បទវិចារណកថា៖ ទុក្ខសោកនៅលីបង់ ជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាមរបួសដ៏ឈឺចាប់របស់ពលរដ្ឋខ្មែរ ក្រោមស្នាដៃយោធាថៃឈ្លានពាន
ហៀប ស៊ីថេត
7 ម៉ោងមុន

សង្គ្រាមវាយប្រហារលើពលរដ្ឋលីបង់ ទុក្ខវេទនាកំពុងតាមលងបន្លាចជីវិតប្រជាជនលីបង់យ៉ាងស្ងៀមស្ងាត់ នោះគឺ «ភាពអត់ឃ្លាន» ខណៈមនុស្សម្នារ រួមទាំងមនុស្សចាស់ ជនពិការ និងក្មេងៗជាង១លាននាក់ កំពុងដេកឱបក្រពះ​ សម្លឹងមើលទៅដីស្រែចម្ការដែលកំពុងរងពីការវាយប្រហារដោយគ្រាប់បែក ទាំងឈឺចាប់ខ្លោចផ្សាបំផុត។ យ៉ាងណា រូបភាពដ៏ខ្លោចផ្សានេះ បានរំលឹកឱ្យឃើញនូវស្នាមរបួសក្នុងបេះដូងនៃពលរដ្ឋខ្មែរ ជាពិសេស នៅពេលទឹកដីតាមព្រំដែនត្រូវរងនូវការឈ្លានពានយ៉ាងសាហាវយង់ឃ្នងពីសំណាក់យោធាថៃ ដែលបានធ្វើឱ្យជនស៊ីវិលស្លូតត្រង់ត្រូវរត់ចោលផ្ទះសម្បែង ដីស្រែចម្ការ សាលារៀន វត្តអារាម និងទ្រព្យសម្បត្តិ...។  

ថ្លែងនៅទឹកដីនៃប្រទេសលីបង់ លោក ម៉ាវ៉ាន់ រីស (Marwan Rizk) មានវ័យ៥០ឆ្នាំ ដែលបានចំណាយពេញមួយជីវិតរបស់លោក ចិញ្ចឹមឃ្មុំលើទឹកដីកំណើត បានពោលទាំងទឹកភ្នែកថា៖«វាគឺជាការបំផ្លិចបំផ្លាញដ៏គួរឱ្យរន្ធត់បំផុត យើងបានខំធ្វើការ ខំប្រឹង និងខំលះបង់ ប៉ុន្តែចុងក្រោយ គឺគ្មានសល់អ្វីទាំងអស់។ ៥០ឆ្នាំនៃញើសឈាមរបស់ខ្ញុំ ឥឡូវរលាយបាត់អស់ហើយ សូម្បីតែរថយន្តរបស់ខ្ញុំ ក៏ត្រូវក្លាយជាសំណល់អេតចាយដោយសារតែគ្រាប់បែកដែរ»។ ចំណែកកសិករម្នាក់ទៀត ឈ្មោះ ហាំហ្សា អ៊ីសា (Hamza Issa) បានសម្លឹងមើលចម្ការត្រឡាចរបស់ខ្លួនទាំងក្ដីអស់សង្ឃឹម។ ផ្លែត្រឡាចដែលធ្លាប់តែជាក្ដីសង្ឃឹមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ឥឡូវវាបានរលួយ និងក្រៀមស្វិតស្រពោនដោយសារខ្វះទឹក និងត្រូវបោះបង់ចោលក្នុងពេលរត់ភៀសខ្លួន។ លោកនិយាយទាំងអួលដើម-កថា៖«ដោយសារមនុស្សត្រូវរត់ចោលផ្ទះសម្បែង ដំណាំទាំងឡាយត្រូវវិនាសអស់។ គ្មាននរណាម្នាក់អាចដាំដំណាំ នៅក្រោមដំណក់ទឹកភ្លៀងនៃគ្រាប់បែករបស់អ៊ីស្រាអែលបានឡើយ»

រីឯកសិករម្នាក់ទៀត បាននិយាយទាំងក្ដុកក្ដួលថា លោកទើបនឹងចំណាយប្រាក់២ម៉ឺនដុល្លារ ជាប្រាក់សន្សំចុងក្រោយ ដើម្បីជួសជុលកសិដ្ឋានដែលខូចខាតដោយសារសង្រ្គាមឆ្នាំមុនឡើងវិញ តែមិនទាន់បានផលផង សង្រ្គាមថ្មីក៏មកដល់ ធ្វើឱ្យលោកត្រូវរត់ចោលផ្ទះសម្បែងម្ដងទៀត។ រឿងរ៉ាវដ៏ខ្លោចផ្សានៅលីបង់នេះ បានដាស់ស្មារតី និងរំលឹកឱ្យឃើញយ៉ាងច្បាស់នូវការឈឺចាប់ ដែលមិនអាចបំភ្លេចបានសម្រាប់ប្រជាជនខ្មែរ ជាពិសេស បងប្អូនរស់នៅតាមបណ្ដោយព្រំដែន ដែលរងគ្រោះដោយសារការឈ្លានពានរបស់យោធាថៃ។ ក្នុងកំលុងពេលថៃឈ្លានពាន សម្រែកនៃការទួញសោកបានលាន់ឮខ្ទរពេញភូមិ ខណៈគ្រាប់កាំភ្លើងធំ គ្រាប់បែក ផ្សែងពុល និងគ្រាប់កាំភ្លើងរបស់ចោរឈ្លានពាន បានធ្លាក់ដូចទឹកភ្លៀង បង្ខំឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជាត្រូវរត់ចោលផ្ទះសម្បែង ចោលទ្រព្យសម្បត្តិ ចោលដីស្រែចម្ការ ដែលខ្លះខំសន្សំស្ទើរពេញមួយជីវិត។

នៅកណ្តាលអាធ្រាត្រ ដៃម្ខាងឱបកូន ដៃម្ខាងយួរថង់អង្ករ រត់គេចគ្រាប់កាត់វាលស្រែហើយផ្ទះសម្បែងដែលជាជម្រកផ្ដល់ភាពកក់ក្ដៅ ត្រូវក្លាយជាចំណីគ្រាប់បែប និងគ្រាប់កាំភ្លើងរបស់យោធាឈ្លានពាន ទាំងដែលសត្វពាហនៈងាប់គរជើងគ្នា។ ជាមួយគ្នានោះ ដីស្រែជនស៊ីវិលរាប់សិបហិកតា ត្រូវបោះបង់ចោល ឯដំណាំបន្លែបង្ការត្រូវស្រពោនក្រៀមស្វិត ស្អុយរលួយ។ សំឡេងនៃការជួបជុំសាច់ញាតិ សើចសប្បាយហ៊ោកញ្ជៀវ ជំនួសមកវិញដោយស្នូរគ្រាប់បែកទម្លាក់ពីយន្តហោះចម្បាំង កាំភ្លើងផ្លោង ផ្ទុះឮលាន់ទ្រហឹងអឺងកង ខណៈផ្សែងខ្មៅខ្មួលខ្មាញ់គ្របដណ្ដប់ទូទាំងភូមិឋានជនស៊ីវិលកម្ពុជា។ ជំរំភៀសសឹកបណ្ដោះអាសន្ន ពោរពេញដោយពលរដ្ឋខ្មែររស់នៅព្រំដែន ដែលត្រូវបង្ខំចិត្តរត់មកជ្រកកោនស្នាក់អាស្រ័យក្នុងតំបន់សុវត្ថិភាព។ ពួកគាត់ ត្រូវរស់នៅទាំងក្ដីឈឺចាប់ និងបារម្ភពីលំនៅឋាន ដីស្រែចម្ការច្បារដំណាំ សត្វគោក្របីរបស់ខ្លួន ដែលត្រូវបានចោរសៀមទន្ទ្រានឈ្លានពានយក។

សម្រែកដ៏ឈឺចាប់មួយទៀតនោះគឺ សូម្បីតែសង្គ្រាមត្រូវបានបញ្ចប់ដោយបទឈប់បាញ់ហើយក៏ដោយ ក៏យោធាថៃនៅបន្តឈ្លាពានកាន់កាប់ដោយខុសច្បាប់លើទីតាំងរបស់ពួកគាត់ដដែល។ ទន្ទឹមនោះ ពួកគេ ក៏បានឈូសឆាយផ្ទះសម្បែង វត្តអារាម សាលារៀន និងសំណង់អគាររដ្ឋរបស់ប្រទេសកម្ពុជាឱ្យរាបទាបដល់ដី ដែលសកម្មភាពទាំងនេះ ស-បញ្ជាក់ឱ្យឃើញថា មិនថា នៅលីបង់ ឬកម្ពុជាទេ សង្គ្រាមមិនបានផ្ដល់ផលវិជ្ជមានដល់មនុស្សជាតិឡើយ ប៉ុន្តែវាជាការបំផ្លាញ និងផ្តល់នូវទុក្ខវេទនាដល់ជនស៊ីវិលយ៉ាងខ្លោចផ្សារបំផុត។ ទោះជាយ៉ាងណា ភាពឈឺចាប់របស់ប្រជាជនខ្មែរ ក្នុងគ្រាដែលយោធាថៃឈ្លានពាន គឺជាមេរៀនប្រវត្តិសាស្ត្រមួយដែលមិនអាចបំភ្លេចបាន ទន្ទឹមនឹងប្រជាជនភៀសសឹក តែងចោទសួរគ្នាទៅវិញទៅមកថា តើថ្ងៃណា..ពួកគាត់អាចត្រវិលឡប់ទៅផ្ទះសម្បែង ភូមិឋាន និងទឹកដីកំណើត ដើម្បីបន្តដង្ហើមជីវិតថ្មីម្ដងទៀតបាន?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត