
រាជធានីភ្នំពេញ៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃក្រសួងសាធារណការ បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកលើសទម្ងន់ចំនួន១០៨គ្រឿង ដែលត្រូវបានឃាត់ទុករយៈពេល១ឆ្នាំ និងបានបង់ពិន័យរួច សូមទៅទទួលយករថយន្តវិញ…។

គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី១៩មីនា ឆ្នាំ២០២៥នេះ បានអញ្ជើញឱ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តទាំងអស់ ដែលមានរថយន្តត្រូវបានឃាត់ទុកដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងក្រុមការងារជញ្ជីងចល័តនៃក្រសួងសាធារណការ ហើយបានបង់ប្រាក់ពិន័យរួចរាល់ គិតត្រឹមថ្ងៃទី៣ ខែមីនា អាចទៅទទួលរថយន្តនៅតាមទីតាំងរក្សាទុក ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៤ ខែមេសា។ ការប្រគល់រថយន្តជូនវិញ ស្ថាប័នជំនាញក៏តម្រូវឱ្យម្ចាស់រថយន្តទាំងនោះ ធ្វើកិច្ចសន្យាលែងប្រព្រឹត្តបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្តទៀត។

បើទោះបីជាមានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងប៉ុណ្ណា ការដឹកលើសទម្ងន់កម្រិតកំណត់នៅតែបន្តមាន។ ដូច្នេះ ក្រសួងសាធារណការបានប្ដេជ្ញាបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចាប់ពីថ្ងៃទី១៦ ខែមេសាតទៅ ពោលគឺបន្ថែមវិធានការចំពោះយានយន្តល្មើសដែលដឹកលើសទម្ងន់កម្រិតកំណត់ ដោយត្រូវពិន័យទាំងការផ្ទុកលើសទម្ងន់សរុប និងការផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗទាំងពីរករណីព្រមគ្នា ស្របតាមមាត្រា៦០នៃច្បាប់ស្តីពីផ្លូវថ្នល់។ ក្រសួងសង្ឃឹមថា សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពឈប់ឱ្យមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕




