពិនិត្យនោះមានដូចជា ចំណុចគីទ្បូម៉ែត្រលេខ៦៨ ស្រុកបុទុមសាគរ ត្រួតពិនិត្យយានយន្តចំនួន០៤គ្រឿង រកឃើញផ្ទុកទម្ងន់លើសកម្រិតកំណត់ចំនួន០២គ្រឿង ចន្លោះពី២០ដល់២១តោន។ ដោយទ្បែក មួយទីតាំងទៀត នៅចំណុចគីទ្បូម៉ែត្រលេខ៣ ស្រុកស្រែអំបិល ត្រួតពិនិត្យយានយន្តចំនួន០៣គ្រឿង ក្នុងនោះមានតែ០១គ្រឿងប៉ុណ្ណោះ ដែលផ្ទុកលើសការកំណត់ចំនួន២៣តោន។ រថយន្តចំនួន០៣គ្រឿង ដែលដឹកលើសការកំណត់ ត្រូវបានពិន័យជាប្រាក់ទៅតាមច្បាប់។

មន្ត្រីសាធារណការ សង្កត់ធ្ងន់ថា ក្រសួងនៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។ សូមរំឭកថា កាលពីថ្ងៃទី២៩ឧសភា ឆ្នាំ២០២៥កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ កុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់។ បើសិនជាដឹកលើស នោះនឹងនាំឈានដល់ការផាកពិន័យធ្វើឱ្យខាតបង់ថវិកា និងពេលវេលា នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត