ព្យុះត្រូពិច «ចាងមី» វាយប្រហារប្រទេសជប៉ុន បំផ្លាញប្រព័ន្ធអគ្គិភ័យ និងបង្កឱ្យមនុស្ស៩នាក់រងរបួស
N
Nary Vann
14 ម៉ោងមុន

រាជធានីតូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសព័ត៌មានអាសន្ន និងធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២មិថុនានេះថា ព្យុះត្រូពិច «ចាងមី» Jangmi កម្រិតធ្ងន់ បាននិងកំពុងវាយប្រហារបោកបក់យ៉ាងចាស់ដៃមកលើភាគនិរតីនៃប្រទេសជប៉ុន បន្ទាប់ពីវាបានបោកបក់កាត់កោះអូគីណាវ៉ា (Okinawa)។ គ្រោះធម្មជាតិនេះ បានបណ្ដាលឱ្យមនុស្ស ៩នាក់រងរបួស ផ្ទះសម្បែងរាប់ម៉ឺនខ្នងដាច់ចរន្តអគ្គិសនី និងធ្វើឱ្យវិស័យដឹកជញ្ជូនផ្លូវអាកាសត្រូវជាប់គាំងទាំងស្រុង...។

ឥទ្ធិពលនៃកម្លាំងខ្យល់ដ៏ខ្លាំងក្លារបស់ព្យុះចាងមី បានធ្វើឱ្យផ្ទះសម្បែងជាង៣ម៉ឺនខ្នង នៅក្នុងតំបន់ហ្កាគូស៊ីម៉ា និងជាង១៧០០០ខ្នងទៀត នៅលើកោះអូគីណាវ៉ា ត្រូវធ្លាក់ចូលក្នុងភាពងងឹតស្លុប ដោយដាច់ចរន្តអគ្គិសនី។ ជនរងគ្រោះទាំង៩នាក់ រងរបួសដោយសារកម្លាំងខ្យល់បក់បោកវត្ថុផ្សេងៗមកបោកទង្គិចនឹងរថយន្ត និងបោកបក់មនុស្សឱ្យដួលបោកនឹងដី។ ជាមួយគ្នា ក្រុមហ៊ុនអាកាសចរណ៍យក្សពីររបស់ប្រទេសជប៉ុន គឺ All Nippon Airways និងJapan Airlines បានសម្រេចចិត្តលុបចោលជើងហោះហើរសរុបជាង៦០០ជើង ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធសប្តាហ៍នេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលជប៉ុន លោក មីណូរុ គីហារ៉ា (Minoru Kihara) បានអំពាវនាវឱ្យពលរដ្ឋប្រញាប់ជម្លៀសខ្លួនទៅរកទីសុវត្ថិភាពបន្ទាន់ ព្រោះព្យុះនេះ នឹងបន្តរំកិលខ្លួនទៅភាគខាងជើង ដែលអាចនឹងរំខានដល់ប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅក្នុងរាជធានីតូក្យូថែមទៀតផង ខណៈទីភ្នាក់ងារឧតុនិយមបន្តព្រមានពីគ្រោះថ្នាក់រលកសមុទ្ទខ្ពស់ៗ គ្រោះបាក់ដី និងទឹកជំនន់ភ្លាមៗជាយថាហេតុផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត