មន្ត្រីជំនាញ ចាប់បានរថយន្ត៧គ្រឿងទៀតនៅក្រុងតាខ្មៅ ដឹកលើសទម្ងន់ពី៦ទៅ១៣តោន

ខេត្តកណ្តាល៖ រថយន្ដដឹកលើសទម្ងន់ចំនួន៧គ្រឿង ត្រូវមន្ត្រីជំនាញចាប់ផាកពិន័យជាប្រាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយរថយន្តទាំងនោះដឹកជញ្ជូនទំនិញធ្ងន់លើសច្បាប់កំណត់ពី៦តោន រហូតដល់១៣តោន។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

ការឆ្មក់ចុះបង្ក្រាបរបស់ក្រុមការងារត្រួតពិនិត្យចល័តចម្រុះរបស់ក្រសួងជំនាញនេះ ធ្វើឡើងនៅលើផ្លូវជាតិលេខ២១ គីឡូម៉ែត្រលេខ៦ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានត្រួតពិនិត្យយានយន្តចំនួន៩គ្រឿង ប៉ុន្តែរកឃើញរថយន្ដដឹកលើសទម្ងន់ចំនួន៧គ្រឿង។ តាមក្រសួង រថយន្តទាំង៧គ្រឿងនេះ ផ្ទុកទម្ងន់សរុបចន្លោះពី២២ ដល់៤៣តោន ហើយលើសទម្ងន់ដែលច្បាប់អនុញ្ញាតពី៦ ដល់១៣តោន។

រថយន្តទាំងនោះត្រូវបានកម្លាំងជំនាញពិន័យជាប្រាក់តាមច្បាប់ស្តីពីផ្លូវថ្នល់។ សូមរំឭកថា កាលពីថ្មីៗ​កន្លងទៅ មន្ត្រីជំនាញក៏បានចុះចាប់រថយន្តដឹកលើសទម្ងន់ចំនួន១១គ្រឿង នៅផ្លូវជាតិលេខ៦ ស្រុកមុខកំពូល ខេត្តកណ្តាល និងនៅផ្លូវជាតិលេខ១១ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ ត្រូវចូលរួមគោរពច្បាប់ ត្រូវជៀសវាងការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការផាកពិន័យ។ ក្រសួង មើលឃើញថា ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់មិនឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត