អ៊ីរ៉ង់ប្រកាសថា មនុស្សជិត៣៥០០នាក់អស់សង្ខារ ក្នុងជម្លោះផ្ទុះអាវុធជាមួយអាម៉េរិក និងអ៊ីស្រាអែល
N
Nary Vann
មួយម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ មូលនិធិកិច្ចការទុក្ករបុគ្គល និងអតីតយុទ្ធជនរបស់រដ្ឋាភិបាលអ៊ីរ៉ង់ (Foundation of Martyrs and Veterans Affairs) បានបញ្ជាក់កាលពីថ្ងៃទី១៨ ខែមេសាថា សង្រ្គាមដ៏កាចសាហាវជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង៣៤០០នាក់ នៅក្នុងសាធារណរដ្ឋអ៊ិស្លាមមួយនេះ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA លោក អាម៉ាដ មូសាវី (Ahmad Mousavi) ប្រធានមូលនិធិ បានលើកឡើងថា មានទុក្ករបុគ្គលចំនួន៣៤៦៨នាក់ បានពលីជីវិតនៅក្នុងជម្លោះចុងក្រោយនេះ។ តួលេខថ្មីនេះបានកើនឡើងលើសពីរបាយការណ៍កាលពីថ្ងៃទី១២ ខែមេសា ដែលកាលនោះអង្គការវេជ្ជសាស្ត្រច្បាប់អ៊ីរ៉ង់ បានកត់ត្រាចំនួនអ្នកស្លាប់ត្រឹម៣៣៧៥នាក់។ យ៉ាងណាមិញ ភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានបង្ហាញតួលេខខ្ពស់ជាងនេះ ដោយប៉ាន់ប្រមាណថា  ចំនួនអ្នកស្លាប់មានរហូតដល់៣៦៣៦នាក់ ក្នុងនោះរួមមានជនស៊ីវិល១៧០១នាក់ (រួមទាំងកុមារ២៥៤នាក់) បុគ្គលិកយោធា១២២១នាក់ និងមនុស្សប្រហែល៧១៤នាក់ទៀតដែលមិនទាន់អាចកំណត់អត្តសញ្ញាណបាន។ 

ស្ថានភាពនៃការរាយការណ៍នៅតែមានភាពតឹងរ៉ឹង ខណៈទីភ្នាក់ងារព័ត៌មានអន្តរជាតិ មិនអាចចូលទៅកាន់ទីតាំងរងការវាយប្រហារដោយផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់ចំនួនអ្នកស្លាប់ និងរបួសដោយឯករាជ្យបានឡើយ។ ការប្រកាសតួលេខអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងចំពេលដែលបទឈប់បាញ់រយៈពេល២សប្តាហ៍កំពុងអនុវត្ត ដែលមហាអំណាចពិភពលោកសង្ឃឹមថានឹងក្លាយជាច្រកចេញឆ្ពោះទៅរកការបញ្ចប់សង្រ្គាមដែលបានបង្កវិនាសកម្មដល់ជីវិតមនុស្ស និងសេដ្ឋកិច្ចសកលលោកយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត