ក្រុមគោព្រៃ(U១៩)កម្ពុជា ត្រូវការឈ្នះចាំបាច់ ជំនួបចុងក្រោយជាមួយក្រុមខ្លាំងអូស្ត្រាលី
អាន ប៊ុនរ័ត្ននៈ
08 មិថុនា 2026 11:18 AM

រាជធានីភ្នំពេញ៖ ក្រោយយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន អាយុក្រោម១៩ឆ្នាំ (U19) ៣-០ នៅកីឡដ្ឋាន Madya 1 Stadium ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី៦មិថុនា ពេលនេះ ក្រុមគោព្រៃកម្ពុជា ត្រូវការឈ្នះជាចាំបាច់បំផុតក្នុងជំនួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី អាយុក្រោម១៩ឆ្នាំ(U19) ដើម្បីមានឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានឆ្នាំ២០២៦ (ASEAN U19 BOY'S CHAMPIONSHIP 2026)។

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា (U19) ធ្វើបានយ៉ាងល្អនៅប្រកួតទីមួយទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំហ្វីលីពីន (U19) ក្នុងលទ្ធផល ៣-០ មាន៣ពិន្ទុស្មើជាមួយក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី ប៉ុន្តែចាញ់គ្រាប់បាល់នាំមុខ០៧គ្រាប់ក្នុងតារាងពូល C។ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំអូស្ត្រាលី (U19) បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន យ៉ាងចាស់ដៃ ក្នុងលទ្ធផល ១០-០ កាលពីប្រកួតទី១។ ក្រោយចប់ការប្រកួតភ្លាមៗ ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ក្រុមលេខ២ល្អ ដែលអាចអ៊ុតឱកាសការប្រកួតចុងក្រោយរបស់ខ្លួន ថាធ្វើបានល្អកម្រិតណាពេលប៉ះជាមួយក្រុមកង់គូរូអូស្ត្រាលីនៅថ្ងៃទី០៩មិថុនាស្អែកនេះ។ យ៉ាងណា ក្រុមគោព្រៃកម្ពុជា លែងមានឱកាសអ៊ុតក្រុមលេខ២ល្អទៀតហើយ បន្ទាប់ពីក្រុមវៀតណាមធ្លាក់មកដណ្តើមតំណែងមួយនេះពីដៃក្រុមគោព្រៃកម្ពុជា ដែលតម្រូវឱ្យការប្រកួតចុងក្រោយ ត្រូវតែឈ្នះជាចាំបាច់ ពុំនោះទេ ក្រុមគោព្រៃកម្ពុជា នឹងអស់ឱកាសឡើងទៅលេងវគ្គ៤ក្រុមចុងក្រោយហើយ។

សូមជម្រាបថា លទ្ធផលឈ្នះក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន ៣-០ នៅកីឡដ្ឋាន Madya 1 Stadium ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី៦មិថុនា ៣គ្រាប់របស់ក្រុមគោព្រៃកម្ពុជា រកបានដោយកីឡាករ សិត មហាមេធ សូឡេស នៅនាទី០៣' និងនាទី១៣' ពោលគឺរកបានពីរគ្រាប់ម្នាក់ឯង ត្រឹមរយៈពេលប្រកួតបាន១៣នាទីប៉ុណ្ណោះ។ ចំណែកគ្រាប់បាល់ទី៣ រកបានដោយ កីឡាករ ស៊ីថា​ ម៉េងជូ នៅនាទី៣៩'។ សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះផងដែរ ក្រុមគោព្រៃកម្ពុជា ទាំងផ្នែកបុរស និងនារី ត្រូវប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ២ប្រកួត នោះគឺក្រុមគោព្រៃជម្រើសជាតិកម្ពុជា ឈុតធំជួបប្រកួតជាមួយក្រុមជម្រើសកោះហុងកុង នៃប្រទេសចិន នៅពហុកីឡដ្ឋានអន្តរជាតិអូឡាំពិក និងក្រុមគោព្រៃនារីកម្ពុជា ប្រកួតជាមួយក្រុមម្ចាស់ផ្ទះនារីឥណ្ឌូណេស៊ី នៅកីឡដ្ឋានARCAMANIK ខណៈក្រុមគោព្រៃវ័យជំទង់កម្ពុជា ជួបក្រុមខ្លាំងប្រចាំតំបន់ គឺក្រុមកង់គូរូអូស្ត្រាលី នៅកីឡដ្ឋាន Madya 1 Stadium ប្រទេសឥណ្ឌូណេស៊ី ដូចគ្នា៕

ក្រុមគោព្រៃវ័យជំទង់កម្ពុជា (U19)
ក្រុមគោព្រៃវ័យជំទង់កម្ពុជា (U19)
ក្រុមគោព្រៃជម្រើសជាតិកម្ពុជា ឈុតធំ
ក្រុមគោព្រៃជម្រើសជាតិកម្ពុជា ឈុតធំ
ក្រុមគោព្រៃនារីកម្ពុជា
ក្រុមគោព្រៃនារីកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត